ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹងថា រោងចក្រវេចខ្ចប់វ៉ាក់សាំងដំបូងគេនៅកម្ពុជា គ្រោងបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខនេះ លើផ្ទៃដីប្រមាណ ៥ ហិកតា ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងស្រុក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក” របស់ក្រសួង សុខាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នភាពនៃការរៀបចំរោងចក្រផលិតវ៉ាក់សាំងកូវីដ ១៩ ក្រសួងបានធ្វើការងារ ច្រើនជាមួយក្រុមហ៊ុនស៊ីណូវ៉ាក់ Sinovac បន្ទាប់មានការឯកភាពគ្នាររវាងរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
លោកស្រីបន្តថា ៖«រហូតមកដល់ពេលនេះ ការចាក់បំពេញដី សឹងតែបញ្ចប់ ១០០ភាគរយហើយ នៅពេលបំពេញដីចប់សព្វគ្រប់ ក្រុមហ៊ុននឹងចាប់ផ្តើមធ្វើការសាងសង់នៅខែវិច្ឆិកា»។
លោកស្រីថ្លែងថា រោងចក្រផលិតវ៉ាក់សាំងនេះ មានទីតាំងស្ថិតនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទំហំដីប្រមាណ ៥ហិកតា។ រោងចក្រនេះធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិ ពោលគឺយកស្តង់ដាពីក្រុមហ៊ុន ស៊ីណូវ៉ាក់ និងមានការសហការជិតស្និទ្ធជាមួយក្រសួងសុខាភិបាលសម្រាប់ការរៀបចំ។
លោកស្រីថា៖ «ការរៀបចំនេះ គឺជាការច្រក និងវេចខ្ចប់ បានន័យថាយើង ក្រុមហ៊ុនដែលបានទទួលសិទ្ធិក្នុងការផលិតនេះ គឺជាក្រុមហ៊ុនមួយដែលមានបទពិសោធនៅក្នុងការផលិតឱសថនៅក្នុងស្រុកកន្លងមក គឺជារោងចក្រផលិតក្នុងស្រុក ហើយបានពង្រីកខ្លួន និងអនុញ្ញាតឱ្យរៀនសូត្រ និងដកបទពិសោធពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដើម្បីបង្កើតរោងចក្រវេចខ្ចប់ ច្រក និងផ្គង់ផ្គង់»។
បើតាមលោកស្រី យក់ សម្បត្តិ ក្នុងបរិវេណដី ៥ ហិកតានេះ គឺរោងចក្រនឹងរៀបចំអគារធំៗ នៅក្នុងការច្រកមួយអគារ និងចង្វាក់ផលិតកម្មក្នុងការវេចខ្ចប់ មាន ៣ ឬ ៤ អគារទៀត និងមានអគារ ទេវន្តសថស្ថាន ដើម្បីឱ្យកម្មករ និងអ្នកជំនាញស្នាក់នៅផងដែរ។
លោកស្រីថា៖ «ក្រៅពីនោះមានប្រព័ន្ធសម្រាប់បញ្ចេញនូវកាកសំណល់ បច្ចេកទេសវេជ្ជសាស្ត្រ ព្រោះវ៉ាក់សាំងជាផលិតផលមួយដែលមិនដូចជាឱសថទេ មានហានិភ័យខ្ពស់ បើសិនជាយើងមិនមានការគ្រប់គ្រង នូវកាកសំណល់ឱ្យបានត្រឹមត្រូវ។
កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ក្រសួងសុខាភិបាលកម្ពុជា និងសហគ្រាសឱសថកម្ពុជានិងក្រុមហ៊ុន Sinovac Life Sciences នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការវេចខ្ចប់វ៉ាក់សាំងបង្ការវីរុសកូវីដ ១៩។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ ចាក់បានចំនួន ៩៤,៩០% ដែលក្នុងនោះអត្រាអ្នកដែលបានចាក់ដូសជំរុញដែលជាដូសទី៣ បានរហូតជាង ១០ លាននាក់។ ក្រសួងបានបន្តថា សម្រាប់អត្រាអ្នកចាក់ដូសទី៤ មានចំនួនជាង៤លាននាក់ និងអ្នកចាក់ដូសទី៥ មានចំនួនជិត ៨០ ម៉ឺននាក់។
ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែកញ្ញាថា ការចាក់ដូសជំរុញជាបន្តទៀតយ៉ាងណានោះ មកដល់ពេលនេះក្រសួងក៏មិនទាន់សម្រេចនៅឡើយទេ គឺត្រូវការសិក្សាបន្ថែមបន្តបន្ទាប់ទៀត។
លោកស្រីថ្លែងថា៖ «ការចាក់ដូសណាៗតទៅមុខទៀតនោះ យើងត្រូវសិក្សាជាបន្ថែមទៀតនូវតម្រូវការ ក៏ដូចជាត្រូវពិនិត្យមើលនៅលក្ខណៈវិទ្យាសាស្ត្រនេះឱ្យបានច្បាស់លាស់។ ខ្ញុំសុំបញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មានឯកសារណាឬការណែនាំណាពីអង្គការសុខភាពពិភពលោកថាយើងមានតម្រូវការចាក់ដូសទី៦ នៅឡើយទេ»។
លោកស្រី ឱ វណ្ណឌីន ថា ក្រសួងនៅតែបន្តជំរុញឱ្យប្រជាពលរដ្ឋបន្តមកទទួលយកការចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នាទៅតាមវេននិងពេលវេលាដែលត្រូវដល់ពេលចាក់ ដើម្បីការពារពីការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់ផងដែរដោយសារមេរោគកូវីដ ១៩៕