ភ្នំពេញៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចាត់ទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តគឺជាវីរបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក ហើយមកចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ ១៩ ដើម្បីបុព្វហេតុប្រជាជន និងសង្គមជាតិ។
លោកថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៦ ០០០ នាក់ នាថ្ងៃទី ១១ ខែកញ្ញា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ានី ដែលជាប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរនោះ បានចាត់ទុកការជួបជុំនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យសមាជិកទាំងនោះបានមកជុំគ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំបែបនេះ។
លោកថ្លែងថា៖ «លទ្ធផលដែលធ្វើឱ្យពិធីជួបសំណេះសំណាលនេះកើតមានឡើង គឺបានមកពីការចូលរួម១ផ្នែកធំពីក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នាដើម្បីបុព្វហេតុឧត្តុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ»។
លោក ហ៊ុន ម៉ានី បន្តថា បើទោះបីជាសមាជិកមានការងារគោលផ្សេងៗគ្នា និងមមាញឹកយ៉ាងណាក្តី ក្រុមការងារនេះបានដាក់ការងារខ្លួនដោយឡែក ហើយមករួបរួមគ្នាដើម្បីចូលរួមការងារស្ម័គ្រចិត្តក្នុងការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
លោកក៏បានសរសេរលើហ្វេសប៊ុកនាថ្ងៃទី ១១ ខែកញ្ញាថា៖ «ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបដែលវត្តមាននៅក្នុងពិធីនេះ និងនៅតាមមូលដ្ឋាន ដែលបានឈរជួរមុខក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ ១៩»។
លោក ហ៊ុន ម៉ានី ថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះបានលះបង់ពេលវេលាក្នុងបេសកកម្ម និងសកម្មភាពមនុស្សធម៌ដើម្បីបម្រើប្រជាពលរដ្ឋក្នុងបុព្វហេតុសង្គមជាតិ។ សកម្មភាពមនុស្សធម៌នេះគឺកើតចេញពីទឹកចិត្តនៃការស្រឡាញ់ និងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងតាមរយៈផ្តល់សេវាសុខុមាលភាពឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងយុទ្ធនាការប្រឆាំងកូវីដ១៩ និងការចាក់វ៉ាក់សាំងផងដែរ។
លោកបន្តថា ពី ១ ថ្ងៃទៅ ១ ថ្ងៃ មហាគ្រួសារទាំង ២ គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានរីកធំធាត់ជាបន្តបន្ទាប់ ព្រោះបានប្រមូលផ្តុំយុវជនដែលមានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ មកចូលរួមជួយសង្គមជាតិជាមួយចំណេះជំនាញដែលខ្លួនមាន។
ប្រធាន ស.ស.យ.ក. រូបនេះ បញ្ជាក់ថាៈ «ឈរលើស្មារតីជឿជាក់លើប្រទេសជាតិខ្លួននេះហើយ ដែលបានធ្វើឱ្យបេសកកម្មរបស់សហភាពសហព័ន្ធយុវជន និយាយជារួម និងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និយាយដោយឡែក តែងទទួលបានការគាំទ្រ ស្រឡាញ់រាប់អាន និងការទទួលស្គាល់ពីស្រទាប់មហាជនគ្រប់មជ្ឈដ្ឋាន។ យើងស្វាគមន៍ជានិច្ចបងប្អូនយុវជនកម្ពុជាក្នុងការចូលរួមដំណើរជាមួយគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីអនាគតកម្ពុជារុងរឿង»។
លោក ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាប្រធានក្រុមការងារសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីនេះថា សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើង និងដឹកនាំដោយលោក ហ៊ុន ម៉ានី តែងតែចុះទៅពិនិត្យដោយផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។
លោក ហេង សុខគង់ ប្តេជ្ញាចិត្តបន្តបេសកកម្មចូលរួមសកម្មភាពស្ម័គ្រចិត្តដើម្បីជួយសង្គមជាតិបន្ថែមទៀត៕