
លោក ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Jyotsana Varma កាលពីថ្ងៃទី ៨ កញ្ញា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យលោកស្រី Jyotsana Varma ដែលទើបទទួលបានការតែងតាំងជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំ កម្ពុជាពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើគម្រោង ថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន។
លើសពីនេះ លោកក៏បានស្នើឱ្យ ADB ពិនិត្យលទ្ធភាពជួយលើគម្រោងផែនការមេដឹកជញ្ជូនសាធារណៈ ក៏ដូចជាចូលរួមគាំទ្រ និងសហការជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានស្នើបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma កាលពីថ្ងៃទី ៨ កញ្ញា នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន។
បើតាមហ្វេសប៊ុកក្រសួងសាធារណការ លោកស្រីនាយិកា ADB បានសម្ដែងនូវឆន្ទៈយ៉ាងមុតមាំ ក្នុងការបន្តសហការជាមួយក្រសួង សាធារណការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោកស្រី Jyotsana Varma ដែលបានអញ្ជើញមកបំពេញបេសកកម្មជានាយិកាថ្មីនៃ ADB ប្រចាំកម្ពុជា និងបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ADB ដែលតែងតែជួយគាំទ្រស្ទើរគ្រប់វិស័យលើការអភិវឌ្ឍកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យដឹកជញ្ជូនសាធារណៈ។
ជាការឆ្លើយតប លោកស្រីនាយិកាបានសម្ដែងនូវចំណាប់អារម្មណ៍ និងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ចូន ក្រោមកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្នុងជំនួបនេះដែរ លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើន ដែលក្រសួងបាន និងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត និងការអភិវឌ្ឍឱ្យកាន់តែមានភាពរីកចម្រើន និងទំនើប ជាពិសេសការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
សូមជម្រាបជូនថា លោកស្រី Jyotsana Varma បានបំពេញការងារក្នុងវិស័យអភិវឌ្ឍន៍នេះ អស់រយៈពេលជាង ២៩ ឆ្នាំ មកហើយ។ លោកស្រីត្រូវបានតែងតាំងជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ ២០២២ ថ្មីៗនេះ៕