បាត់ដំបងៈ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមថ្លែងថា ការប្រើក្មេងឱ្យទៅទិញគ្រឿងស្រវឹងជាបច្ច័យនាំឱ្យក្មេងនោះក្លាយជាអ្នកផឹកនៅពេលអនាគត ខណៈការផ្សព្វផ្សាយជាកត្តាដ៏ធំក្នុងការជំរុញឱ្យមានការបរិភោគគ្រឿងស្រវឹងហើយថារដ្ឋាភិបាលគួរតែបញ្ឈប់កុំឱ្យមានការផ្សព្វផ្សាយរឿងនេះ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា មិនអាចហាមឃាត់ទាំងស្រុងបានទេ តែអាចកម្រិតម៉ោងផ្សាយបាន។
លោក មាស នី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកញ្ញាថា បច្ចុប្បន្នការផ្សព្វផ្សាយពីគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មិនត្រូវបានហាមឃាត់នោះទេ។ ដោយឡែកតាមការសង្កេតមើលជាក់ស្តែងនៅតាមដងផ្លូវ មានផ្ទាំងផ្សព្វផ្សាយពីគ្រឿងស្រវឹងច្រើនរាប់មិនអស់ ជាក់ស្តែងស្លាកស្រាបៀរមានច្រើនជាងស្លាកគណបក្ស ១០០ ដង ឯណោះ។
លោកថ្លែងថា៖ «ការផ្សព្វផ្សាយជាកត្តាជំរុញមួយធំណាស់ឱ្យមនុស្សផឹក ជាពិសេសគឺផឹកយករង្វាន់ហ្នឹងតែម្តង ហើយការប្រើក្មេងឱ្យទៅទិញស្រា ហ្នឹងវាជាបច្ច័យមួយនាំឱ្យក្មេងនោះក្លាយជាអ្នកផឹកនៅពេលខាងក្រោយ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមម្នាក់នេះប្រាប់ថា លោកបានធ្វើការស្ទង់មតិ សិស្សថ្នាក់ទី១២ ចំនួន ១ ០៩០ នាក់នៅទូទាំងខេត្តបាត់ដំបង ដោយការស្រាវជ្រាវនេះជាកិច្ចផ្តួចផ្តើមរបស់សាកលវិទ្យាល័យអន្តរជាតិឌូវី (DIU)។ តាមរយៈលទ្ធផលនៃការស្ទង់មតិនេះ បង្ហាញថា មានសិស្ស ២០ ភាគរយក្នុងចំណោមសិស្សទាំងអស់សុទ្ធតែបានពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងស្រវឹង។
លោកបានឱ្យដឹងថា សិស្សជាង៥០ភាគរយ បានបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យសិស្សថ្នាក់ទី១២ វក់វង្វេងក្នុងការប្រើប្រាស់គ្រឿងស្រវឹង ភាគច្រើនដោយសារការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ខណៈមួយផ្នែកទៀតគឺដោយសារមិត្តភក្តិអូសទាញ ហើយអ្នកផឹកមានអាយុជាមធ្យម ១៧ ឆ្នាំ។ ក្នុងចំណោមអ្នកផឹក ២០ ភាគរយនោះ មាន ៩០ ភាគរយ បានចាប់ផ្តើមផឹកគ្រឿងស្រវឹងជាង៣ឆ្នាំមកហើយ មានន័យថា ការសម្ភាសក្នុងអាយុ ១៧ ឆ្នាំ គឺសិស្សនោះចាប់ផ្តើមផឹកគ្រឿងស្រវឹងតាំងពី អាយុ ១៤ ឆ្នាំ។ ក្នុងចំណោមអ្នកផឹក២០ភាគរយនោះដែរ មាន ៧ ភាគរយ បានចាប់ផ្តើមផឹកតាំងពីមុនអាយុ ១៤ ឆ្នាំផងដែរ។
លោកថ្លែងថា៖ «ចំណុចចាប់អារម្មណ៍ ២ ទី១គឺ នៅក្នុងអ្វីដែលយើងរកឃើញនោះ មាន៦៣ភាគរយ នៃក្មេងដែលត្រូវបានសម្ភាសនោះ គឺគាត់បានឃើញ គេប្រើក្មេងតូចៗទៅទិញគ្រឿងស្រវឹង ដែលគាត់ថារឿងនេះមិនគួរកើតមាន ប៉ុន្តែមានសិស្ស ១២ ភាគរយ យល់ឃើញថា នេះជារឿងធម្មតាមិនមានអ្វីប្លែកទេ»។
បើតាមលោក មាស នី ភ័ស្តុតាងជាក់ស្តែងទាក់ទងនឹងកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងមានកាន់តែច្រើននោះគឺតម្លៃលក់ដូរ ផងដែរ។កម្ពុជាមិនមានការកំណត់អាយុត្រឹមត្រូវសម្រាប់ប្រជាជនដែលអាចទៅជាវគ្រឿងស្រវឹងនោះទេ។ លោកបានឱ្យដឹងទៀតថា ទីកន្លែងនៃការលក់ដូរគ្រឿងស្រវឹងកើនឡើងច្រើនជាងមុន បើប្រៀបធៀបពេលបច្ចុប្បន្ន និងរយៈពេល ១០ ឆ្នាំមុន។ លោកបញ្ជាក់ថា កាលពី ១០ ឆ្នាំមុន កន្លែងលក់គ្រឿងស្រវឹងនៅចម្ងាយ ៣០០ ទៅ ៥០០ ម៉ែត្រ ពីផ្ទះអ្នកស្រុក ប៉ុន្តែបច្ចុប្បន្ន នៅចម្ងាយតែ ១៥០ ម៉ែត្រពីផ្ទះប៉ុណ្ណោះ។
លោកថ្លែងថា៖ «នេះជាសញ្ញាមួយដែលបង្ហាញអំពីការកើនឡើងនៃការលក់ដូរគ្រឿងស្រវឹង ឆ្លើយតបនឹងការប្រើប្រាស់។បានន័យថា ការលក់ដូរគ្រឿងស្រវឹងហ្នឹងអត់មានអ្នកណាត្រួតពិនិត្យត្រួតត្រាអីទេ គឺមានកាន់តែច្រើនទៅច្រើនទៅ»។
លោកបានលើកឡើងថា ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា ដែលជះឥទ្ធិពលខ្លាំងដល់សិស្សានុសិស្ស និងយុវវ័យជំនាន់ថ្មី រដ្ឋាភិបាល គួរតែបញ្ឈប់លែងឱ្យមានប្រព័ន្ធផ្សព្វផ្សាយអំពីគ្រឿងស្រវឹង ហើយគួរតែបង្កើនការអប់រំផ្សព្វផ្សាយតាមសាលារៀនផងដែរ។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែកញ្ញាថា ក្រសួងព័ត៌មាន មានផែនការរៀបចំលិខិតបទដ្ឋានគតិយុត្តនិងកំណត់កម្រិតក្នុងការផ្សព្វផ្សាយអំពីគ្រឿងស្រវឹងនេះ ប៉ុន្តែកន្លងមកដោយបញ្ហាកូវីដទើបការងារនេះបានអាក់ខាននៅមិនទាន់អាចធ្វើទៅបាន។
លោកបញ្ជាក់ថា បញ្ហាការផ្សព្វផ្សាយពីការប្រើប្រាស់គ្រឿងស្រវឹងនេះក្រសួងព័ត៌មាននឹងអនុវត្តភ្លាមៗ នៅពេលច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងចូលជាធរមាន។
លោកថ្លែងថា៖ «ទាក់ទងនឹងការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ ឬគ្រឿងស្រវឹងនេះ អាហ្នឹង ជំហរឯកឧត្តមរដ្ឋមន្ត្រី គាត់ថា ឱ្យតែច្បាប់ស្តីអំពីអាល់កុលដែលគេរៀបចំឡើងចូលជាធរមានយើងនឹងអនុវត្តហើយ ពីព្រោះក្រសួងព័ត៌មានចាំតែអនុវត្តតាម ដូចករណីផ្សព្វផ្សាយបារីអ៊ីចឹង» ។
លោក ផុស សុវណ្ណ បានបញ្ជាក់ថា ក្រសួងព័ត៌មានមិនអាចបញ្ឈប់មិនឱ្យមានការផ្សព្វផ្សាយតែម្តងបាននោះទេ ប៉ុន្តែកន្លងមកធ្លាប់មានការកម្រិតម៉ោងសម្រាប់ការផ្សាយអំពីគ្រឿងស្រវឹង គឺម៉ោងមាសមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយឡើយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ១៥ ខែកញ្ញាថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាលកំពុងបន្តពិភាក្សាអំពីកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ប៉ុន្តែនៅមិនទាន់មានលទ្ធផលយ៉ាងណានៅឡើយទេ។ លោកបញ្ជាក់ថា ក្រសួងពាក់ព័ន្ធនឹងជម្រាបជូនលទ្ធផលនៃការពិភាក្សានៅពេលខាងមុខ។
ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹងនេះដែរ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងលើកុមារកាលពីល្ងាចថ្ងៃទី ៩ ខែកញ្ញាថា ការប្រើប្រាស់គ្រឿងស្រវឹងនាំឱ្យមានផលប៉ះពាល់ច្រើនសម្រាប់យុវវជន ជាពិសេសប៉ះបាល់ដល់សុខភាព និងការសិក្សារៀនសូត្រតែម្តង។
លោកស្រីថ្លែងថា៖ «យើងដឹងថា គ្រឿងស្រវឹង និងគ្រឿងញៀនជាបញ្ហាធំសម្រាប់យុវជន ហើយប្រសិនបើពួកគេធ្វើពួកគេនឹងមានផលប៉ះពាល់ជាច្រើនដូចជា បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ចលាចលក្នុងគ្រួសារ និងការខាតបង់ប្រាក់យ៉ាងច្រើន»៕