ភ្នំពេញៈ លោកឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងថា ក្នុងរយៈពេល ៣០ ឆ្នាំមកនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង ៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់លានដុល្លារ សម្រាប់ដំណើរការកសាងប្រទេសកម្ពុជាក្រោយពេលសង្គ្រាម។
ការលើកឡើងរបស់លោក ប្រាក់ សុខុន បែបនេះ ធ្វើឡើងកាលពីថ្ងៃទី ១៣ ខែកញ្ញា ២០២២ ក្នុងពេលលោកទទួលជួបជាមួយលោកស្រី យ៉ុត សាណាវ៉ាម៉ា (Jyotsana Varma) នាយកនៃស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ADB ថ្មីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានលើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាង ៤០០ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤,៣ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ១៩៩២ មក ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពោលគឺបន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិនៅកម្ពុជា។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏បានថ្លែងអំណរគុណដល់កិច្ចខិតខំជួយជ្រោមជ្រែងកម្ពុជាពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នាពេលកន្លងមក ចំពោះការអភិវឌ្ឍនានា ជាពិសេសនាអំឡុងការរាតត្បាតជាសកលនូវជំងឺកូវីដ ១៩ ដែល ADB បានជួយរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះក៏ដូចជា ផ្តល់ការជំរុញសេដ្ឋកិច្ច អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SME) ជាដើម។
ឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកស្រី យ៉ុត សាណា វ៉ាម៉ា បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អរវាង ADB និងកម្ពុជា ហើយលោកស្រីបានកោតសរសើរកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២ នេះ ដែលបានរៀបចំកិច្ចប្រជុំនានាដោយជោគជ័យកាលពីដើមខែសីហា។ ជោគជ័យនេះគឺជាការឆ្លុះបញ្ចាំងពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។
តំណាង ADB ថ្មីប្រចាំកម្ពុជារូបនេះបង្ហាញសុទិដ្ឋិនិយមលើអនាគតនៃសេដ្ឋកិច្ចកម្ពុជា ដោយលោកស្រីបានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់លោកស្រី និង ADB លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាសំដៅបន្តជំរុញកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព ក្រោយវិបត្តិជំងឺរាតត្បាតជាសកលកូវីដ ១៩។
លោក ប្រាក់ សុខុន បានសរសេរនៅលើគេហទំព័រ Facebook ផ្លូវការរបស់លោកពីការប្តេជ្ញារវាងភាគីទាំង ២ ដូច្នេះថា៖ «យើងទាំង ២ បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។
ទាក់ទិននឹងជំនួយរបស់ ADB នេះ លោក សេង សារី អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមបានថ្លែងថា ការផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤,៣ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីឆ្នាំ ១៩៩១ ដែល ADB និងស្ថាប័នអន្តរជាតិផ្សេងៗរួមទាំងបណ្តាប្រទេសជាម្ចាស់ហត្ថលេខានៃកិច្ចព្រមព្រៀងនេះសន្យាជួយកម្ពុជា ដើម្បីស្តារនីតិសម្បទា ដើម្បីរុញច្រានចេញពីបន្ទាត់ក្រីក្រ ជួយអភិវឌ្ឍសេដ្ឋកិច្ច កសាងហេដ្ឋារចនាសម្ព័ន្ធ លើកស្ទួយវិស័យអប់រំ សុខាភិបាល និងនយោបាយជាដើម បន្ទាប់ពីកម្ពុជាព្រមព្រៀងបញ្ចប់ជម្លោះសង្គ្រាមស៊ីវិល។
ចំពោះការចំណាយយ៉ាងណានោះលោក សារី បានបញ្ជាក់ថា៖ «សម្រាប់ការចាយវាយរបស់រដ្ឋាភិបាលកម្ពុជាថា វាត្រូវខ្ទង់ ខុសខ្ទង់នោះខ្ញុំមិនទាន់មានរបាយការណ៍វាយតម្លៃពី ADB នៅឡើយទេ ក៏ប៉ុន្តែមកដល់ពេលនេះយើងឃើញថា កម្ចីពី ADB បានចូលរួមចំណែកជួយកម្ពុជាតិចក្តី ច្រើនក្តី ក៏កម្ចី និងជំនួយពី ADB បានជ្រាបក្នុងសរសៃនៃការអភិវឌ្ឍរបស់កម្ពុជា... »។
លោក សេង សារី បន្ថែមថា កម្ពុជាមានថ្ងៃនេះមិនអាចបដិសេធបានឡើយចំពោះការជួយជ្រោមជ្រែងពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងដៃគូអភិឌ្ឍន៍នានាផ្សេងទៀត ដែលភាពរីកចម្រើនរបស់កម្ពុជាមិនអាចផាត់ចេញនូវកិច្ចខិតខំប្រឹងប្រែង និងជំនួយរបស់ ADB បានឡើយ។
គួរបញ្ជាក់ផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជាដែលជំនួយអភិវឌ្ឍផ្លូវការនានារួមជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួនប្រមាណ ៣២៩,៨ លានដុល្លារចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១៕