ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា នៅថ្ងៃទី ១២ កញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គ នៃប្រទេសកម្ពុជា និងដែនដីសណ្តនៃតំបន់មេគង្គប្រទេសវៀតណាម» ខណៈធនធានទឹកក្រោមដីនេះមានឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសហប្រតិបត្តិការ ផែនការ និងថវិកា ជាមួយលោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា។
លោក សៅ សុភាព ដែលជាជនបង្គោលនយោបាយនៃមូលនិធិបរិស្ថានសកលនៃក្រសួងបរិស្ថាន លើកឡើងថា ផ្នែកខាងក្រោម នៃតំបន់ទំនាបអាងទន្លេមេគង្គ មានប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែន ដែលគ្របដណ្តប់លើ ប្រទេសកម្ពុជា និងវៀតណាម។ ប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះ (ហៅកាត់ថាTBA) ត្រូវបានកំណត់ជាប្រព័ន្ធស្រទាប់ទឹកក្រោមដី នៃដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា ដែលមានទំហំប្រមាណ២២៣ ០០០គីឡូម៉ែត្រការ៉េ។
ការសិក្សារបស់អង្គការយូណេស្កូបង្ហាញថា ការដកហូតការប្រើប្រាស់ទឹកក្រោមដីពីប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះមានប្រមាណ ៥ ៣៨៧ លានម៉ែត្រគុប ក្នុង ១ ឆ្នាំៗ។ ធនធានទឹកក្រោមដីនៃប្រព័ន្ធស្រទាប់ទឹកក្រោមដីឆ្លងដែននេះមានឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយធនធានទឹកក្រោមដីនេះបានជួយបម្រើដល់ផលិតកម្មកសិកម្ម ជាពិសេសដំណាំស្រូវ និងសកម្មភាពចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំង ២។
លោកបានថ្លែងថា៖ «កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសសម្បូរទឹក ហើយមានសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើទឹក។ តាមពិត ប្រទេសកម្ពុជា ជាប្រទេសដែលពឹងផ្អែកខ្លាំងលើធនធានទឹកក្រោមដី ដើម្បីបំពេញបន្ថែមនូវការប្រើប្រាស់ទឹកក្នុងអំឡុងពេលខ្វះខាតទឹក នារដូវប្រាំង»។
ទឹកក្រោមដីជាធនធានដ៏មានសារៈសំខាន់ ខណៈដែលទឹកលើដីកាន់តែថមថយ ហើយទឹកក្រោមដីត្រូវបានប្រើប្រាស់យ៉ាងច្រើនដោយប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមជនបទ។ នេះបើតាមលោកសៅ សុភាព។
បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ សាន់ហ្វដ (Sandford University) ការប្រើប្រាស់ទឹកក្រោមដីក្នុងប្រទេសកម្ពុជាមានការកើនឡើង ១០% ជារៀងរាល់ឆ្នាំ។ ជាមួយគ្នាផងដែរ ការប្រែប្រួលអាកាសធាតុ ក៏បាននិងកំពុងក្លាយជាបញ្ហាចម្បងមួយក្នុងការគ្រប់គ្រងទឹកក្នុងប្រទេសកម្ពុជា។
លោក សៅ សុភាព បន្ថែមថា បញ្ហា និងក្តីកង្វល់នានា ដែលបាននិងកំពុងកើតមាន សម្រាប់ទឹកក្រោមដី រួមមាន ការហូរច្រោះទឹកប្រៃ និងការធ្លាក់ចុះនៃបរិមាណស្តុកទឹក។ ការបំពុលនិងការកើនឡើងនៃសារធាតុអាសេនិច។ ការបាត់បង់ដី និងព្រៃឈើ ការបាត់បង់តំបន់ដីសើម។ ការបាត់បង់ធនធានជលផល ព្រមទាំងទីជម្រក ដែលកំពុងតែស្ថិតក្នុងភាពគ្រោះថ្នាក់។ ការប្រើប្រាស់ដីកាន់តែច្រើន និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
លោកថា៖ «បញ្ហាទាំងនេះ គឺជាបញ្ហាចម្បងៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន តាមតំបន់វាលលិចទឹកនៃតំបន់ទន្លេមេគង្គកម្ពុជា»។
ដើម្បីឆ្លើយតបនឹងបញ្ហា និងក្តីកង្វល់នេះ រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនដូចជា ផែនការយុទ្ធសាស្ត្របម្រែបម្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (ក្រសួងបរិស្ថាន) ច្បាប់ស្តីពីកិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ១៩៩៦ (ក្រសួងបរិស្ថាន) ផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព ២០១៣-២០៣០ (ក្រសួងបរិស្ថាន) និងយុទ្ធសាស្ត្រមួយចំនួនទៀត។
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជាថ្លែងថា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេស ១ ក្នុងចំណោមប្រទេសសម្បូរទឹកបំផុតក្នុងតំបន់។ ទន្លេ ស្ទឹង បឹង អាងទឹក និងទឹកសមុទ្រ គឺជាប្រភពដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្នុងវិស័យជាច្រើន ដូចជា កសិកម្ម ផលិតកម្ម និងឧស្សាហកម្មខ្នាតតូច វារីអគ្គិសនី នាវាចរណ៍ ទេសចរណ៍ និងជាគន្លឹះសម្រាប់កិច្ចគាំពារបរិស្ថាន និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
លោកស្រីថ្លែងថា៖ «គម្រោងនេះ នឹងត្រូវបានអនុវត្តតាមរយៈដៃគូល្អ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធទាំងអស់ក្នុងប្រទេសទាំង ២ គឺកម្ពុជា និងវៀតណាម។ សម្រាប់កម្ពុជា មានក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាក្រសួងដៃគូដ៏សំខាន់ក្នុងគម្រោងនេះ»។
លោកស្រី Rebekah Bell បានបន្ថែមថា អង្គការ FAO នឹងក្លាយជាទីភ្នាក់ងារអនុវត្ត និងសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ដែលត្រូវបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិនាំមុខ (ដៃគូប្រតិបត្តិការនាំមុខ) និងអង្គការយូណេស្កូជាទីភ្នាក់ងារសហប្រតិបត្តិការ៕