លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបញ្ជាក់ពីមូលហេតុដែលលោកបានសម្រេចធ្វើការផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ដែលមិនមែនដោយសារតែរាជរដ្ឋាភិបាលមិនមានថវិកានោះទេ ប៉ុន្តែដោយសារការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ ១៩ និងកម្ពុជាមានកម្មវិធីសំខាន់ៗជាច្រើនក្នុងអំឡុងខែវិច្ឆិកានោះផងដែរ។
តាមរយៈសារសំឡេងពិសេសរបស់លោក ហ៊ុន សែន នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ លោកបានថ្លែងថា បញ្ហាធំ គឺលោកមិនចង់ឱ្យមានការប្រមូលផ្តុំមនុស្សក្នុងទ្រង់ទ្រាយធំសម្រាប់ទីក្រុងភ្នំពេញច្រើនហួសហេតុពេកនោះទេ។
លោកមានប្រសាសន៍ថា ៖«ប្រសិនបើមានការឆ្លងរីករាលដាលកូវីដ ១៩ ម្តងទៀត វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់មួយទៀត។ យើងមិនបានធ្វើពិធីបុណ្យអុំទូកនៅឆ្នាំ ២០២០ និង ២០២១ ដោយសារតែបញ្ហាកូវីដ ឯឆ្នាំ ២០២២ ក៏មានមូលហេតុកូវីដផងដែរ»។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុមួយផ្សេងទៀតផងដែរថា ពិធីបុណ្យអុំទូកឆ្នាំ ២០២២ នេះ ត្រូវនឹងថ្ងៃទី ៧ ទី ៨ និងទី ៩ ខែវិច្ឆិកា ដែលតាមការគ្រោងទុកគឺការប្រជុំអាស៊ាននឹងធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ហើយនៅថ្ងៃទី ១០ ទី ១១ និងទី ១៣ នឹងមានការប្រជុំដ៏ធំក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាច្រើន មកកាន់រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសផ្អាកពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ ២០២២ នេះ កាលពីថ្ងៃទី ០៩ ខែកញ្ញា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែលោកធ្វើការពន្យល់ពីមូលហេតុនេះ ដោយសារអ្នកវិភាគមួយចំនួនបានលើកឡើងថា ដោយសាររាជរដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់។
លោក ហ៊ុន សែន បានបញ្ជាក់ថា ៖«យើងមិនខ្វះថវិកាសម្រាប់ធ្វើពិធីបុណ្យអុំទូក ដែលចាយត្រឹមតែពី ៤ ទៅ ៥ លានដុល្លារនោះទេ»៕
វីដេអូ៖