ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ជាតិឆ្នាំ២០២២នេះ ប៉ុន្តែពិធីទាំងនេះធ្វើទៅបាននៅតាមបណ្តារាជធានីខេត្តទូទាំងប្រទេស តាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ។
តាមសេចក្តីប្រកាសព័ត៌មាននោះរាជរដ្ឋាភិបាលមិនបានបញ្ជាក់ច្បាស់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យនេះទេ ប៉ុន្តែ ចំពោះការរៀបចំពិធីបុណ្យអុំទូកកម្សាន្តសប្បាយនៅតាមបណ្តាខេត្តអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្តែង ដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងសេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលបញ្ជាក់ថា៖ «នៅតាមបណ្តារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាម លទ្ធភាពជាក់ស្តែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជា ផ្តល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ»៕