ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​នៅតែ​ធ្វើជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល បើទោះបី​លោក​នឹង​ចាកចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​ក៏ដោយ ដោយ​ថា លោក​នឹង​មាន​សិទ្ធិ​ត្រួតពិនិត្យ​លើ​សកម្មភាព​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ហើយ​អាច​ដក​រដ្ឋមន្ត្រី​ចេញ បើ​ធ្វើការ​មិនត្រូវ​។

លោក​ប្រកាស​ដូច្នេះ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ភូមិ​តានី ឃុំ​រុនតាឯក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប នា​ថ្ងៃទី ​១៣ ខែកញ្ញា​។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «​បើទោះបី​ជា​ខ្ញុំ​ចាកចេញ​ពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​នៅ​តែ​ធ្វើ​ប្រធាន​គណបក្ស​ប្រជាជន​ដដែល​។ ខ្ញុំ​មាន​សិទ្ធិ​ត្រួតពិនិត្យ​លើស​កម្មភាព​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​នានា​។ បើ​ធ្វើ​មិនត្រូវ​ដកចេញ​! ប្រធាន​បក្ស​ដកចេញ​ចប់​!»​។

លោក​បន្ថែម​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​បោះឆ្នោត​ឱ្យ​គណបក្ស​នយោបាយ បន្ទាប់មក​ទើប​គណបក្ស​តែងតាំង​នាយក​រដ្ឋមន្ត្រី​។ លោក​លើក​ឧទាហរណ៍​នៅ​ប្រទេស​អង់គ្លេស​ថា ការបោះឆ្នោត​នៅ​អង់គ្លេស ដំបូង​គឺ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​ជា​សមាជិកសភា ចេញ​ពី​គណបក្ស​នយោបាយ បន្ទាប់មក​សមាជិក​គណបក្ស​នយោបាយ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។

ឆ្លើយតប​នឹង​អ្នក​រិះគន់​លោក លោក​នាយក​រដ្ឋមន្ត្រីថ្លែងថា​៖ «​ដល់​ជាប់​បាន​ហើយ គេ​អត់​ទៅ​ឆ្លងកាត់​សភា​ទេ គេ​ទៅ​ជួប​គាល់​ព្រះមហាក្ស​ត្រិយានី អេលីហ្សាប៊ែត ប៉ុន្មាន​ម៉ោង មុន​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​។ បន្ទាប់​ទៅ គេ​ក្លាយ​ទៅជា​នាយករដ្ឋមន្ត្រី​។ ឥឡូវ​គេ​អត់​ឃើញ​នាំ​គណៈរដ្ឋមន្ត្រី​ទៅ​សុំ​ការទុកចិត្ត​ពី​សភា​ផង​»​។

លោក ​ហ៊ុន សែន បាន​ពន្យល់​ការណ៍​ដែល​កម្ពុជា​អនុវត្ត​ខុសពី​អង់គ្លេស​ថា​៖ «​ឯ​ចំពោះ​យើង​ម៉េច​បាន​យើង​ធ្វើ​ខុស​។ យើង​គ្រាន់តែ​គណបក្ស ដែល​មាន​អាសនៈ​ច្រើន ជាងគេ​ទៅសុំ​ការតែងតាំង​នាយករដ្ឋមន្ត្រី​ពី​ព្រះមហាក្សត្រ​។ ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​នោះ ត្រូវ​រៀបចំ​គណៈរដ្ឋមន្ត្រី​ទៅសុំ​ការទុកចិត្ត​ពី​សភា​»​។

លោក​ថា​៖ «​អង់គ្លេស​អត់​ទៅសុំ​ការទុកចិត្ត​ពីស​ភា ម៉េច​អស់​លោក មិន​ទៅ​ទិតៀន​អង់គ្លេស​? ឯខ្ញុំ​ត្រូវ​ទៅសុំ​ការទុកចិត្ត​ពី​សភា​។ បើ​សុំ​ការទុកចិត្ត​ពី​សភា​អត់​បានទេ ការតែងតាំង​នាយករដ្ឋមន្ត្រី​ដោយ​ព្រះមហាក្សត្រ ក៏​អត់​មានន័យ អត់​ទាន់​មាន​តម្លៃ​»​។

លោក​ ហ៊ុន សែន បាន​បន្ថែមថា ចំណុចខ្លាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ចំណុច​ខ្លាំង​របស់​លោក​ដែល​ធ្វើ​ឱ្យដៃ​គូប្រកួត​របស់​លោក​មិនអាច​យកឈ្នះ​លោក​បាន គឺ​នៅត្រង់​ថា ដៃគូ​ប្រកួត​របស់​លោក​វាយតម្លៃ​លោក​មិនត្រូវ​ទាំងអស់​។

លោក​ ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជា​សមាជិក​អចិន្រៃ្តយ៍​គណបក្ស​ប្រជាជន​កម្ពុជា មាន​តួនាទី​ជា​អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​គាំទ្រ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី សម្រាប់​បន្តវេន​នាពេល​អនាគត​កាលពី​ចុងឆ្នាំ​ ២០២១​។

លោក​ ហ៊ុន សែន បន្តថា បើទោះបី​លោក​ចាកចេញ​ពី​អំណាច​ក៏​មិនមាន​គណបក្ស​ណា​ផ្សេង​ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​កាន់អំណាច​នោះដែរ ដោយ​លោក​បន្ថែមថា បើទោះបី​លោក​ ហ៊ុន ម៉ាណែត ជា​កូន​នរណា​ក៏ដោយ ក៏​លោក​នៅតែ​គាំទ្រ​លោក​ ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​ដែរ ព្រោះ​លោក​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​។

លោក​បញ្ជាក់​ថា​៖ «​វា​មិនមែន​ស្ថិតក្នុង​ការគាំទ្រ​កូន​ខ្លូន​ឯង​ឯណា​។ ខ្ញុំ​គាំទ្រ​អ្នកណា​ដែល​អាច​ដឹកនាំ​គណបក្ស​ប្រជាជន​បាន ដែល​អាច​ដឹកនាំ​កម្ពុជា​បាន​។ អ៊ីចឹង​កុំ​និយាយ​ថា អាហ្នឹង​រឿង​កូន​ ហ៊ុន សែន​។ បើ​វា​មាន​លទ្ធភាព ធ្វើ​នាយករដ្ឋមន្ត្រី​ឱ្យ​វា​ធ្វើទៅ ហើយ​ខ្ញុំ​បានបញ្ជាក់​ហើយ បើសិន​ជា​កូន​ខ្ញុំ មិន​គ្រប់​លក្ខណសម្បត្តិ ក៏​ខ្ញុំ​មិន​គាំទ្រ​ដែរ​»​។

លោក​ យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា វា​ជា​រឿង​ប្រសើរ​ផងដែរ ដែលថា​អំណាច​ក្នុង​បក្ស​អាច​មាន​ឥទ្ធិពល​ទៅលើ​រដ្ឋមន្ត្រី ឬក៏​នាយករដ្ឋមន្ត្រី​។ ប៉ុន្តែ​កិច្ចការ​ខ្លះ​អាច​ថា អំណាច​បក្ស មិនអាច​ដក​រដ្ឋមន្ត្រី​ដោយផ្ទាល់​បាន​នោះទេ ព្រោះ​រដ្ឋមន្ត្រី​ត្រូវ​បាន​ជ្រើសរើស​ដោយ​នាយករដ្ឋមន្ត្រី​។ សំខាន់​បំផុត អ្នក​ដែល​ត្រួតពិនិត្យ​ការងារ​របស់​រដ្ឋមន្ត្រី​ជា​ទៀងទាត់​នោះ គឺ​នាយករដ្ឋមន្ត្រី​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ខ្ញុំ​គ្រាន់តែ​មាន​កង្វល់​ទេ​ថា ដំណើរការ​ហ្នឹង ស្រួល​មិន​ស្រួល គឺ​អាច​ធ្វើឱ្យមាន​បញ្ហា​ក្នុង​ការអនុវត្ត​ផែនការ​ជាតិ ឬក៏​កម្មវិធី​របស់​ជាតិ​មួយចំនួន ពីព្រោះ​ជួនកាល​នាយករដ្ឋមន្ត្រី​អ្នកបញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ធ្វើ​! មិន​អ៊ីចឹង​ [​ត្រូវ​] ​អនុវត្ត​ទៅតាម​ផែនការ ទៅតាម​អាទិភាព​»​។

លោក​ថា​៖ «​បក្ស​យល់​ផ្សេង ប៉ុន្តែ​នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យធ្វើ​រឿង ផ្សេង​អ៊ីចឹងទៅ​! ក្រែងលោ​ថា ខុស គ្នា​អ៊ីចឹង​។ អ៊ីចឹង​អាហ្នឹង​ជា​រឿង​មួយ​ដែល​ប្រទាំង​ប្រទើស​ដែរ​»​។

លោក​ យង់ គិមអេង ថ្លែងថា ជា​នាយករដ្ឋមន្ត្រី គឺ​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​។ ឯប​ក្សមាន​សិទ្ធិ​ណែនាំ ឬ​ស្តីបន្តោស​ ដើម្បី​ជួយ​កែតម្រូវ​នាយករដ្ឋមន្ត្រី​ឱ្យ​ដើរ​ត្រង់​ផ្លូវ និង​ឱ្យ​ប្រឹង​បំពេញភារកិច្ច​ជូន​ជាតិ​។

លោក ​គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបីជា​លោក​ ហ៊ុន សែន ចាកចេញ​ពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ ក៏​លោក​នៅតែ​ជា​ប្រធាន​បក្ស ព្រោះ​ក្នុង​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​គឺជា​ប្រព័ន្ធ​ដែល​គណបក្ស​មាន​អំណាច​ខ្លាំង ដោយ​កម្ពុជា​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​បែប​សមាមាត្រ​។ ដូច្នេះ ប្រធាន​បក្ស​មាន​សិទ្ធិ​ចាត់ចែង​ត្រួតពិនិត្យ ការអនុវត្ត​របស់​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា ឬក៏​អ្នក​ទាំងឡាយ​ណា​ដែល ទទួល​អាណត្តិ​ដោយ​ការបោះឆ្នោត គឺ​សុទ្ធតែ​ស្ថិត​ក្រោម​ខ្សែបន្ទាត់​របស់​គណបក្ស​ទាំងអស់​។

លោក​ថ្លែងថា​៖ «​បើសិន​ជា​គាត់​ដើរ​ខុសពី​ខ្សែបន្ទាត់​របស់​គណបក្ស អ៊ីចឹង​គណបក្ស​អាច​បណ្ដេញចេញ​។ ​នៅពេល​គណបក្ស​បណ្ដេញចេញ​គាត់​ត្រូវ​បាត់បង់​សមាជិកភាព​របស់គាត់​ក្នុង​ស្ថាប័ន​ដែល​គាត់​ជាប់ឆ្នោត​ហ្នឹង​។ ប្រធាន​បក្ស​នៅតែ​មាន​អំណាច​ហ្នឹង​»៕

វីដេអូ៖