សៀមរាបៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា លំហូរនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា មានការកើនឡើងខ្លាំង នៅរយៈពេល ១ ឆមាសឆ្នាំនេះ។
លោកបានលើកឡើងបែបនេះ នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ បញ្ចូលថាមពល យានយន្តអគ្គិសនី (EV Charging Station) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ១៤ កញ្ញា ។
លោក រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ នេះ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥ គ្រឿង បានចុះបញ្ជី ដែលបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ការចុះបញ្ជីរថយន្តអគ្គិសនី មានការកើនឡើងប្រមាណ ១ ៨០៦%។
ការណ៍នេះ មកពីពលរដ្ឋយល់ដឹងច្រើនពីអត្ថប្រយោជន៍ នៃការប្រើប្រាស់រថយន្តអគ្គិសនី។
លោកថ្លែងដូច្នេះថា៖ «ការប្រើប្រាស់កើនឡើងព្រោះការជួសជុលថែទាំមានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ។ ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ»។
លោក ស៊ុន ចាន់ថុល ឱ្យដឹងបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អ ច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ព្រោះពន្ធនាំចូលលើរថយន្តអគ្គិសនីនេះ មានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ។ លើសពីនេះការប្រើប្រាស់រថយន្តអគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង។
លោកថ្លែងដូច្នេះថា៖ «ឧទាហរណ៍យើងប្រើ ៤០០ គីឡូម៉្រែត ហើយបើប្រើឡានអគ្គិសនីនេះ យើងបញ្ចូលថាមពលនេះប្រហែលជា ៥០ គីឡូវ៉ាត់ ដូច្នេះតម្លៃប្រហែលជា ២០ ដុល្លារ ក៏ប៉ុន្តែតម្លៃប្រេងចេះតែឡើងថ្លៃ បើយើងប្រើដូចគ្នា ៤០០ គីឡូម៉្រែត ប្រើរថយន្តធម្មតាយើងចាយ ប្រហែល ៦០ ដុល្លារ ដូច្នេះខុសគ្នា ១ ជា ៣»។
តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជាដែលជាម្ចាស់ជំនួយក្នុងការ បង្កើតទីតាំងសាកថ្មរថយន្ដអគ្គិសនីនេះ លោក Butchaiah Gadde បានលើកឡើងថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រីករាយក្នុងការចូលរួមចំណែកជួយក្រសួងសាធារណៈការ ក្នុងការរៀបចំផែនការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនី។ លោកគាំទ្រដល់ក្រសួងសាធារណ ដែលបានបង្កើតក្រុមការងារ ដើម្បីរៀបចំគោលនយោបាយប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។
ក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់លើកឡើងថា រដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយដើម្បីជំរុញឱ្យវិស័យឯកជនចូលរួមដំឡើងស្ថានីយសាកថ្មអគ្គិសនីឱ្យបានទូទាំងប្រទេសជាពិសេសនៅតាមស្ថានីយប្រេងឥន្ធនៈ គួរមានកន្លែងសាកថ្មយានយន្តអគ្គិសនីនេះ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
កម្ពុជាប្ដេជ្ញាជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុង ឱ្យបាន ៤០ ភាគរយ និងម៉ូតូឱ្យបាន ៧០ ភាគរយ នៅឆ្នាំ ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។
លោក ស៊ុន ចាន់ថុល ស្នើឱ្យវិស័យឯកជន ចូលរួមវិនិយោគលើការលើកកម្ពស់ ការប្រើប្រាស់រថយន្តអគ្គិសនី។ «ខ្ញុំសូមអំពាវនាវដល់វិស័យឯកជនវិនិយោគ លើការដំឡើងស្ថានីយ ដើម្បីបញ្ចូលថាមពលអគ្គិសនីនេះ។ ហេតុដូច្នេះហើយ ក្រសួងសាធារណការ ខិតខំធ្វើការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីចាប់ផ្តើមបើកផ្លូវឱ្យផ្នែកឯកជនចួលរួម»។
ក្រសួងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពល យានយន្តអគ្គីសនីបានចំនួន៣ទីតាំង ក្នុងនោះទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ និងទីតាំង ទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ៕