ភ្នំពេញៈ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារអបអរសាទរព្រះអង្គឆាលស៍ ទី៣ (CHARLES III) ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសជាផ្លូវការថា ជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងថ្មីៗនេះ។
ព្រះអង្គមានព្រះបន្ទូលក្នុងព្រះរាជសារចុះថ្ងៃទី ១២ ខែកញ្ញា ជាភាសាអង់គ្លេសដែលមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រកាសជាផ្លូវការដោយក្រុមប្រឹក្សារាជសម្បត្តិថា ទ្រង់គឺជាព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុតនិងជូនពរសព្វសារធុការសម្រាប់ប្រទេសរបស់ទ្រង់សម្រាប់វិបុលភាពដ៏អស្ចារ្យនិងសេចក្តីសុខក្សេមក្សាន្ត»។
ព្រះអង្គជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំង ២ និងប្រជាជននៃប្រទេសទាំង ២ នឹងបន្តរីកចម្រើនក្រោមរជ្ជកាលរបស់ ឆាលស៍ ទី៣។
ព្រះអង្គ ឆាលស៍ ទី៣ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិប្រកាសថា ជាព្រះមហាក្សត្រថ្មី កាលពីថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) នៃចក្រភពអង់គ្លេសដែលបានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាកាលពីថ្ងៃទី ៨ ខែកញ្ញា។
នាថ្ងៃទី ១២ ខែកញ្ញា នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នៅទូតស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា។
លោកបានសរសេរនៅក្នុងសៀវភៅរំលែកទុក្ខថា លោកពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹងនៃការយាងសោយទវង្គតរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នៅព្រះរាជដំណាក់ បលម៉ូរ៉ល (Balmoral) នៅស្កុតឡែនដ៍ (Scotland)។ ការយាងសោយទវង្គតនេះគឺជាការបាត់បង់ដ៏មហិមាមិនត្រឹមតែចំពោះអង់គ្លេសនិងបណ្តាប្រទេស កំមិនវែល Commonwealth) ប៉ុណ្ណោះទេ តែជាការបាត់បង់ចំពោះពិភពលោកទាំងមូលផងដែរ។
លោក ហ៊ុន សែន សរសេរថា ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ គឺជាឥស្សរជនក៏គួរឱ្យស្ញប់ស្ញែង ១ អង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្លួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ នឹងគង់នៅក្នុងការចង់ចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀតក្នុងពិភពលោកជារៀងរហូត។
លោកសរសេរថា៖ «ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខក៏ក្រៀមក្រំបំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយព្រះរាជវង្សានុវង្សរបស់ទ្រង់ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ សូមទ្រង់យាងទៅកាន់សុគតិភព»៕