ភ្នំពេញៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃទី ១៥ ខែកញ្ញាបានសម្ពោធកម្រងមេរៀនស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌” ដើម្បីលើកកម្ពស់ចំណេះដឹងស្តីពីសិទ្ធិនេះដល់សាធារណជន និងដើម្បីផ្តល់ធាតុចូលប្រកបដោយប្រសិទ្ធភាពនៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ពិធីសម្ពោធនេះធ្វើឡើងនៅភ្នំពេញដោយមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី មេធាវី ព្រះសង្ឃ និងសិស្សនិស្សិត កំពុងសិក្សាផ្នែកច្បាប់ចូលរួមប្រមាណ ១០០ នាក់។
នាយិកាប្រតិបត្តិ CCHR លោកស្រី ចក់ សុភាព ថ្លែងថា នេះគឺជាគម្រោងដំបូង និងមានតែមួយនៅកម្ពុជា ដែលធ្វើការប្រកបដោយភាពច្នៃប្រឌិត ក្នុងការលើកកម្ពស់ និងការពារការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ មានគោលបំណងជាក់លាក់ ចំនួន ២ គឺដើម្បីផ្សព្វផ្សាយគោលគំនិតនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ក្នុងចំណោមសាធារណជន តាមរយៈការលើកកម្ពស់ចំណេះដឹងស្តីពីសិទ្ធិនេះ និងដើម្បីបង្កើនការគោរពបទដ្ឋាននៃការជំនុំជម្រះដោយយុត្តិធម៌នៅក្នុងតុលាការតាមរយៈការសង្កេតការណ៍សវនាការ។ លោកស្រីថា៖ «គម្រោងនេះ ក៏ដើម្បីផ្តល់ធាតុចូលប្រកបដោយប្រសិទ្ធភាពក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយជាគោលដៅមួយរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងផ្នែកប្រព័ន្ធយុត្តិធម៌នេះ។ អ៊ីចឹងទាល់តែយើងទាំងអស់គ្នាស្វែងយល់ពីមូលដ្ឋានគ្រឹះ យល់អំពីគោលការណ៍សិទ្ធិពាក់ព័ន្ធសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌»។
លោកស្រីបានគូសបញ្ជាក់ថា កម្រងមេរៀននេះបានដកស្រង់ចេញពីច្បាប់ និងអង្គហេតុដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់មន្ត្រីរបស់ខ្លួន ចុះសង្កេតការណ៍នៅតាមសាលាដំបូង និងសាលាឧទ្ធរណ៍ គិតចាប់ពីឆ្នាំ ២០០៩ មក។ លោកស្រីថា៖ «ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្ស គឺចាំបាច់ណាស់ដែលយើងត្រូវតែបន្តកិច្ចការសង្កេតការណ៍នៅតុលាការ បន្តសហការ ជជែកពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធទាំងក្រសួងយុត្តិធម៌ ឬតុលាការ ក្នុងការធ្វើយ៉ាងម៉េចឱ្យប្រសើរឡើងផ្នែកប្រព័ន្ធយុត្តិធម៌។ យើងទទួលបានភ្លើងខៀវពីក្រសួងយុត្តិធម៌ និងតុលាការទាំងអស់ដែលយើងសង្កេតការណ៍ គឺគាត់ស្វាគមន៍វត្តមានអ្នកសង្កេតការណ៍របស់យើង»។ លោកស្រី សុភាព អរគុណដល់កិច្ចសហការនេះហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្ត ប៉ុន្តែឈរលើគោលការណ៍មួយដែលធានាដល់ការគោរពគោលការណ៍នីតិរដ្ឋ។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ថ្លែងថា ការផ្សព្វផ្សាយកម្រងមេរៀននេះគឺជារឿងល្អ ដែលបន្ថែមទៅលើអ្វីដែលក្រសួងក៏ដូចជារដ្ឋាភិបាលបានធ្វើកន្លងមក ដែលច្រើនតែពាក់ព័ន្ធការផ្សព្វផ្សាយសិទ្ធិទទួលបាននូវយុត្តិធម៌ទាំងនោះ។ លោកថា៖ «យើងធ្វើជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងសាធារណជន មន្ត្រីអនុវត្តច្បាប់ មន្ត្រីនៅស្ថាប័នតុលាការជាដើម អ៊ីចឹងអ្វីដែលគាត់ធ្វើជាការចូលរួមចំណែកមួយល្អ»។ ជាមួយគ្នានេះដែរលោកស្នើឱ្យ CCHR បន្ថែមការផ្សព្វផ្សាយមេរៀននេះដោយគួរពង្រឹងសមត្ថភាពមន្ត្រីខ្លួនដែលបញ្ជូនចុះទៅសង្កេតការណ៍ ដើម្បីចៀសវាងការសន្និដ្ឋាន ឬវាយតម្លៃខុសពីនីតិវិធី។
លោកថា៖ « ព្រោះអីអ្នកខ្លះគាត់អត់មានជំនាញ ឬយល់ដឹងផ្នែកនីតិវិធីកិច្ចការរបស់តុលាការច្បាស់ហើយអង្គុយមើលមួយពេលហើយធ្វើការសន្និដ្ឋានអត់គ្រប់ជ្រុងជ្រោយ ហើយអត់ត្រឹមត្រូវដែល ពេលខ្លះចេញរបាយការណ៍ខុសក៏មាន។ អ៊ីចឹងការផ្សព្វផ្សាយជាការល្អហើយគួបផ្សំអ្វីដែលត្រូវធ្វើពង្រឹងសមត្ថភាពមន្ត្រីគាត់ ដើម្បីឱ្យការចុះអង្កេត ស្រាវជ្រាវត្រឹមត្រូវឆ្លើយតបសេចក្តីត្រូវការរបស់សង្គមជាតិ»។
នាយកប្រចាំប្រទេសអង្គការដាយកូនៀ លោក Kann Kall បានថ្លែងថា កម្រេងមេរៀននេះគឺជាសមិទ្ធផលធំធេងដែលជាការកសាងអស់រយៈពេលជាយូរឆ្នាំហើយបានជ្រើសរើសយកសិទ្ធិចំនួន ១៤ ចំណុចពាក់ព័ន្ធការជំនុំជម្រះដោយយុត្តិធម៌។
លោកថា៖ «សិទ្ធិ ១៤ នេះមានលក្ខណៈមួយផ្សារភ្ជាប់ទៅនឹងការអនុវត្ត ហើយមើលឃើញថាសិទ្ធិទាំងនេះមិនត្រូវបានគោរពឱ្យបានខ្ជាប់ខ្ជួនទាំងអ្នកប្រកបវិជ្ជាជីវៈ ប្រព័ន្ធយុត្តិធម៌ ក៏ដូចជានគរបាលយុត្តិធម៌ដែរ»។
កម្រងមេរៀននេះ ពិតជាមានសារៈសំខាន់មែនទែន មិនមែនសម្រាប់តែអ្នកដែលប្រកបវិជ្ជាជីវៈទេ គឺសម្រាប់សាធារណជន វាមានសារៈសំខាន់យ៉ាងក្រៃលែង ព្រោះវាជាសិទ្ធិចម្បងរបស់មនុស្សគ្រប់រូប។
និស្សិតឆ្នាំទី ៤ ផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចលោក ស្រេង ប៉េងងួន ដែលបានចូលរួមពិធីនោះបានថ្លែងថា៖ «អារម្មណ៍ខ្ញុំផ្ទាល់នៅពេលបានចូលរួមកម្មវិធីនេះ ឃើញថាប្រធានបទនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់អ្នករៀនផ្នែកច្បាប់ និងស្ថាប័នតុលាការក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងការស្វែងយល់ ថាតើអ្វីទៅជាសិទ្ធិរបស់ខ្លួន ហើយសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌គឺមានសិទ្វិអ្វីខ្លះ ហើយនីតិវិធីដំណើរការប្រព្រឹត្តទៅដោយដូចម្តេច»។
សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលបានលើកឡើងនៅក្នុងមេរៀនរួមមាន សិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស និងសិទ្ធិនៅស្ងៀម សិទ្ធិមានសេរីភាព (ឬត្រូវដោះលែង) សិទ្ធិទទួលបានការជំនុំជម្រះក្នុងពេលវេលាមួយសមរម្យ និងសិទ្ធិទទួលបានការជំនុំជម្រះដោយគ្មានពន្យារពេល សិទ្ធិយល់ដឹងពីប្រភេទ និងមូលហេតុនៃការចោទប្រកាន់។
សិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពអំពីពិរុទ្ធភាព ឬការផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង សិទិ្ធមានវត្តមាននៅពេលសវនាការ និងសិទ្ធិមានមេធាវី សិទ្ធិទទួលបានការជំនុំជម្រះដោយសាលាជម្រះក្តីដែលមានសមត្ថកិច្ច ឯករាជ្យ និងមិនលម្អៀង សិទ្ធិទទួលបានការជំនុំជម្រះជាសាធារណៈ និងសិទ្ធិបង្ហាញភ័ស្តុតាង (សិទ្ធិហៅ និងសាកសួរសាក្សី) ជាដើម៕