ភ្នំពេញៈ បេឡាជាតិសន្តិសុខសង្គម (បសស) បន្តចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គភាពធានារ៉ាប់រងសុខភាពជាតិ (NHIS) នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ឆ្នាំបន្តទៀត រហូតដល់ឆ្នាំ ២០២៦ ដើម្បីបង្កើនទំនាក់ទំនង វិជ្ជាជីវៈ និងផ្ទេរចំណេះដឹងផ្នែកប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងជំនាញហិរញ្ញវត្ថុ និងបច្ចេកទេស។
ការប្រកាសបន្ត MoU នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្នុងដំណើរទស្សនកិច្ចសិក្សារបស់អង្គភាពនេះ រយៈពេល ៣ ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី ១៤-១៦ ខែកញ្ញា នៅសាលប្រជុំធំ នៃ ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងគណៈប្រតិភូនៃអង្គភាព NHIS និង ក្រុមហ៊ុន KPMG នៃសាធារណរដ្ឋកូរ៉េជាច្រើនរូប។
MoU រវាង ប.ស.ស.កម្ពុជា និងអង្គភាព NHIS កូរ៉េ បានធ្វើឡើងចំនួន២លើក គឺលើកទី១ មានសុពលភាពចាប់ពីខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ ២០២១ និងលើកទី២ មានសុពលភាពចាប់ពីខែមករា ឆ្នាំ ២០២២ រហូតដល់ខែធ្នូ ឆ្នាំ ២០២៦។
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ កញ្ញាថា MoU រវាង ប.ស.ស.កម្ពុជា និងអង្គភាព NHIS កូរ៉េនេះ នឹងបន្តជាថ្មីទៀតដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល ៥ ឆ្នាំម្តង។ MoUនេះ បានជួយឱ្យភាគីទាំង ២ មានកិច្ចសហប្រតិបត្តិការល្អ ដើម្បីបង្កើននូវជំនាញទំនាក់ទំនង រវាង ប.ស.ស. និងអង្គភាពធានារ៉ាប់រងសុខភាពជាតិ នៃសាធារណរដ្ឋកូរ៉េ។
លោកបានថ្លែងថា៖ «ការផ្ទេរប្រតិបត្តិការទាក់ទងនឹងចំណេះដឹង ទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងជំនាញបច្ចេកទេស ជាមួយការជួយសម្រួលដល់ដំណើរការរៀនសូត្រ ដែល ប.ស.ស. អាចអភិវឌ្ឍស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព តាមរយៈឧទាហរណ៍ជាក់ស្តែង និងបទពិសោធអនុវត្ត ដែលត្រូវបានផ្តល់ដោយដៃគូសហការដែលមានបទពិសោធ»។
ក្រៅពីប្រកាសបន្ត MoU លោក ហេង សុផាន់ណារិទ្ធ ក៏បានឱ្យដឹងដែរថា ការមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាពធានារ៉ាប់រងសុខភាពជាតិ និងក្រុមហ៊ុន KPMG នៃសាធារណរដ្ឋកូរ៉េនេះ ក៏មានបំណងដើម្បីសិក្សាពីគម្រោង ស្តីពីការគាំទ្រប្រព័ន្ធគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុអាស៊ាន ដែលអាចបត់បែនបាន (ASEAN Adaptive Financial Risk Management System Support) ផងដែរ។
លោកអះអាងថា៖ «គម្រោងនេះផ្តោតលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់កម្ពុជាលើមូលនិធិ នៃរបបថែទាំសុខភាព លំហូរការងារ និងបុគ្គលិកប្រតិបត្តិការ និងប្រព័ន្ធព័ត៌មានវិទ្យារបស់ ប.ស.ស. ជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនៃរបបថែទាំសុខភាព»។
លោក In-Ju Baek ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃអង្គភាព NHIS បានបង្ហាញការគាំទ្រដល់ស្ថាប័ន ប.ស.ស. និងបានលើកឡើងពីសារៈសំខាន់ នៃ MoU របស់ស្ថាប័នទាំង២ ដោយចាត់ទុក ជាធាតុចូល សម្រាប់ការអនុវត្តគម្រោងពិគ្រោះយោបល់ក្រោយៗទៀត ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។
លោករំពឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សារបស់លោក នឹងបានចូលរួមធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងឈ្វេងយល់បឋមអំពីប្រព័ន្ធធានារ៉ាប់រងសុខភាពនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ហេង សុផាន់ណារិទ្ធ ក៏បានស្នើឱ្យគ្រប់នាយកដ្ឋានពាក់ព័ន្ធ នៃ ប.ស.ស. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធគ្នាជាមួយគណៈប្រតិភូនៃអង្គភាព NHIS និងKPMG ក្នុងការសិក្សាសម្រាប់គម្រោងថ្មីប្រកបដោយភាពជាដៃគូ និងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីបង្កើនការរួមចំណែកការពារផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនងរវាងអង្គភាពទាំង ២ លើផ្នែកមួយនេះ ឱ្យបានកាន់តែប្រសើរឡើង។
គិតត្រឹមខែមិថុនា បសស បានទទួលចុះបញ្ជីសហគ្រាស គ្រឹះស្ថានក្នុងវិស័យឯកជនប្រមាណ ១ ម៉ឺនស្ថាប័ន ដោយក្នុងនោះ មានបុគ្គលិកប្រមាណ ២ លាននាក់ បាននិងកំពុងស្ថិតក្នុងបញ្ជីរបស់ បសស ដើម្បីទទួលអត្ថប្រយោជន៍ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព៕