ភ្នំពេញៈ ក្រសួងមហាផ្ទៃនឹងពិនិត្យពិចារណាលើសំណើរបស់គណបក្សនយោបាយចំនួន ៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានឱ្យមានការដោះស្រាយបញ្ហាប្រឈមនានា និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកិច្ចសហការឱ្យមានភាពរលូននិងស្របទៅតាមច្បាប់។
ក្រោយកិច្ចប្រជុំ និងពិភាក្សាជាមួយតំណាងគណបក្សនយោបាយទាំង ៤ ខាងលើនៅថ្ងៃទី ១៥ ខែកញ្ញា លោក ឈឹម កាន ប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយនៃក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គណបក្សទាំង ៤ ខាងលើ បានដាក់សំណើមកក្រសួងមហាផ្ទៃចំនួន ៧ ចំណុចដែលចំណុចទាំងនេះត្រូវបានក្រសួង និងគណបក្សទាំង ៤ ធ្វើការពិនិត្យនិងពិភាក្សាក្នុងស្មារតីយោគយល់គ្នា ដើម្បីស្វែងរកដំណោះស្រាយ ។
លោកបានបន្តថា ភាគីទាំង ២ នឹងខិតខំរកមធ្យោបាយដោះស្រាយដើម្បីលើកស្ទួយសិទ្ធិនិងសេរីភាពផ្នែកនយោបាយរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងគណបក្សនយោបាយ។ ក៏ប៉ុន្តែក្នុងចំណុចទាំង ៧ ដែលគណបក្សនយោបាយទាំង ៤ ដាក់មកក្រសួងមហាផ្ទៃ មានចំណុចមួយចំនួន មិនពាក់ព័ន្ធនិងមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនោះទេ។
លោកថ្លែងថា៖ «ឥឡូវយើងកំពុងធ្វើការពិនិត្យនូវរាល់សំណើចាំបាច់មួយចំនួនទាំងនោះ ដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ »។
លោក គង់ មូនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ដែរថា គណបក្សនយោបាយទាំង ៤ បានដាក់សំណើចំនួន ៧ ចំណុច ដើម្បីឱ្យក្រសួងមហាផ្ទៃជួយដោះស្រាយបញ្ហាប្រឈមនានាដែលគណបក្សបានជួបប្រទះនាពេលកន្លងមក រួមមានឱ្យមានលម្ហសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋទូទៅ និងសកម្មជនរបស់គណបក្សនយោបាយ។ ជំរុញឱ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីកសាងឱ្យមានទំនាក់ទំនងល្អជាមួយនឹងគណបក្សនយោបាយ និងលុបបំបាត់ការរើសអើងចំពោះគណបក្សនយោបាយជាដើម។
លោកបន្តថា បញ្ហាប្រឈមមួយចំនួនដែលគណបក្សក្រៅរដ្ឋាភិបាលបានអនុវត្តកន្លងមក ដូចជាការមិនស៊ីចង្វាក់ និងការមិនយល់គ្នារវាងអាជ្ញាធរមូលដ្ឋានជាមួយគណបក្សនយោបាយ ជាពិសេសគណបក្សដែលមាននិន្នាការផ្ទុយ។ គណបក្សទាំង ៤ បានជំរុញក្រសួងមហាផ្ទៃដែលជាអាណាព្យាបាយរបស់អាជ្ញាធរមូលដ្ឋានឱ្យណែនាំ និងស្រាវជ្រាវទៅលើករណីដែលកើតឡើងនៅមូលដ្ឋាន យកមកដោះស្រាយឱ្យបានសមស្រប និងត្រឹមត្រូវ។
លោកថ្លែងថា៖ «ទាំងអស់នេះ គឺជាអ្វីដែលយើងស្នើ បើសរុបទាំងអស់មាន ៧ ចំណុចដែលបានលើកឡើង ហើយការងារទាំងអស់សុទ្ធតែពាក់ព័ន្ធទៅនឹងសេរីភាពនយោបាយ។ ជាការឆ្លើយតប ក្រសួងមហាផ្ទៃដែលមានឯកឧត្តម សក់ សេដ្ឋា ជាតំណាងបានទទួលយកនូវសំណើទាំងអស់ ដើម្បីយកទៅពិចារណា ហើយចំណុចខ្លះលោករំពឹងថាអាចធ្វើការកែលម្អបាន»។
លោក គង់ មូនីកា បានចាត់ទុកជំនួបពិភាក្សារវាងគណបក្សនយោបាយទាំង ៤ គឺជាចំណុចមួយល្អ ព្រោះបាននិយាយត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើង និងអាចទទួលយកបាន។ ប៉ុន្តែការដោះស្រាយមានប្រសិទ្ធភាពយ៉ាងណានោះ គឺយើងនឹងរង់ចាំមើល។ លោករំពឹងថា គណបក្សទាំង ៤ នឹងមានពេលវេលាជជែកគ្នាបែបនេះបន្តទៀត ។
បើតាមលោក គង់ មូនីកា ឆ្លើយតបទៅនឹងសំណើរបស់គណបក្សនយោបាយទាំងនេះ ក្រសួងមហាផ្ទៃក៏នឹងរៀបចំវេទិកាសាធារណៈជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅពេលខាងមុខ ដែលនេះ គឺជាចំណុច ១ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះដែរ គណបក្សទាំង ៤ ក៏ត្រៀមដាក់សំណើទៅជួបពិភាក្សាជាមួយរដ្ឋសភាជាលើកទី២ ម្តងទៀត ខណៈដែលគណបក្សទាំងនេះបានជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) រួចហើយដែរ ៕