ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថា សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ដើម្បីស្តារវិស័យទេសចរណ៍តំបន់ និងអន្តរជាតិឡើងវិញ ប្រកបដោយចីរភាពនៃកំណើន។
ក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិកាលពីថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមលោក ថោង ខុន លើកឡើងថា នៅចំពោះមុខ វ៉ាក់សាំងកូវីដ ១៩ នៅតែជាគន្លឹះក្នុងការកសាងនូវទំនុកចិត្តទេសចរក្នុងការធ្វើដំណើរ។
លោកបញ្ជាក់ថា៖ «ចំពោះមុខដែលពិភពលោកបានទទួលយកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ពោលគឺរស់នៅជាមួយកូវីដ ១៩ វ៉ាក់សាំងជាឧបករណ៍តែមួយគត់ចូលរួមដល់ការធានាអាយុជីវិតប្រជាពលរដ្ឋ ទេសចរ ក៏ដូចជាស្តារនូវទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរ។ ដូចនេះគោលដៅទេសចរណ៍ទាំងឡាយគួរបន្ត និងបង្កើនការចាក់វ៉ាក់សាំង»។
នៅចំពោះមុខលោក វុ ឌឹកដាម (Vu Duc Dam) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ដ្រីវៀតណាម ព្រមទាំងរដ្ឋមន្ត្រីទេសចរណ៍វៀតណាម មីយ៉ាន់ម៉ា ឡាវ អនុរដ្ឋមន្ត្រី តំណាងអាជ្ញាធរទេសចរណ៍ អគ្គកុងស៊ុលប្រទេសសមាជិកអាស៊ាន និងផ្នែកឯកជនអន្តរជាតិប្រមាណ ៣៥០ នាក់ លោកជំរុញឱ្យមានការបើកសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញស្របតាមបរិបទគន្លងប្រក្រតីភាពថ្មី ស្របផែនទីចង្អុលផ្លូវ ឬយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំនានា ដោយតម្កល់អាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។
លោកថ្លែងថា៖ «សមាជិកអាស៊ានទាំងអស់គួរពិចារណាជំរុញទេសចរណ៍ផ្ទៃក្នុងអាស៊ាន ស្របតាមចក្ខុវិស័យ «អាស៊ានសម្រាប់អាស៊ាន» ក៏ដូចជាទេសចរណ៍ក្នុងក្របខ័ណ្ឌអនុតំបន់ដូចជាបណ្ដាប្រទេសអេកម៉ិក (ACMECS) និងប្រទេសមហាអនុតំបន់ទន្លេមេគង្គ»។
រដ្ឋមន្ត្រីរូបនេះបន្តថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដៃគូអាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ពិភពលោកគួរបន្តពង្រឹងការអភិវឌ្ឍធនធានមនុស្ស ជំរុញការតភ្ជាប់ឌីជីថល ជំរុញនវានុវត្តន៍ និងគំនិតច្នៃប្រឌិតក្នុងបរិបទឧស្សាហកម្មជំនាន់ ៤.០ និងនិន្នាការអនាគតនៃវិស័យទេសចរណ៍៕