ក្រចេះ យុទ្ធនាការ ONE STEP NO PLASTIC ឬមួយជំហានទៅកាន់ភាពគ្មានសំណល់ប្លាស្ទិកនឹងរៀបចំធ្វើជាលើកទី៣ នៅខេត្តក្រចេះ នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីបន្ដសម្អាតសំរាមទូទៅ ជាពិសេសសំណល់ប្លាស្ទិកតាមទីសាធារណៈនៅក្នុងទឹកដីនៃខេត្តក្រចេះ។
យុទ្ធនាការកម្ចាត់សំណល់ប្លាស្ទិកមួយនេះ ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយ All Dream Cambodia រួមគ្នានឹងTosYerng កាលពីខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។ #ONESTEPNOPLASTIC គឺជាយុទ្ធនាការបរិស្ថានមួយដែលផ្ដោតសំខាន់លើការប្រឆាំងនឹងការបំពុលដោយសំណល់ប្លាស្ទិក ព្រមទាំងលើកតម្កើងពីភាពទាក់ទាញនៃតំបន់ទេសចរណ៍ទូទាំងប្រទេសកម្ពុជា។
គិតមកទល់ពេលនេះ ONE STEP NO PLASTIC បានបង្កើតយុទ្ធនាការប្រមូលសំរាមចំនួន ២ ដងរួចមកហើយ ដែលមានការចូលរួមពីសាធារណជនចំនួន ៣៥៥ នាក់ និងប្រមូលសំរាមបានសរុបប្រហែល៣តោន។ អ្នកស្ម័គ្រចិត្តដែលបានចូលរួមភាគច្រើនជាសិស្សនិស្សិតទាំងខ្មែរទាំងបរទេសដែលមានអាយុចាប់ពី ១៧ ឆ្នាំឡើង។
ចំណែកសំរាមដែលប្រមូលបានត្រូវបែងចែកជា ២ គឺប្រភេទដែលអាចកែច្នៃបាន និងមិនបាន ហើយសំណល់ដែលអាចកែច្នៃបានត្រូវបានដៃគូសហការរបស់ ONE STEP NO PLASTIC យកទៅច្នៃឡើងវិញ។ ក្រៅពីការប្រមូលសំរាម អ្នកស្ម័គ្រចិត្តក៏បានចូលរួមហូបអាហារថ្ងៃត្រង់ ទស្សនាការសម្ដែង និងចូលរួមលេងល្បែងផ្សេងៗដើម្បីបង្កឱ្យបរិយាកាសកាន់តែរីករាយនិងស្និទ្ធស្នាលផងដែរ។
នាយុទ្ធនាការលើកទី៣នេះ ONE STEP NO PLASTIC រើសយកខេត្តក្រចេះ ដោយសារតែទឹកដីនេះជាគោលដៅទេសចរណ៍ដែលទទួលបានប្រជាប្រិយភាពមួយក្នុងប្រទេស។ យ៉ាងណាមិញ ក្រុមអ្នកប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិកមួយនេះសង្ឃឹមថា នឹងមានចំនួនអ្នកស្ម័គ្រចិត្តចូលរួមជាមួយពួកគេលើសពីគ្រាមុនៗ។
ដើម្បីចូលរួមនៅក្នុងយុទ្ធនាការនេះលោកអ្នកអាចចុះឈ្មោះតាមរយៈការផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុករបស់ ONE STEP NO PLASTICផ្ទាល់ ឬតាមទូរស័ព្ទលេខ 092 300 849 ឬអាសយដ្ឋានអ៊ីមែល onestepnoplastic@gmail.com ។
អ្នកស្ម័គ្រចិត្តចូលរួមនឹងមិនត្រឹមតែទទួលបានឱកាសក្លាយខ្លួនជាផ្នែកមួយនៃយុទ្ធនាការប្រកបដោយនិរន្តរភាពក្នុងការជួយវិស័យទេសចរណ៍ប៉ុណ្ណោះទេ តែក៏នឹងទទួលបានវត្ថុអនុស្សាវរីយ៍ដូចជា អាវយឺត និងដបទឹក ហើយថែមទាំងបានចូលរួមជាបណ្ដាញមួយនៃសហគមន៍បៃតងផងដែរ។
លោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានសម្តែងការគាំទ្រចំពោះយុទ្ធនាការនោះ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់យុវជនជំនាន់ក្រោយពាក់ព័ន្ធនឹងបរិស្ថាន។ លោកបន្តថា៖ «ជារឿងល្អ ដែលក្រុមរបស់ប្អូនៗជានិស្សិតដែលរៀបចំកម្មវិធីនេះ សម្រាប់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយថង់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងធុង»។
ពាក់ព័ន្ធនឹងសំណល់ប្លាស្ទិកនេះ លោក ឌួងសាវុធ ថ្លែងថា កន្លងមកមន្ទីរបរិស្ថានខេត្ត និងអភិបាលខេត្ត បានធ្វើការងារនេះច្រើនតាមរយៈការចុះផ្សព្វផ្សាយអប់រំ បង្កើនការយល់ដឹង ហើយពលរដ្ឋចាប់ផ្តើមផ្លាស់ប្តូរទម្លាប់បន្តិចៗម្តងផងដែរ។