ភ្នំពេញៈ គណបក្សនយោបាយចំនួន ៣ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សជាតិនិយមបាននិងកំពុងជជែកគ្នាលម្អិតពីការរួបរួមបញ្ចូលគ្នាដែលគ្រោងធ្វើនៅចុងខែកញ្ញាខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជានៅថ្ងៃទី ១១ កញ្ញា។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា៖ «មកដល់ពេលនេះ មានគណបក្សកែទម្រង់កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ និងគណបក្សជាតិនិយម បានជជែកឯកភាពក្នុងការរួបរួមចូលគ្នាតែមួយ»។
ទោះជាយ៉ាងណា អនុប្រធានគណបក្សកែទម្រង់កម្ពុជារូបនេះបានថ្លែងថា គណបក្សទាំង ៣ នៅមិនទាន់សម្រេចជាផ្លូវការនូវការរួបរួមនេះថា នឹងត្រូវយកគណបក្សណាមួយមកតំណាងឬត្រូវបង្កើតគណបក្សនយោបាយថ្មីនៅឡើយទេ។លោកបានពន្យល់ថា ការងារនេះកំពុងជជែកលម្អិត ពីគម្រោងរួបរួមគ្នានេះ ហើយក៏កំពុងត្រៀមប្រកាសនៅចុងខែកញ្ញានេះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការរួបរួមរបស់គណបក្សនយោបាយទាំង៣ មានឥទ្ធិពលតិចតួចប៉ុណ្ណោះសម្រាប់ការបោះឆ្នោតពេលខាងមុខ។
លោកបានបញ្ជាក់ថា៖ «ទី១ ភាពទាក់ទាញនៅមានកម្រិត ដ្បិតជាគណបក្សមិនមានឥទ្ធិពលស្រាប់។ ដូចដែលឃើញស្រាប់ គណបក្សទាំង៣នេះ ជាគណបក្សមិនសូវមានប្រជាប្រិយភាព មិនអាចក្លាយជាកម្លាំងនយោបាយប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាបានទេ។ ទី២ ការរួបរួមនេះ ត្រូវប្រឈមនឹងបញ្ហាការយល់ឃើញជាអវិជ្ជមានមួយចំនួន ព្រោះបក្សទាំងនោះ សុទ្ធតែជាគណបក្សបែកចេញអតីតគណបក្សសង្គ្រោះជាតិ។ ដូច្នេះភាពយល់គ្នា ស្មោះត្រង់នឹងគ្នា នឹងនៅតែជាបញ្ហា»។
សូមជម្រាបថា ការជជែករវាងគណបក្សនយោបាយមួយចំនួនអំពីការរួបរួមនិងការចងសម្ព័ន្ធភាពគ្នានេះកើតឡើងក្រោយពេល ដែលគណបក្សទាំងនោះបានចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ដោយទទួលបានលទ្ធផលមិនសូវល្អ។ ចេតនានៃការរួបរួម និងចងសម្ព័ន្ធភាព គឺដើម្បីកៀងគរសំឡេងឆ្នោត នៅឆ្នាំ ២០២៣ ដែលជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ។
ស្របពេលដែលគណបក្សទាំង ៣ ខាងលើត្រៀមនឹងប្រកាសពីការរួបរួមនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់សំណើនិងជម្រើសចំនួន ៣ ដល់គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា ដែលជម្រើសទាំងនោះរួមមាន ១ ការចែកមណ្ឌលគ្នាឈរឈ្មោះ ២ ការរួមគ្នាឈរឈ្មោះក្រោមឆត្របក្សដែលមានស្រាប់ណាមួយ និង៣ ការរួមគ្នាបង្កើតបក្សថ្មី ១ ទៅកាន់គណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នាដើម្បីចូលរួម «សម្ព័ន្ធភាពនយោបាយ ២០២៣»។ក៏ប៉ុន្តែនៅថ្ងៃទី ១១ កញ្ញា គណបក្សភ្លើងទៀនបានបដិសេធដោយយល់ថា មិនមានភាពចាំបាច់និងមិនមានពេលគ្រប់គ្រាន់ ខណៈគណបក្ស៣ទៀតបានបង្ហាញឆន្ទៈរួបរួមតាមរបៀបផ្សេងៗគ្នា៕
វីដេអូ៖