ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) ប្រកាសជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (កចប) ចំនួន ៣ ៣០៤ នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ ចំណុះរាជធានី-ខេត្ត ដោយក្នុង ១ ឃុំ-សង្កាត់ ត្រូវជ្រើសរើសចំនួន ២ រូប ជាប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោត ជាការីកុំព្យូទ័រ។
សេចក្តីជូនដំណឹងរបស់ គជប ចុះហត្ថលេខា ដោយប្រធាន គជប លោក ប្រាជ្ញ ចន្ទ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ១៣ ខែកញ្ញា បញ្ជាក់ថា សាធារណជនដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែង ខាងលើ អាចទាក់ទង ទទួល និងដាក់ពាក្យចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមសាលាឃុំ-សង្កាត់ ឬ/និង ទីសាធារណៈក្នុងឃុំ-សង្កាត់ ដែលកំណត់ដោយ លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត(លធ.ខប) ពាក់ព័ន្ធ។
បើតាមសេចក្តីជូនដំណឹងនេះ ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ នៅថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២។ ដោយឡែកការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ដែលត្រូវប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមសាលាឃុំ-សង្កាត់ ចំណុះឱ្យរាជធានី-ខេត្ត។ ជាមួយគ្នានេះ ការប្រឡង QCM និងធ្វើតេស្តកុំព្យូទ័រ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ធ្វើនៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក និងខណ្ឌ។
លោក សោម សូរីដា អ្នកនាំពាក្យ គជប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកញ្ញាថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជាង ៣ ៣០០ នាក់នេះ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស ដែលឃុំ-សង្កាត់នីមួយៗជ្រើសរើសមន្ត្រីចំនួន ២ រូប។ ការជ្រើសរើសនេះ ក៏ដើម្បីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ សម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោកថ្លែងថា៖« ក្រុមមន្ត្រីចុះឈ្មោះបោះឆ្នោនេះ មានភារកិច្ចនៅក្នុងការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ហើយតាមកម្មវិធីការងារ ក្រុមចុះឈ្មោះបោះឆ្នោតនេះ នឹងអនុវត្តកិច្ចការរបស់ខ្លូន ចាប់ពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ គឺមានពេល ៥០ ថ្ងៃ»។
បើតាមលោក សោម សូរីដា ក្នុងអំឡុងខាងលើនេះ ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដែលមានបិទផ្សាយនៅសាលាឃុំ-សង្កាត់ ឬនៅទីប្រជុំជនក្នុងឃុំ-សង្កាត់នោះ ដើម្បីឱ្យប្រាកដថា មានឈ្មោះក្នុងបញ្ជីបោះឆ្នោតពិតប្រាកដ រួមទាំងទិន្នន័យត្រូវបានកត់ត្រាត្រឹមត្រូវ។ ចំណែកប្រជាពលរដ្ឋ ដែលមានអាយុ ១៨ ឆ្នាំ ដល់ថ្ងៃបោះឆ្នោត អ្នកមិនធ្លាប់ចុះឈ្មោះ និងអ្នកផ្លាស់លំនៅ ចូលទៅក្នុងឃុំ-សង្កាត់ថ្មី គឺអាចចុះឈ្មោះក្នុងអំឡុងពេលនេះ ។
លោក ឈីម ចាន់ធឿន ប្រធានលេខាធិការដ្ឋានខេត្តកំពង់ចាម ប្រាប់ភ្នំពេញនៅថ្ងៃទី ១៣ ខែកញ្ញាថា ខេត្តកំពង់ចាម ដូចបណ្តារាជធានី-ខេត្តផ្សេងទៀតដែរ បានបិទផ្សាយសេចក្តីណែនាំរបស់ គជប នៅតាមសាលាឃុំ-សង្កាត់ សាលាក្រុង-ស្រុក ទីប្រជុំជន ផ្សព្វផ្សាយតាមវិទ្យុ និងផ្សព្វផ្សាយនៅតាមផេចផ្លូវការ របស់លេខាធិការដ្ឋានខេត្ត ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មាន។
លោកបន្តថា កិច្ចការនេះ លេខាធិការដ្ឋានខេត្តបាននិងកំពុងចាប់ផ្តើមផ្សព្វផ្សាយ និងចែកពាក្យជាបណ្តើរៗទៅកាន់អ្នក ដែលមានបំណងបម្រើការងារជាមួយ គជប។ នៅពេលដែលពួកគាត់ដាក់ពាក្យមក នឹងអនុវត្តទៅតាមនីតិវិធីរបស់ គជប គឺជម្រុះអ្នកមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ទុកតែមនុស្សចំនួន ២ រូប ដែលមានសមត្ថភាពគ្រប់គ្រាន់ប៉ុណ្ណោះ តាមរយៈការធ្វើតេស្ត។
លោកថ្លែងថា៖ «សម្រាប់ខេត្តកំពង់ចាមមាន ១០៩ ឃុំ-សង្កាត់ យើងរើស៣នាក់ នៅក្នុង ១ ឃុំ-សង្កាត់នីមួយៗ ប៉ុន្តែអនុប្រធានត្រូវតែងតាំង ស្មៀនឃុំ-សង្កាត់។ ដូច្នេះការជ្រើសរើស ២១៨ នាក់ សម្រាប់ប្រធាន និងការីកុំព្យូទ័រ ប៉ុណ្ណោះ»៕