ភ្នំពេញៈ «ធនធានជលផលធម្មជាតិកម្ពុជា មានការថយចុះខ្លាំង ដែលមិនអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ឡើយ»។ នេះគឺជាការលើកឡើងរបស់គម្រោងអច្ឆរិយទន្លេមេគង្គ (Wonders of the Mekong) កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២។
បើតាមគម្រោង អច្ឆរិយទន្លេមេគង្គ ការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូររបបទឹកជន់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការកាប់ ឬដុតបំផ្លាញព្រៃលិចទឹក ដែលជាជម្រកមច្ឆជាតិ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ការចាក់ដីលុបសមុទ្រ បឹងបួសុទ្ធតែជាកត្តាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានជលផលធម្មជាតិ។
ប្រភពដដែលរំឭកថា នៅប្រទេសកម្ពុជា មានបឹងទន្លេសាបដ៏ធំល្វឹងល្វើយ ទន្លេមេគង្គ ស្ទឹង បឹងបួដែលកន្លងមក ប្រភពទាំងអស់នេះ បានផ្គត់ផ្គង់ត្រីរាប់សែនតោន សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ រហូតដល់ប្រជាជនមួយចំនួនមិនដែលនឹងគិតចង់បរិភោគត្រីចិញ្ចឹមឡើយ។ ប៉ុន្តែមកដល់បច្ចុប្បន្ន ការស្រាវជ្រាវរកឃើញថា ធនធានធម្មជាតិទាំងនោះ មួយចំនួនធំបានបាត់បង់អស់ហើយ ហើយមួយចំនួនទៀត កំពុងរងគ្រោះជិតផុតពូជ នៅសល់បរិមាណតិចតួចប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនខ្មែរសព្វថ្ងៃ។
វារីវប្បកម្ម ដែលប្រជាជនមួយចំនួនមិនដែលសូម្បីតែគិតដល់នោះ វាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ បង្កើនប្រាក់ចំណូល បង្កើនផលស្តុកធម្មជាតិ ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលើពិភពលោក។
បទពិសោធទាំងនេះ បានជំរុញឱ្យគម្រោងអច្ឆរិយទន្លេមេគង្គប្រឹងប្រែងកាន់តែខ្លាំងមិនថា ក្នុងការងារអភិរក្ស និងការងារអភិវឌ្ឍន៍វារីវប្បកម្មនោះទេ ព្រោះការងារទាំង ២ នេះ វាមានទំនាក់ទំនងទៅវិញទៅមក។ តាំងពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ន គម្រោង Wonders of the Mekong បានប្រមូលកូនត្រីធម្មជាតិពីទន្លេមេគង្គ មកចិញ្ចឹមបំប៉នក្នុងស្រះ ដោយមានការផ្តល់ចំណី ត្រួតពិនិត្យគុណភាពទឹក និងតាមដានការលូតលាស់យ៉ាងយកចិត្តទុកដាក់។
ត្រីទាំងនោះទៀតសោត ត្រូវបែងចែកតាមប្រភេទ តាមឆ្នាំ និងតាមស្រះបំប៉នដាច់ដោយឡែក ដើម្បីងាយស្រួលដឹងពីសាវតារបស់ត្រី។ មិនត្រឹមតែប្រមូលកូនត្រីពីធម្មជាតិនោះទេ គម្រោងបានទទួលត្រីរាជ និងត្រីគល់រាំងពីប្រជានេសាទ និងវារីវប្បករជាបន្តបន្ទាប់សម្រាប់ធ្វើការថែបំប៉ន មុនពេលលែងចូលទៅក្នុងទន្លេស្ទឹង បឹងបួធម្មជាតិវិញ។
ជាមួយគ្នានេះផងដែរក៏មានការបង្កាត់ភ្ញាស់ត្រីមេពូជប្រមូលបានពីធម្មជាតិ ដើម្បីបានកូនត្រីដែលមានសុខភាពល្អ សម្រាប់លែងចូលក្នុងធម្មជាតិវិញ និងផ្គត់ផ្គង់ដល់វារីវប្បករសម្រាប់ការចិញ្ចឹម។ បើតាមគម្រោងអច្ឆរិយទន្លេមេគង្គ ត្រីមេពូជធម្មជាតិដែលប្រមូលបាន ត្រូវបានឧបត្ថម្ភដល់មជ្ឈមណ្ឌល និងវិទ្យាស្ថានសម្រាប់រក្សាទុកប្រើប្រាស់ទៅថ្ងៃខាងមុខទៀត។
ដោយឡែកប្រភេទត្រីមួយចំនួនដែលបំប៉នក្នុងស្រះ បានយកទៅលែងក្នុងព្រឹត្តិការណ៍ផ្សេងៗ ដូចជាទិវាមច្ឆាបំផ្លាស់ទីពិភពលោកជាដើម ក្នុងគោលបំណងផ្សព្វផ្សាយពីការងារអភិរក្សឱ្យប្រជាជនទូទៅបានយល់ដឹង។ នេះបើតាមគម្រោងអច្ឆរិយទន្លេមេគង្គ។
ទោះយ៉ាងណា លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ជាខេត្ត ១ ក្នុងចំណោមខេត្តចំនួន ៦ ដែលនៅជាប់បឹងទន្លេសាបបានថ្លែងថា វិស័យជលផលនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរ បើនិយាយពីត្រីវិញ គឺសម្បូរគ្រប់ប្រភេទមានទាំង ត្រីឆ្លាំង ត្រីកែស និងត្រីរៀល ជាដើម។ ដូច្នេះ កម្ពុជា មិនមានក្តីបារម្ភចំពោះការធ្លាក់ចុះនៃវិស័យធនធានធម្មជាតិនោះទេ ។
លោកបន្តថា បើសិនជាកម្ពុជានៅតែការពារបានដូចបច្ចុប្បន្ននេះ វិស័យជលផលរបស់កម្ពុជា មិនមានការថយចុះនោះទេ។ កម្ពុជាបានយកចិត្តទុកដាក់អភិរក្ស បង្ក្រាបបទល្មើលជលផលគ្រប់ប្រភេទ និងអភិវឌ្ឍឡើងវិញ រួមជាមួយសហគមន៍ក៏ត្រូវបានពង្រឹង ។
លោកថ្លែងថា៖ «បើនៅធ្វើដូចបច្ចុប្បន្ននេះ វាអត់ទៅណាទេ ប៉ុន្តែ វាក៏ពាក់ព័ន្ធនឹងរបបទឹកផងដែរ បើសិនជារបបទឹកតូចពេក អាហ្នឹងក៏លំបាកដែរ បើរបបទឹកយើងច្រើន យើងក៏សម្បូរដែរ»៕
រាយការណ៍បន្ថែមដោយនៅ ស៊ី វុត្ថា
វីដេអូ៖