
លោក ស៊ុន ចាន់ថុល ក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅខេត្តសៀមរាប កាលពីថ្ងៃទី ១៤ កញ្ញា ។ រូបថត ក្រសួងសាធារណការ
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានលើកឡើងថា លំហូរនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាក្នុងរយៈពេលជាង ១ ឆមាសឆ្នាំនេះ មានការកើនឡើងជាខ្លាំង រហូតដល់ប្រមាណជាង ១ ៨០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការលើកឡើងរបស់លោក ស៊ុន ចាន់ថុល បែបនេះ ធ្វើឡើងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៤ កញ្ញា ឆ្នាំ ២០២២។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥ គ្រឿងបានចុះបញ្ជី។ ចំនួនចុះបញ្ជីនេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានការកើនឡើងប្រមាណ ១ ៨០៦ ភាគរយ ហើយការណ៍នេះមកពីពលរដ្ឋយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនី។
លោកបានបញ្ជាក់ថា៖ «ការប្រើប្រាស់កើនឡើង ព្រោះការជួសជុល ថែទាំ មានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ។ ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ»។
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឱ្យដឹងបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ព្រោះពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ។ លើសពីនេះការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ ៣ ដង។
លោកថ្លែងដូច្នេះថា៖ «ឧទាហរណ៍យើងប្រើ ៤០០ គីឡូម្រ៉ែត ហើយបើប្រើឡានអគ្គិសនីនេះ យើងបញ្ចូលថាមពលនេះប្រហែលជា ៥០ គីឡូវ៉ាត់ ដូច្នេះតម្លៃប្រហែលជា ២០ ដុល្លារ ក៏ប៉ុន្តែតម្លៃប្រេងចេះតែឡើងថ្លៃ បើយើងប្រើដូចគ្នា ៤០០ គីឡូម្រ៉ែត ប្រើរថយន្តធម្មតាយើងចាយប្រហែល ៦០ ដុល្លារ ដូច្នេះខុសគ្នាមួយជា៣»។
តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាដែលជាម្ចាស់ជំនួយក្នុងបង្កើតទីតាំងសាកថ្មរថយន្ដអគ្គិសនីនេះ លោក Butchaiah Gadde បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រីករាយក្នុងការចូលរួមចំណែកជួយក្រសួងសាធារណការ ក្នុងការរៀបចំផែនការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី។ លោកបានបន្ថែមថា លោកគាំទ្រដល់ក្រសួងសាធារណ និងដឹកជញ្ជូន ដែលបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។
ក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគោលនយោបាយដើម្បីជំរុញឱ្យវិស័យឯកជនចូលរួមដំឡើងស្ថានីយសាកថ្មអគ្គិសនីឱ្យបានទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយប្រេងឥន្ធនៈ គួរមានកន្លែងសាកថ្មយានយន្តអគ្គិសនីនេះ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។កម្ពុជាប្ដេជ្ញាជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន ៤០ ភាគរយ និងម៉ូតូឱ្យបាន ៧០ ភាគរយ នៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។
ជាមួយនេះដែរ លោក ស៊ុន ចាន់ថុល បានស្នើឱ្យវិស័យឯកជនចូលរួមវិនិយោគលើការលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីដោយលោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់វិស័យឯកជនវិនិយោគ លើការដំឡើងស្ថានីយ ដើម្បីបញ្ចូលថាមពលអគ្គិសនីនេះ។ហេតុដូច្នេះហើយ ក្រសួងសាធារណការខិតខំធ្វើការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីចាប់ផ្តើមបើកផ្លូវឱ្យផ្នែកឯកជនចួលរួម»។
ក្រៅពីនេះក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីបានចំនួន៣ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាបនាពេលនេះ៕