ភ្នំពេញៈ កម្មវិធីស្បៀងអាហារពិភពលោក (WFP) សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) កំពុងចាប់ផ្ដើមបើកយុទ្ធនាការទំនាក់ទំនង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គមទាក់ទងនឹងរបបអាហាររបស់កុមារក្នុងវ័យសិក្សា ខណៈនៅកម្ពុជា សិស្សសាលាទទួលរងនូវបញ្ហាអាហារូបត្ថម្ភផ្សេងៗដូចជា កង្វះមីក្រូសារជាតិកម្រិតខ្ពស់ អត្រាលើសទម្ងន់ ធាត់ជ្រុល និងកង្វះអាហារូបត្ថម្ភយូរអង្វែងជាដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ (WFP) ពីថ្ងៃទី ១៣ ខែកញ្ញាបានឱ្យដឹងថា ផែនការយុទ្ធនាការលើកកម្ពស់អាហារូបត្ថម្ភក្នុងសាលារៀននេះ ត្រូវបានបង្កើតឡើងដោយ WFP និង MoEYS នៅក្នុងសិក្ខាសាលាមួយនៅចុងសប្តាហ៍មុនដែលមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការ សង្គមស៊ីវិល ក្រសួងសុខាភិបាល និងការិយាល័យអប់រំខេត្តកំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។
លោកស្រី គ្លែរ កូណាន់ តំណាងរបស់ WFP ប្រចាំនៅកម្ពុជាបានថ្លែងថា មានកត្តាជាច្រើនដែលរួមចំណែកឱ្យកុមារក្នុងវ័យសិក្សាមានអាហារូបត្ថម្ភមិនល្អ ហើយឥរិយាបថរបស់ពួកគេ និងអ្នកថែទាំពួកគេគឺជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ទាំងឡាយ។ យុទ្ធនាការនេះនឹងក្លាយជាចំណុចសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសុខភាពរយៈពេលវែងរបស់ពួកគាត់។
លោកស្រីថ្លែងថា៖ «បន្ថែមទៅលើការចូលរួមដ៏យូរអង្វែងកន្លងមករបស់យើងក្នុងកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀនឥឡូវនេះ យើងកំពុងសហការជាមួយនាយកដ្ឋានសុខភាពសិក្សា និងដៃគូនានា ដើម្បីបង្កើតយុទ្ធនាការដែលលើកទឹកចិត្តឱ្យមានការបង្កើនការបរិភោគផ្លែឈើ បន្លែ និងប្រូតេអ៊ីន»។
«នៅកម្ពុជា សិស្សសាលាទទួលរងនូវបញ្ហាអាហារូបត្ថម្ភផ្សេងៗ ដូចជា កង្វះមីក្រូសារជាតិកម្រិតខ្ពស់ អត្រាលើសទម្ងន់ និងធាត់ជ្រុល និងកង្វះអាហារូបត្ថម្ភយូរអង្វែង។ ការកើនឡើងយ៉ាងឆាប់រហ័សនូវប្រជាប្រិយភាពរបស់អាហារកែច្នៃក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពរបបអាហារ»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សេចក្ដីប្រកាសបានឱ្យដឹងថា របបអាហារចម្រុះនៅតែមានកម្រិតទាប។ ការទទួលទានបាយ សាច់ និងត្រី មានបរិមាណខ្ពស់ ចំណែកការទទួលទានផ្លែឈើ បន្លែ និងប្រភេទប្រូតេអ៊ីនផ្សេងដូចជា ទឹកដោះគោ ឬស៊ុត នៅមានកម្រិតទាបខ្លាំងជាងគោលការណ៍អន្តរជាតិ។
លោក ឆាយ គឹមសុធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំថ្លែងថា៖ «ករណីនេះ គឺជាក្ដីបារម្ភយ៉ាងខ្លាំង ពីព្រោះទោះបីជាមានវឌ្ឍនភាពខ្លះៗក្នុងការកាត់បន្ថយអត្រានៃភាពស្គមស្គាំង ក្រិស ក្រិន និងខ្វះទម្ងន់ក៏ដោយ កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហាដែលកំពុងបន្តកើតមាននៅក្នុងកម្រិតគ្រួសារ»។
លោកបានឱ្យដឹងថា WFP សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្តល់ស្បៀងអាហារតាមសាលារៀនដល់សិស្សបឋមសិក្សា និងមត្តេយ្យសិក្សាតាំងពីឆ្នាំ ១៩៩៩ ដោយបានរួមចំណែកលើកកម្ពស់លទ្ធផលផ្នែកអាហារូបត្ថម្ភ ក៏ដូចជា វត្តមានការផ្តោតអារម្មណ៍នឹងការរៀនសូត្ររបស់សិស្ស។
លោកបន្តថា ទោះជាយ៉ាងណា ការផ្ដល់ស្បៀងអាហារតាមសាលារៀនគ្រាន់តែជាផ្នែកមួយនៃនំចំណីដែលមិនល្អប៉ុណ្ណោះ។ ដូច្នេះសាលារៀននៅតែជាវេទិកាមួយដែលផ្ដល់លទ្ធភាព និងឱកាសក្នុងការលើកកម្ពស់របបអាហាររបស់កុមារឱ្យកាន់តែទូលំទូលាយ។
យុទ្ធនាការនេះនឹងជួយជំរុញដល់គោលដៅរបស់គោលនយោបាយជាតិស្តីពីសុខភាពសិក្សាឆ្នាំ ២០១៩ ផែនការសកម្មភាពជាតិស្តីពីសុខភាពក្នុងវ័យសិក្សា និងគោលការណ៍ណែនាំស្ដីអំពីបទដ្ឋានលើកកម្ពស់សុខភាពសិក្សា ដែលទាំងអស់នេះមានរួមបញ្ចូលនូវអាទិភាពជាយុទ្ធសាស្ត្រ សម្រាប់លើកកម្ពស់ការកែលម្អឥរិយាបថទទួលទានអាហារ និងឥរិយាបថសុខភាពរបស់សិស្សសាលា និងអាណាព្យាបាល។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន៕