ភ្នំពេញៈ បើទោះ​បីជា​រថយន្ត​ចង្អៀត​ត្រូវ​ប្រជ្រៀត​តោង​គ្នា​ជិះទាំង​ឈរ​យ៉ាងណាក្តី​ កម្មករ​កាត់ដេរ ​នៅតែ​បង្ខំចិត្ត​ប្រជ្រៀត​គ្នា​ជិះ​ ដែល​ស្ថានភាព​បែបនេះ​តែងតែ​ជួប​ហានិភ័យ ​ខណៈ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​មួយចំនួន ​ត្រូវបានគេ​រិះគន់​ថា​ គ្រាន់​តែ​ចេះ​បើកបរ​ស្ទើរៗ​ក៏​ទៅកាន់​ដៃចង្កូត​រថយន្ត​ ឬ​អ្នកបើកបរ​ខ្លះ​ នៅ​ក្មេង ​មិនបាន​ចូល​សាលារៀន​បើកបរ​ឱ្យបាន​ត្រឹម​ត្រូវ​ ហើយ​មិន បាន​យល់​ពី​ច្បាប់​ចរាចរណ៍​ផង។

ខណៈ​កំពុង​អង្គុយ​ដំកង់​ហូបបាយ​ជុំគ្នា​ជាមួយ​មិត្ត​រួមការ​ងារ​វេលា​ថ្ងៃត្រង់​នៅក្រោម​ម្លប់​ដើមឈើ ​ដែល​អ្នកខ្លះ​ត្រូវ​កម្តៅថ្ងៃ​ជះ​មកលើ​ ម្តង​ក្តៅ​ខ្លាំង ​ម្តង​តិច​ទៅតាម​កម្លាំង​ខ្យល់​បក់ស្លឹកឈើ​នោះ​ ស្ត្រី​វ័យ ៤០ ឆ្នាំ ឈ្មោះបុប្ផា​បាន​និយាយថា ​នាង​មានកូន​ប្រុស​ស្រី​ចំនួន ៣ នាក់​។ រីឯ​ប្តី​របស់​នាង​ធ្វើការ​ជា​កម្មករ​សំណង់​រស់នៅ​ភូមិ​ពោធិ៍ស្មាត ​ឃុំជើងកើប​ ស្រុក​កណ្តាលស្ទឹង ​ខេត្ត កណ្តាល។ នាង​ធ្វើជា​កម្មករ​កាត់ដេរ​ជិត ១០ ឆ្នាំ​មកហើយ​ នៅ​ម្តុំ​វត្ត​ស្លែង​ ហើយ​បាន​ជួល​រថយន្ត​គេ​ជិះ​ទាំង​ទៅ​ទាំង​មក​ក្នុង​ ១ ខែ​ ២០ ដុល្លារ​ ប៉ុន្តែ​នាង​ជិះ​ឈរ​ទេ ​ព្រោះ​នាង​ជិះ​ជាមួយ​កម្មករ​ដូចគ្នា​ប្រមាណ​ ២០ នាក់។

បុប្ផា​បន្តថា ​ទាំង​រូបនាង​ ក៏ដូចជា​អ្នក​ផ្សេងទៀត​ដែរ​ ត្រូវតែ​បង្ខំចិត្ត​ជិះ​រថយន្តឈ្នួល​មក​ធ្វើការ​ បើទោះជា​ឈរ​ប្រជ្រៀត​គ្នា​យ៉ាង​ណាក្តី​ ក៏​ចេះតែ​ទ្រាំ​ទៅ​ ព្រោះ​សេវា​ដឹកជញ្ជូន​ទាំង​ទៅ​ទាំង​មក​ក្នុង​ ១ ខែ​ ២០ ដុល្លារ​នេះ ​បើ​នាង​ជួល​រថយន្ត​គេ​ជិះ​ម្នាក់ឯង​ក៏​គេ​មិន​យក​ដែរ។ ប៉ុន្តែបើ​នាង​ជិះ​រួមគ្នា​ជាមួយ​អ្នក​ផ្សេងទៀត ​សរុបទៅ ​គឺ​ម្ចាស់​រថយន្ត​បាន​ថ្លៃឈ្នួល​ច្រើន​ដែរ។

បុប្ផា​និយាយថា​៖ «ខ្ញុំ​ជិះ​រថយន្ត​ឈរ​ប្រជ្រៀត​គ្នា​បែបនេះ​ខ្ញុំ​ក៏មាន​ក្តី​ព្រួយបារម្ភ​ពី​បញ្ហា​គ្រោះថ្នាក់​ដែរ​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​បើ​កាលៈទេសៈ​តម្រូវ​បែបនេះ​ទៅ​ហើយ។ រឿង​គ្រោះថ្នាក់​នេះ​ខ្ញុំ​ក៏​បានដឹង​ព័ត៌មាន​ខ្លះៗ​ដែរ​ រឿង​ក្រឡាប់​ឡាន​ដឹក​កម្មករ​កាត់ដេរ​រឿង​អ្នក​ដឹក​កម្មករ​ទៅបុក​គេ​ តែ​ខ្ញុំ​គ្រាន់តែ​បានដឹង​ទេ ​បើ​ឈប់​ជិះឡាន ​គឺ​អត់​មានអី​ធ្វើដំណើរ​ទៅ​ដេរ​ទេ»។

ដោយ​ឡែក​ លោក ​គង់ សាវ័ន្ត ​អាយុ​​ ២៥ ឆ្នាំ ជា​អ្នកបើករថយន្ត​ដឹក​កម្មករ​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​ ពាក់ព័ន្ធ​ការបើកបរ​រថយន្ត​ដឹក​កម្មករ​នេះ ​គាត់​ទើប​តែបើ​កបាន២ឆ្នាំ​ទេ​ ហើយក៏​មិនដែល​ជួប​គ្រោះថ្នាក់​អ្វី​ដែរ។ ចំពោះ​ការផ្ទុក​មនុស្ស​ឱ្យ​ជិះ​ក្នុង​រថយន្ត​ច្រើន​នាក់​នេះ ​តាមពិតទៅ​ គាត់​ក៏​មិន​ចង់​ធ្វើ​ដូច​នេះដែរ​ ព្រោះ​ធម្មតា​ទេ ​បើ​រថយន្ត​លើស​ទម្ងន់​ គាត់​ក៏​ពិបាក​ទប់​ចង្កូត​ដែរ​ពិសេស​នៅពេល​មាន​រថយន្ត​គេ​បើក​មកពី​មុខ។ ប៉ុន្តែ​គាត់​ក៏ត្រូវ​បាន​ខាង​រោងចក្រ​កាត់ដេរ​ អញ្ជើញ​ទៅ​ស្តាប់​ការពន្យល់​ណែ​នាំ​ពី​ការបង្រៀន​របស់​នគរ​បាល​ចរាចរណ៍​ដែរ។

លោក​ សាវ័ន្ត​ និយាយថា​៖ «រឿងនេះ​ខ្ញុំ​ឮ​គេ​និយាយ​ក៏ដូចជា​ដឹង​ព័ត៌មាន​ខ្លះៗ​ដែរ ​គេ​ថា​ អ្នកបើក​រថយន្ត​ដឹក​កម្មករ​កាត់ដេរ​មិន​សូវ​យកចិត្ត​ទុកដាក់​ទេ​ ឡាន​ដឹក​មនុស្ស​ច្រើន​ហើយ​បើក​លឿន​ទៀត។ តែ​សម្រាប់​ខ្ញុំ​អត់​អ៊ីចឹង​ទេ ​ខ្ញុំ​តែងតែ​គិតពី​សុវត្ថិភាព​អ្នកជិះ​លើ​រថយន្ត​ខ្ញុំ​ជានិច្ច»។

ពាក់ព័ន្ធ​រថយន្ត​ដឹក​កម្មករ​នេះ​ដែរ​ កាលពី​ខែសីហា ឆ្នាំ ២០២២ ​មាន​រថយន្ត​កូរ៉េ​ ១ គ្រឿង​ ចំណុះ​ ២ តោន​កន្លះ​ បាន​ដឹក​កម្មករ​កាត់ដេរ​ចំនួន ៤៧ នាក់ ​ក្នុង​ល្បឿន​លឿន​ ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​តួរី​ស ១ គ្រឿង​ទៀត​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​បណ្តាលឱ្យ​កម្មករ​ម្នាក់ ​ដែល​ជិះ​ឈរ​លើ​រថយន្ត​ស្លាប់ ​និង​កម្មករ​ចំនួន ៦ នាក់​ទៀត ​ត្រូវ​រងរបួស​ធ្ងន់​ស្រាល។​ ហេតុការណ៍​នេះ​បានកើត​ឡើងនៅ​ចំណុច​កំណាត់​ផ្លូវ​ជាតិ​លេខ ​៤១​ ក្នុង​ភូមិ​ពោធិ៍ខ្ញែរ ​ឃុំ​ពោធិ៍ម្រាល ​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ។

លោក​ ចន ​សុភិត ​អធិការ​នគរបាល​ស្រុក​បសេដ្ឋ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ទាំង​អ្នក​បើកបរ​រថយន្ត​កូរ៉េ ​និង​អ្នកបើកបរ​រថយន្ត​តួរីស ​បាននាំគ្នា​រត់គេច​ខ្លួន​បាត់។ ប៉ុន្តែ​លោក​ថា ​កំណត់​មុខសញ្ញា​បាន​ខ្លះៗ​ហើយ ​ដើម្បី​ស្វែងរក​ចាប់​ខ្លួន។

លោក​ប្រាប់ថា​៖ «អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ យើង​ទៅ​អត់​ទាន់ ​យើង​បាន​ត្រឹមតែ​ឃាត់ទុក​នូវ​វត្ថុតាង​ ហើយ​សមត្ថកិច្ច​កំពុង​ស្រាវ​ជ្រាវ​បន្ត។ បើតាម​ព័ត៌មាន​បឋម ​ឮថា ​ជនបង្ក​ហេតុ​នៅ​កំពត យើង​ដឹង​អត្តសញ្ញាណ​ខ្លះៗ​ហើយ ​ទាំង ២ ​នាក់​ហ្នឹង»។

អ្នកស្រី​ ម៉ន ច​ន្នា អនុប្រធាន​សហព័ន្ធ​សហជីព​កម្ពុជាប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បងប្អូន​ជា​កម្មករ​ កម្មកា​រិ​នី​កាត់​ដេរ​ ត្រូវ​ឈរ​​ក្នុង​រោងចក្រ​ ក្នុង ១ ថ្ងៃ​ ពី ៨ ម៉ោង​ ទៅ ១០ ម៉ោង ​ហើយ​ពេល​ចេញពី​ធ្វើការ​ពួកគាត់​គួរតែ​ត្រូវបាន​សម្រាក។ ប៉ុន្តែ​បន្ថែម​ពីលើ​ការ​ឈរ​របស់គាត់​ក្នុង​រោងចក្រ​ហើយ ​គាត់​ក៏ត្រូវ​ឈរ​ជិះ​រថយន្ត​បន្តទៀត​ ដែល​ជួនកាល​ រយៈពេល​ប្រមាណ ១ ម៉ោង ​ឬ ២ ម៉ោង​ទើប​ទៅដល់​ផ្ទះ។ ទាំង​នៅ​ខេត្ត និង​រាជធានី​ភ្នំពេញ ​រថយន្ត​ដឹក​កម្មករ​ខ្លះ​គ្មាន​កៅអី​សម្រាប់​ឱ្យ​បងប្អូន​កម្មករ​កាត់ដេ​រ​អង្គុយ​បាន​ស្រួល​ទេ។

អ្នកស្រី​បន្តថា ​ចំណែក​អ្នកបើករថយន្ត​វិញ​ គាត់​ត្រូវការ​បាន​លុយ​ច្រើន​ គាត់​ត្រូវ​ការដាក់​មនុស្ស​ច្រើន។ ​ហេតុដូច្នេះ​ហើយ​គាត់​ត្រូវតែ​​ញាត់​កម្មករ​ចូល​ ដែល​ធ្វើឱ្យ​កម្មករ​ជា​ស្ត្រី​មានការ​ពិបាក។ ដូចជា​កម្មកា​រិ​នី​មាន​ផ្ទៃពោះ កម្មការិនី​ទើបតែ​សម្រាល​កូន​ ឬ​មានកូន​ខ្ចី​ ​គាត់​មានការ​ពិបាក​សព្វគ្រប់​ ដែល​អ្នកខ្លះ​មាន​ជំងឺ​ឈឺល្មមៗ ក៏​ក្លាយទៅជា​ឈឺ​ខ្លាំង។ បើ​រថយន្ត​មាន​ផ្ទុក​មនុស្ស​​ច្រើន​ ធ្វើឱ្យ​ទម្ងន់​រថយន្ត​កាន់តែ​ធ្ងន់​ ហើយ​បើ​ផ្លូវ​មាន​ជង្ហុក និង​មាន​ភ្លៀង​ផង​ ធ្វើឱ្យ​រថយន្ត​រេ​ចង្កូត​ដោយសារ​មិនអាច​ទប់​លំនឹង​បាន។​ ​ជួនកាល​រអិល​ផ្លូវ​ក្រឡាប់​ធ្លាក់​ភ្លឺស្រែ​ក៏មាន។ អ្នកស្រី​បានឮ​កម្មករ​កាត់ដេរ​ត្អូញត្អែរ​ច្រើនណាស់​ពី​បញ្ហា​នេះ​ហើយក៏​មិនមែន​ជាការ​ត្អូញត្អែរ​ធម្មតា​ដែរ។

អ្នកស្រី​ថ្លែងថា​៖ «បើ​យើង​គិតពី​រឿង​ហ្នឹង ​គឺ​កម្មករ​ជិះ​រថយន្ត​មាន​ហានិភ័យ​ខ្ពស់​ណាស់។ ហានិភ័យ​តាំងពី​សុវត្ថិភាព ​ហានិ​ភ័យ​តាំងពី​សុខភាព​របស់គាត់​ ដែល​ចេញទៅ​មិនបាន​អង្គុយ​ស្រួលបួល​ ហើយ​ថែមទាំង​ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​ទៀត។ ​បើ​គាត់​ជិះ​រហូត​មិន​អី​ទេ​ តែ​ដល់​កន្លែង​មួយ​ឈប់​ដាក់​មនុស្ស​បន្ត​គ្នា​ ហើយ​បើ​ពុល​ឡាន​ទៀត ​រឹតតែ​ពិបាក ​ហើយ​បើ​ដាក់​ច្បាប់​គឺ​ខាង​ក្រុមហ៊ុន​ជំរុញ​ឱ្យ​ឈប់​តែម្តង»។

ក្នុងនាម​អ្នកស្រី​ជា​អនុប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​ ដែល​ធ្វើ​ការងារ​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​​កាត់ដេរ​ អ្នកស្រី​ស្នើ​ដល់​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រាប់ឱ្យ​រថយន្ត​ដឹក​កម្មករ ​ធ្វើ​ការកែ​សម្រួលដាក់កៅអី​ទៅតាម​លក្ខណៈ​បច្ចេក​ទេស ​ឱ្យបាន​ត្រឹម​ត្រូវ​ដើម្បី​សម្រួល​ដល់​បងប្អូន​កម្មករ។ ពាក់ព័ន្ធ​បញ្ហា​នេះ​ អ្នកស្រី​ ក៏​ធ្លាប់​បានឮ​ អំពី​គម្រោងការ​កែសម្រួល​រថ​យន្ត​ដឹក​កម្មករ​នេះ​ដែរ​ពី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឬ​ពី​បេឡា​ជាតិ​សន្តិសុខ​សង្គម​(បសស) ​ក៏ប៉ុន្តែ​អ្នកស្រី​មិនទាន់​ឃើញ​មាន​ដំណើរការ​ទេ។

អ្នកស្រី​ថា៖ «ឡាន​ដឹក​កម្មករ​សព្វថ្ងៃនេះ​ដូច​ឡាន​ដឹក​ជ្រូក​ទៅហើយ​ហ្នឹង ហើយ​បើ​និយាយ​ពីស​ត្វ​ជ្រូក​វិញ​ បើទោះជា​គេ​ដឹក​យ៉ាងណា ​ក៏​វា​មាន​ទ្រុង​របស់​វា​ទូលាយ​ជាង​មនុស្ស​ តែ​នេះ​មនុស្ស​ចង្អៀត​ជាង​សត្វ​ជ្រូក​ទៅទៀត។ បើ​មើល​ព័ត៌មាន​ ឃើញ​ថា កម្មករ កម្ម​កា​រិ​នី​កាត់ដេរ​ជួប​គ្រោះថ្នាក់​តែ​ញឹកញយ​ដែរ»។

អ្នកស្រី​អំពាវនាវ​ដល់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ឬ ​បសស​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​សុវត្ថិភាព​របស់​កម្មករ​កាត់​ដេរ។ សូម​មេត្តា​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ឱ្យ​រថយន្ត​ដឹក​កម្មករ​កាត់ដេរ​ កែសម្រួល​យ៉ាងណា ​មាន​កន្លែង​អង្គុយ​សម្រាប់​កម្មករ​កាត់​ដេរ​បាន​ស្រួលបួល។ ម្យ៉ាងទៀត​ ក្នុង ​១ រថយន្ត​ គួរ​ធ្វើយ៉ាងណា​តម្រូវឱ្យ​ផ្ទុក​ចំនួន​មនុស្ស ​ឱ្យមាន​កម្រិត​ មិនត្រូវ​ថា​គាត់​​ចង់បាន​លុយ​គាត់​ត្រូវតែ​ផ្ទុក​មនុស្ស​ច្រើន​ ឬថា​ ប្រេងសាំង​ឡើងថ្លៃ​ ត្រូវតែ​ដាក់​ច្រើន​ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ​កាត់ដេរ។

អគ្គនាយក​រង ​ប.ស.ស. ​លោក​ ហេង​ សុផាន់​ណារិទ្ធ ​បានឱ្យដឹង​ នៅ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ កាលពី​ខែសីហា​ថា ​ក្នុង​ឆមាស​ទី១ ​ឆ្នាំ ២០២២​ ចំពោះ​អ្នកបើកបរ​យានយន្ត​ភាគច្រើន​នៅតែ​បន្ត​បើកបរ​លើស​ល្បឿន​កំណត់​ មិន​គោរព​សិទ្ធិ​អាទិភាព​ បើក​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ​បើកបរ​បញ្ច្រាសទិស​ និង​ការបត់​មិនបាន​ត្រឹមត្រូវ។ រថយន្ត​ដែល​ដឹក​កម្មករ​និយោជិត ​ចំនួន​ ១ ៦២ ០គ្រឿង​ ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ ​យកទៅ​ដឹក​កម្មករ​ ហើយ​រថយន្ត​ប្រភេទ​ដឹកទំនិញ​ចំនួន​ ១ ២៣២ គ្រឿង​ពុំទាន់​កែច្នៃ​កៅអី​ សម្រាប់​ឱ្យ​កម្មករ​និយោជិត​អង្គុយ​នៅ​ឡើយ​ទេ។

លោក​ថ្លែងថា​៖ «កម្មករ​និយោជិត​ភាគច្រើន​បែរ​មក​ប្រើប្រាស់​ម៉ូតូ ​បាន​បណ្តាលឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង ​ដែល​មួយ​ចំនួន​មិន​ពាក់​មួក​សុវត្ថិភាព។ ពេល​នេះ ​(បសស)​ ជំរុញ​ឱ្យ​អ្នកបើក​រថយន្ត​ ដែល​មិនទាន់មាន​កៅអី​ឱ្យធ្វើ​កៅអី​សម្រាប់​កម្មករ​និយោជិត​អង្គុយ​ឱ្យបាន​នៅ​ដំណាច់​ឆ្នាំ ២០២៣»។

ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ កាលពី​ឆ្នាំ២០១៣ ​បាន​បង្កើត​ក្រុមការងារ​មួយ​ឈ្មោះថា​ ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សម្រាប់​គាំពារ​កម្មករ​និយោជិត​ ក្នុង​គោលបំណង​ចូលរួម​ចំណែក​ធានា​សុវត្ថិភាព​ សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​កើតមាន​ឡើង​ចំពោះ​កម្មករ​និយោជិត។

ក្រុម​ការងារ​នេះ​មាន​សមាសភាព​មកពី​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ ​តំណាង​និយោជក តំណាង​កម្មករនិយោជិត ​និង​មាន​តួនាទី​ភារកិច្ច​កសាង​រៀបចំ​ផែនការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ និង​សុវត្ថិភាព​ចរាចរណ៍​ ព្រមទាំង​ស្រង់​ស្ថិតិ​អ្នកបើកបរ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​និយោជិត។ លោក​បន្តថា ​ជា​លទ្ធផល​របស់​ក្រុមការងារ​ខាងលើ​បានធ្វើការ​ផ្សព្វផ្សាយ​អប់រំ ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​ដល់​កម្មករ​និយោជិត ​និង​អ្នកបើក​រថយន្ត​ដឹក​កម្មករ ​តាម​រោងចក្រ​បាន​ ៣៥៩ ៨៤៨ នាក់។ ក្នុង​នោះ​មាន​អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករ​ចំនួន​ ១១១ ៦៦៨ នាក់ ​និង​ចែក​បណ្ណ​បើកបរ​ដល់​ពួកគេ​បាន ​៤ ៨២៨ នាក់៕

វីដេអូ៖