ភ្នំពេញៈ កម្ពុជានឹងប្រកាសអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ ជាផ្លូវការនាដើមខែតុលាខាងមុខ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់សុខាភិបាលកម្ពុជា និងតំណាងប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ព្រមទាំងក្រុមការងារធនាគារពិភពលោក បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី ១២ កញ្ញា។
ក្នុងកិច្ចពិភាក្សានោះបានធ្វើឡើង រវាងលោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងចំនួន ៤ រួមមាន គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ទាំង ២ ដំណាក់កាល គម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ ១៩ (COVID-19 ERP) និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា(CNP) ជាមួយលោកស្រី Aparnaa Somanathan ប្រធានផ្នែកសុខភាព អាហារូបត្ថម្ភ និងប្រជាជនប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ព្រមទាំងក្រុមការងារធនាគារពិភពលោក។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ការជួបពិភាក្សានេះ គឺផ្តោតលើការងារស្តីពី Health Nutrition and Population portfolio និងបច្ចុប្បន្នភាព នៃការអនុវត្តគម្រោងចំនួន ៤ គឺគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី១ និងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ គម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ ១៩ និងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
ក្រសួងអះអាងថា ក្នុងនោះ ភាគីទាំង ២ ក៏បានប្រកាសបន្តក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ នាដើមខែតុលាខាងមុខផងដែរ។
ក្រសួងបានបញ្ជាក់ថា៖ «គម្រោង H-EQIP ដំណាក់កាលទី២នេះ បាននិងកំពុងអនុវត្តហើយ ព្រោះគម្រោង H-EQIP ដំណាក់កាលទី១ បានបញ្ចប់។ ប៉ុន្តែ(ក្រសួង) នឹងប្រកាសជាផ្លូវការនៅខែ ១០ ខាងមុខនេះ»។
បើតាមក្រសួងសុខាភិបាល គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលនេះ គឺដើម្បីធានា និងបង្កើននូវប្រសិទ្ធភាព គុណភាព និងសុវតិ្ថភាពក្នុងការផ្តល់សេវាជូនប្រជាជនកម្ពុជា។ ក្រសួងបន្តថា គម្រោង ១ នេះ គឺជាគម្រោង ១ ដែលមានថវិកាចំនួនធំៗសម្រាប់ដំណើរការអនុវត្ត គឺទី១ កញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទី២ កញ្ចប់ថវិកាជំនួយ និងទី៣ កញ្ចប់ថវិកាដែលជាគម្រោងឥណទានសម្បទាន(កម្ចី)។
ក្នុងឱកាសជួបពិភាក្សានោះ លោកស្រី យក់ សម្បតិ្ត តំណាងឱ្យរដ្ឋមន្រី្តក្រសួងសុខាភិបាល ប្រកាសសាទរចំពោះលោកស្រីប្រធានផ្នែកសុខភាព អាហារូបត្ថម្ភ និងប្រជាជន ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាពិសេសធនាគារពិភពលោក ដែលបានសម្របសម្រួលជាមួយដៃគូ ក្នុងការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា ការអនុវត្តគម្រោងនេះក្នុងដំណាក់កាលទី១ គឺទទួលបានការរីកចម្រើន និងវឌ្ឍនភាព ហើយលោកស្រី អះអាងថា កម្ពុជានឹងខិតខំបន្តអនុវត្តសហការជាមួយគ្នាបន្តទៀត។
លោកស្រី Aparnaa Somanathan បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមការងារបច្ចេកទេស និងអ្នកអនុវត្តន៍គម្រោងទាំងអស់ បន្ទាប់ពីបានសហការយ៉ាងល្អជាមួយនឹងដៃគូអភិវឌ្ឍន៍នានា ជាមួយធនាគារពិភពលោក ក្នុងកិច្ចសហប្រតិបតិ្តការគ្នាក្នុងការអនុវត្តគម្រោងទាំង៤នេះ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាល នាពេលកន្លងទៅ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ នឹងមានរយៈពេល ៥ ឆ្នាំ ដែលមានសុពលភាពអនុវត្តចាប់ពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ តទៅ។
គម្រោងនេះ នឹងចូលរួមផ្តល់សេវាពិនិត្យរក និងព្យាបាលជំងឺមិនឆ្លងក្នុងវិសាលភាពទូទាំងប្រទេស ជាពិសេសនោះ គឺផ្តោតសំខាន់លើសេវាពិនិត្យរក និងព្យាបាលការរលាក មុនដំណាក់កាលមហារីកមាត់ស្បូន ខណៈគម្រោងថ្មី នឹងត្រូវពង្រីកបន្ថែមចំនួន ៥០០ មណ្ឌលសុខភាព និង ៦០ មន្ទីរពេទ្យបង្អែកទូទាំប្រទេស៕