ភ្នំពេញៈ ធនាគារវិនិយោគអឺរ៉ុប គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង ក្រោយពីរយៈពេលកន្លងមក ធនាគារវិនិយោគអឺរ៉ុប បានវិនិយោគលើគម្រោងនានា មានទំហំទឹកប្រាក់សរុប ២៤០ លានអឺរ៉ូ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា។
ការបង្ហាញគម្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា របស់ធនាគារវិនិយោគអឺរ៉ុបនេះ តាមរយៈជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងគណៈប្រតិភូធនាគារវិនិយោគអឺរ៉ុប (European Investment Bank) ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប កាលពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
ក្នុងជំនួប លោក សាយ សំអាល់ បានលើកអំពីស្ថានភាពកម្ពុជាថា មកទល់បច្ចុប្បន្ន កម្ពុជាបានកសាងមូលដ្ឋានគ្រឹះនៃជាតិ និងរដ្ឋមួយរឹងមាំ ដែលមានឯករាជ្យ សន្តិភាព អធិបតេយ្យ ឯកភាពជាតិ បូរណភាពទឹកដីពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ចុងក្រោយរបស់ខ្លួន។ លោកក៏បានលើកឡើងពីភាពជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលបាន ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩ ដែលធ្វើឱ្យកម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចវិជ្ជមាន។
លោក Kris Peeters បានអបអរសាទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននាពេលកន្លងមក និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយធនាគារវិនិយោគអឺរ៉ុបលើគម្រោងនានា ដែលមានទំហំទឹកប្រាក់សរុប ២៤ ០លានអឺរ៉ូ។
លោកថ្លែងថា៖ «ធនាគារវិនិយោគអឺរ៉ុប គ្រោងនឹងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសលើគម្រោងវិនិយោគបៃតង និងការប្រឹក្សាយោបល់បន្ថែម ដើម្បីទទួលកម្ចី និងហិរញ្ញប្បទានបៃតង»។
លោក សាយ សំអាល់ ក៏បានឆ្លើយតបទៅភាគីធនាគារអឺរ៉ុប ពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានលើគម្រោងអាទិភាពមួយចំនួន ដូចជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទិញផលិតផលសហគមន៍នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។
ការជួយស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ការទិញឥណទានកាបូន ការវិនិយោគលើថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបៃតង។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងរៀបចំ ភូមិរុនតាឯកឱ្យក្លាយជាភូមិធម្មជាតិគំរូផងដែរ។
តាមរបាយការណ៍របស់ក្រសួងបរិស្ថានបច្ចុប្បន្ន ទីតាំងទេសចរណ៍ធម្មជាតិ មានប្រមាណ ១០០ ទីតាំង ក្នុងតំបន់ការពារធម្មជាតិសរុប ៧៦ ក្នុងនោះមាន ៤០ ទីតាំងកំពុងដំណើរការ។ រីឯ ២៦ ទីតាំង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលគ្របដណ្តប់លើផ្ទៃដី ៤០ ៣៤០ ហិកតា ហើយមានប្រជាជនចំនួន ៦ ៣០៤ គ្រួសារជាអ្នកចូលរួមដោយផ្ទាល់។ ភ្ញៀវទេសចរទៅកម្សាន្តតំបន់ទេសចរណ៍ផ្សារភ្ជាប់ទឹកដីមានការកើនឡើងក្នុងឆ្នាំ ២០២២ ដែលគិតត្រឹមខែមិថុនាមានចំនួន ៤១៥ ៤៦៥ នាក់។
ក្រសួងបញ្ជាក់ថា ទោះបីនៅមានការងារជាច្រើនទៀតដែលត្រូវបន្តធ្វើក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋានក្តី ក្រសួងបានសម្រេចប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិទាំង ១៩០ ជាបណ្តាញ និងជាដៃគូរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកសាងទំនុកចិត្ត រវាងរដ្ឋបាលមូលដ្ឋាន និងសហគមន៍។ សហគមន៍តំបន់ការពារធម្មជាតិ ១៩០ នេះគ្របដណ្ដប់លើផ្ទៃដីទំហំ ៣២៤ ២៣៨ ហិកតា នៅតំបន់ការពារធម្មជាតិ ចំនួន ៣៤ ក្នុងភូមិចំនួន ៣៥៦ ភូមិ ១១៤ ឃុំ និង ១៦ ខេត្ត។
ការចងក្រងបណ្តាញសហគមន៍ ជាយន្តការមួយផ្តល់ឱកាសដល់សហគមន៍មូលដ្ឋាន ធ្វើជាដៃគូពិភាក្សា និងចរចាជាមួយរាជរដ្ឋាភិបាលទៅលើតម្រូវការ និងបញ្ហានានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងពង្រឹងកិច្ចការពារ និងអភិរក្ស ធនធានធម្មជាតិ។
ក្រសួងក៏បានផ្ដល់ការគាំទ្របច្ចេកទេស ថវិកា ពូជសត្វ ដំណាំ និងកិច្ចសម្របសម្រួល ជាមួយផ្សារទំនើបមួយចំនួន ដើម្បីដាក់លក់ផលិតផលសហគមន៍ ហើយកំពុងបន្តជំរុញលើកកម្ពស់ស្ថានភាពជីវភាពសហគមន៍ តាមរយៈការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គការ ជាដៃគូ និងផ្នែកឯកជនពាក់ព័ន្ធ ក្នុងការអនុវត្តគោលនយោបាយនានារបស់រដ្ឋជាអាទិ៍ កសិកម្មទំនើប អភិវឌ្ឍន៍ជនបទ ទេសចរណ៍ធម្មជាតិ ការអប់រំសម្រាប់ទាំងអស់គ្នា សុខភាពសហគមន៍ មន្ទីរពេទ្យ បង្គន់អនាម័យ ទឹកស្អាត និងអាហារូបត្ថម្ភជាដើម។
ក្រសួងបាននិងកំពុងសម្របសម្រួល ដើម្បីប្រែក្លាយការដាំឈើ ដែលមានការលូតលាស់លឿន នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដែលមានលក្ខខណ្ឌធម្មជាតិអំណោយផល និងសក្តានុពលសេដ្ឋកិច្ចខ្ពស់ ទៅជាច្រកយុទ្ធសាស្ត្រមួយឆ្ពោះទៅកាត់បន្ថយសម្ពាធលើព្រៃធម្មជាតិ និងបំពេញតម្រូវការឈើឧស្សាហកម្ម ដែលជានិន្នាការទីផ្សារសកល ក៏ដូចជាជួយពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតងរបស់កម្ពុជា បានកំណត់និយមន័យ ការវិនិយោគបៃតង ដូច្នេះថា៖ «វិនិយោគបៃតង សំដៅដល់គម្រោង ឬសកម្មភាពវិនិយោគលើការអភិវឌ្ឍបៃតង ដោយផ្តោតលើបច្ចេកវិទ្យាបៃតង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បរិស្ថានបៃតង និងធនធានធម្មជាតិ ធនធានទឹក និងអនាម័យ សន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ការប្រើប្រាស់ដីធ្លីប្រកបដោយនិរន្តរភាព គមនាគមន៍ ឧស្សាហកម្ម និងថាមពល និងទេសចរណ៍បៃតង» ។
គួរបញ្ជាក់ថា ធនាគារវិនិយោគអឺរ៉ុប បានផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន។ នៅអំឡុងពេលនេះ ធនាគារវិនិយោគអឺរ៉ុប បានដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២៤០ លានអឺរ៉ូ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត ដែលអាចទទួលទានបាននៅរាជធានីភ្នំពេញ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅតាមទីជនបទជាដើម៕