បាត់ដំបងៈ មនុស្សចាស់ជិត ២០០ នាក់ តំណាងឱ្យមនុស្សចាស់ជាង ៣ ម៉ឺននាក់ បានអំពាវនាវសុំឱ្យរាជរដ្ឋាភិបាល ពិចារណាជាអាទិភាព ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសោធនសង្គមដល់ពួកគាត់ ដើម្បីជួយដោះស្រាយបញ្ហា ជីវភាព សុខភាព ទាំងក្នុងអំឡុង និងក្រោយផលប៉ះពាល់នៃជំងឺកូវីដ ១៩។
ការអំពាវនាវនេះបានធ្វើឡើងក្នុងអំឡុងពេលដែលពួកគាត់ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងវេទិកា មនុស្សចាស់ថ្នាក់ជាតិលើកទី២ ស្ដីពី «ការផ្ដល់ប្រាក់សោធនសង្គមសម្រាប់មនុស្សចាស់នៅកម្ពុជា» ដែលត្រូវបានរៀបចំធ្វើឡើងនៅទីរួមខេត្តបាត់ដំបង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ក្រោមកិច្ចសហការរួមគ្នារវាងអង្គការមនុស្សចាស់កម្ពុជា អង្គការអុកស្វាម អង្គការយូអិនឌីភី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នេះគឺជាព្រឹត្តិការណ៍ជួបជុំដ៏ធំលើកទី២ នៅកម្ពុជា ខណៈព្រឹត្តិការណ៍ជុំទី១ ធ្វើឡើងកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមនុស្សចាស់ចំនួន ១៥០ នាក់ មកពីបណ្ដារាជធានី-ខេត្ត ២៥ នៅទូទាំងប្រទេស។
នៅក្នុងឱកាសនោះ លោក ទុំ វីរ៉ា នាយកប្រតិបត្តិ អង្គការមនុស្សចាស់កម្ពុជាបាននិយាយថា ការផ្តល់ប្រាក់ឧត្ថម្ភដល់មនុស្សវ័យចាស់គ្រប់ៗគ្នា ទោះជាប្រាក់មានចំនួនតិច ឬច្រើន គឺជាអាទិភាពចម្បងបំផុតមួយ ក្នុងការជួយទ្រទ្រង់ ជីវភាព និងសុខុមាលភាពរបស់មនុស្សចាស់។
លោកបញ្ជាក់ថា៖ «ថ្វីត្បិតតែកន្លងមក រាជរដ្ឋាភិបាលបានខិតខំយ៉ាងយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រជាជនងាយរងគ្រោះ រួមទាំងមនុស្សចាស់ តាមរយៈកម្មវិធីជំនួយសង្គមនានាជាច្រើនក្ដី ប៉ុន្តែបច្ចុប្បន្ន យើងនៅតែសង្កេតឃើញថា មនុស្សចាស់នៅតែប្រឈមនឹងបញ្ហា និងមានតម្រូវការជាច្រើនដែលពុំទាន់ទទួលបានការដោះស្រាយ»។
លោកបន្តថា បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមទាំងប្រទេសទីម័រផងដែរនោះ គឺមានតែប្រទេសកម្ពុជា និងប្រទេសឡាវ តែប៉ុណ្ណោះ ដែលពុំទាន់មានកម្មវិធីសោធនសង្គម ឬកម្មវិធីឧបត្ថមសាច់ប្រាក់សម្រាប់មនុស្សចាស់ទូទៅ។
លោកសង្ឃឹមថា លទ្ធផលនៃវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី២នេះ អាចផ្តល់នូវសក្ខីភាពបន្ថែម និងក្លាយជាធាតុចូលយ៉ាងចាំបាច់សម្រាប់រាជរដ្ឋាភិបាលដើម្បីឆ្លើយតប និងយកទៅពិចារណាបន្ថែម ជាមួយការរៀបចំកម្មវិធីកញ្ចប់គ្រួសារ (Family Package) ។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយស្តីពី “ប្រាក់ចំណូលរបស់មនុស្សវ័យចាស់ និងកិច្ចគាំពារសង្គមនៅកម្ពុជា ក្នុងអំឡុងពេល និងក្រោយពេលនៃការរីករាលដាលជំងឺកូវីដ ១៩” ដែលបានធ្វើឡើងដោយវិទ្យាស្ថានជាតិសង្គមកិច្ច នៅដើមឆ្នាំ ២០២១ មនុស្សចាស់ប្រមាណ ៥៥ ភាគរយ បានរងផលប៉ះពាល់ផ្នែកប្រាក់ចំណូល និងពុំទាន់បំពេញទៅនឹងតម្រូវការជាមូលដ្ឋាននៃការរស់នៅរបស់ពួកគាត់នៅឡើយ ខណៈ ៤៥ ភាគរយទៀត កំពុងទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ ១៩ ពីរាជរដ្ឋាភិបាល ។
របាយការណ៍នេះ គូសបញ្ជាក់ថា៖«មនុស្សចាស់ភាគច្រើន ត្រូវការប្រាក់ឧបត្ថម្ភក្នុងវ័យចាស់ជាចាំបាច់ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសក្នុងអំឡុងពេល និងក្រោយពេលនៃផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩»។
កាលពីចុងឆ្នាំ ២០១៨ វិទ្យាស្ថានជាតិសង្គមកិច្ចក៏បានធ្វើការសិក្សាស្រាវជ្រាវមួយស្ដីអំពី «តម្រូវការ និងបញ្ហាប្រឈមរបស់មនុស្សវ័យចាស់នៅកម្ពុជា» ដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន ៥។
តាមរយៈការសិក្សានោះ ក្រុមមន្ត្រីជំនាញ បានរកឃើញប្រភពនៃប្រាក់ចំណូលចម្បងរបស់មនុស្សវ័យចាស់ គឺពឹងផ្អែកសំខាន់ទៅលើការផ្គត់ផ្គង់របស់សមាជិកគ្រួសារ ឬកូនចៅរបស់ពួកគាត់ ដែលមានរហូតដល់ទៅ ៧១ ភាគរយ និងមានលទ្ធភាព តិចតួចបំផុត ក្នុងការទៅស្វែងរកប្រាក់ចំណូលបានដោយខ្លួនឯង។
មន្ត្រីជំនាញនៃវិទ្យាស្ថានជាតិសង្គមកិច្ច បានគូសបញ្ជាក់នៅក្នុងរបាយការណ៍សិក្សាស្រាវជ្រាវនោះថា៖ «មនុស្សចាស់ភាគច្រើនបានធ្លាក់ចូលក្នុងស្ថានភាពក្រលំបាក នៅពេលឈានចូលទៅដល់វ័យចាស់ ដោយសារតែការបែងចែកទ្រព្យធន កេរអាកររបស់ពួកគាត់ទៅឱ្យកូនចៅអស់»។
ជាពិសេសមនុស្សចាស់ដែលជាស្ត្រី មិនសូវមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលទេ ភាគច្រើនពួកគាត់ពឹងផ្អែកទៅលើសមាជិកគ្រួសារស្ទើរតែ ២ ដង បើប្រៀបធៀបនឹងបុរស ដោយសារពួកគាត់ ភាគច្រើន ធ្វើការងារដែលមិនមានប្រាក់ចំណូល ដូចជាការងារផ្ទះ មើលថែទាំចៅជាដើម។
តាមរយៈអនុសាសន៍នៅក្នុងរបាយការណ៍សិក្សាទាំង ២ ខាងលើនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានផ្តោតសំខាន់ទៅលើការជំរុញឱ្យរាជរដ្ឋាភិបាលគិតគូរក្នុងការរៀបចំកម្មវិធីផ្តល់សាច់ប្រាក់ដល់មនុស្សដែលមានវ័យចាស់ ដើម្បីលើកកម្ពស់សុខុមាលភាព និងជួយ គាំពារទៅដល់ពួកគាត់ ដើម្បីកុំឱ្យធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រ ឬងាយរងគ្រោះ។
អ្នកស្រី ម៉ី អេង អាយុ ៦៨ ឆ្នាំ រស់នៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង ដែលបានចូលរួមនៅក្នុងវេទិកាមនុស្សវ័យចំណាស់ថ្នាក់ជាតិលើកទី២ នេះ បានលើកឡើងថា រដ្ឋាភិបាលគួរផ្ដល់ប្រាក់សោធនសង្គម ដល់មនុស្សចាស់គ្រប់ៗគ្នា ដើម្បីយកមកគាំពារជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះមនុស្សចាស់ភាគច្រើនបានចុះខ្សោយកាយសម្បទា ដែលមិនអាចទៅរកការងារធ្វើ ដើម្បីទទួលបានប្រាក់ចំណូលមកជួយដោះស្រាយនៅក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងគ្រួសាររបស់ខ្លួនបានឡើយ។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់បានប្រាក់ឧបត្ថម្ភក្នុងវ័យចាស់នេះខ្លាំងណាស់ ដើម្បីចាយវាយនៅក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្ញុំ ដូចជាយកទៅទិញនំចំណី និងថ្នាំសង្កូវ នៅពេលមានជំងឺតង្កាត់កើតឡើងម្ដងៗ»។
ស្រដៀងគ្នានេះ លោក ធីវ សំអាត អាយុ ៧៥ ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាននិយាយថា ការទទួលបានប្រាក់សោធនសង្គមពីរាជរដ្ឋាភិបាល គឺសំខាន់ណាស់សម្រាប់មនុស្សចាស់ទូទៅ ពិសេសមនុស្សចាស់នៃគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយដូចជារូបលោក។
លោក សំអាត និយាយថា៖«ខ្ញុំពិតជាត្រូវការប្រាក់សោធនសង្គម ដែលឧត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីខ្ញុំមានលទ្ធភាព ចំណាយទៅលើថ្លៃព្យាបាលជំងឺប្រចាំកាយផង និងលើអាហារហូបចុកប្រចាំថ្ងៃផង»។
ជាមួយគ្នានេះ អ្នកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងថា អង្គការអុកស្វាម មានមោទកភាព ដែលបានចូលរួមគាំទ្រ និងសហការដោយផ្ទាល់ជាមួយអង្គការមនុស្សចាស់កម្ពុជា ក្នុងការពង្រឹងភាពអង់អាច និងការបង្កើនសំឡេងរបស់មនុស្សវ័យចាស់ ដើម្បីទទួលបាននូវកិច្ចគាំពារសង្គម មានការងារសមរម្យ ទទួលបានការការពារពេញលេញ ជាពិសេសក្នុងពេលមានវិបត្តិ និងគ្រោះអាសន្ន។
អ្នកស្រីបញ្ជាក់ថា៖ «មនុស្សវ័យចំណាស់ គឺជាធនធានដ៏សំខាន់ដែលមិនអាចខ្វះបានទាំងក្នុងគ្រួសារ និងសង្គមជាតិ។ ប៉ុន្តែតាមរយៈរបាយការណ៍វិភាគរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ លើស្ថានភាពរបស់ក្រុមជនងាយរងគ្រោះ និងទទួលការរើសអើងបំផុត បានបង្ហាញថា មនុស្សវ័យចំណាស់នៅតែប្រឈមនឹងការរើសអើង និងមានការលំបាកក្នុងការស្វែងរកការងារ សិទ្ធិសម្រេចក្នុងគ្រួសារ បញ្ហាសុខភាព រួមទាំងភាពឯកោ »។
អ្នកស្រីបានបន្ថែមថា ទន្ទឹមនឹងនេះ ការធ្វើចំណាកស្រុកដើម្បីផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យបន្ទុកគ្រួសារ ធ្លាក់មកលើមនុស្សវ័យចាស់ រួមទាំងការមើលថែចៅនិងសមាជិកគ្រួសារដទៃទៀត បាត់បង់ឱកាសចូលរួមសកម្មភាពផ្សេងៗ និងការថែទាំសុខភាពសម្រាប់ខ្លួនឯង ខណៈដែលកិច្ចគាំពារសង្គម នៅមិនទាន់បានគ្របដណ្តប់ដល់មនុស្សវ័យចាស់បានពេញលេញនៅឡើយ។
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើទោះជាប្រទេសកំពុងបន្តរងគ្រោះដោយវិបត្តិជំងឺកូវីដ ១៩ និងវិបត្តិសង្គ្រាមនៅអឺរុប (រុស្ស៊ី និងអ៊ុយក្រែន) យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់និងគិតគូរយ៉ាងល្អិនល្អន់ អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសជនចាស់ជរានៃគ្រួសារក្រីក្រ ដោយបានបង្កើតនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជាកញ្ចប់គ្រួសារ និងបានផ្ដល់ជូនជាបន្តបន្ទាប់ដល់ចាស់ជរានៃគ្រួសារក្រីក្រ បានចំនួនជាង ៣០ ម៉ឺននាក់ហើយ ក្នុងចំណោមចាស់ជរា ១,២ លាននាក់ នៅទូទាំងប្រទេស ចាប់តាំងពីដើមខែមិថុនា ឆ្នាំ ២០២០ មក។
លោកបញ្ជាក់ថា៖ «ដោយថវិកាជាតិមានកំណត់ ដូច្នេះរាជរដ្ឋាភិបាលចាំបាច់ផ្ដល់ជូនទៅលើតែចាស់ជរានៃគ្រួសារក្រីក្រ និងទុរភិក្សជនដែលមានវ័យចំណាស់ជាមុនសិន ព្រោះពួកគាត់ពិតជាត្រូវការប្រាក់សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃខ្លាំងជាងគ្រួសារដែលមានជីវភាពមធ្យម»។
លោកបន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តពង្រីកសេវា ឧបត្ថម្ភសាច់ប្រាក់នេះ ទៅដល់ចាស់ជរានៃគ្រួសារដែលស្ថិតនៅក្បែរបន្ទាត់នៃភាពក្រីក្រ ១ ជំហានបន្ថែមទៀត ដែលជំហានបន្ទាប់នេះ អាចនឹងត្រូវចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំនេះ៕