ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងមកដល់នាដើមខែវិច្ឆិកា ខាងមុខនេះ ដោយមិនមែនមូលហេតុខ្វះថវិកា ដូចការលើកឡើងរបស់អ្នកវិភាគមួយចំនួនឡើយ ប៉ុន្តែដោយសារការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ ហើយកម្ពុជាក៏មានកម្មវិធីសំខាន់ៗជាច្រើនក្នុងអំឡុងពេលដូចគ្នានោះផងដែរ។
មូលហេតុសំខាន់ចំនួន ២ នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតាមរយៈសារសំឡេងពិសេសមួយ នាថ្ងៃទី ១៥ ខែកញ្ញា ដោយលោកបានធ្វើការពន្យល់ និងបញ្ជាក់យ៉ាងលម្អិត ព្រមទាំងបានធ្វើការបដិសេធទៅលើការវិភាគ ដែលលោកចាត់ទុកថា ជាការវិភាគ និងវាយតម្លៃដ៏ឆ្កួតលេលា។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំទទួលស្គាល់ថា ប្រទេសកម្ពុជា ពិតជាប្រទេសក្រីក្រ ប៉ុន្តែកម្ពុជាមិនទាន់ឈានដល់ដំណាក់កាលនៃរដ្ឋក្ស័យធននោះទេ គឺយើងនៅតែមាន លទ្ធភាពក្នុងការចំណាយទៅលើពិធីបុណ្យអុំទូកមួយ ប្រសិនបើត្រូវរៀបចំឡើង។ ប្រសិនបើមានការ ឆ្លងរីករាលដាលកូវីដ ១៩ ម្តងទៀត វានឹងបង្កើតនូវស្ថានភាពដ៏គ្រោះថ្នាក់មួយទៀតជាមិនខាន»។
លោកហ៊ុន សែន ក៏បានបញ្ជាក់ពីមូលហេតុ ១ ផ្សេងទៀតផងដែរ គឺការរក្សាសន្តិសុខដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា និងមានកិច្ចប្រជុំធំៗផ្សេងទៀត ដោយមានប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងដៃគូជាច្រើនមកកាន់រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំជានាយករដ្ឋមន្ត្រី គឺមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងជាមួយនឹងសភាពការណ៍បុណ្យអុំទូកដែលមានមនុស្សដ៏ច្រើននៅក្នុងពេលវេលា ដែលយើងត្រូវត្រៀមការពារសន្តិសុខ សម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងដៃគូអាស៊ាន ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលមកប្រជុំនៅភ្នំពេញនោះទេ»។
លោកបានឱ្យតម្លៃខ្ពស់លើការធានាសន្តិសុខ សុវត្ថិភាពរបស់ថ្នាក់ដឹកនាំជុំវិញពិភពលោក ដែលនឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ។ កម្ពុជាក៏កំពុងទទួលនូវសំណូមពរនៃទស្សនកិច្ចផ្សេងៗទៀតដែរ ក្នុងនោះមាននាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងប្រធានាធិបតីហ្វីលីពីន សម្រាប់ ថ្ងៃទី ៧, ៨ និងទី ៩ ខែវិច្ឆិកា។
ការសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញនេះ ត្រូវបានអនុម័តដោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន ប៉ុន្តែគណៈរដ្ឋមន្ត្រីមិនបានបញ្ជាក់ពីមូលហេតុពិស្ដារ ដែលនាំឱ្យមានការផ្អាកពិធីបុណ្យអុំទូកនេះឡើយ ទើបធ្វើឱ្យមានមតិសាធារណៈកត់សម្គាល់ផ្សេងៗទៅតាមអារម្មណ៍របស់ខ្លួន។
លោកហ៊ុន សែន ថ្លែងថា៖ «អ្នកដែលវិភាគថា រដ្ឋាភិបាលអត់លុយសម្រាប់រៀបចំពិធីបុណ្យ អុំទូកនេះ ក៏សុំវិភាគតាមការគួរនិងចិត្តចង់ ប៉ុន្តែខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋរបស់យើង នឹងយល់នូវអ្វីដែលយើងបានធ្វើ និងបម្រុងធ្វើ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋយើង នឹងយោគយល់នូវពេលវេលា ដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទនភាព»។
លោកអះអាងថា រដ្ឋាភិបាលមិនខ្វះលុយសម្រាប់ដោះស្រាយ បញ្ហាត្រឹមរៀបចំបុណ្យអុំទូកនោះទេ ពីព្រោះក្នុង ១ ខែៗ រដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណ ៤០ លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្រ។ ដូចនេះ រដ្ឋាភិបាលមិនខ្វះថវិកាត្រឹមតែរៀបចំពិធីបុណ្យអុំទូក ដែលចំណាយត្រឹមតែ ៤ ទៅ ៥ លានដុល្លារប៉ុណ្ណោះទេ។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ សម្រាប់ឆ្នាំ ២០២២ នេះត្រូវប្រព្រឹត្តទៅ នាថ្ងៃទី ៧-៩ ខែវិច្ឆិកា។ ពិធីបុណ្យជាតិមួយនេះ ធ្លាប់ត្រូវបានផ្អាកជាហូរហែ ដោយសារស្ថានភាពចាំបាច់ផ្សេងៗ រាប់ទាំងស្ថានភាពកម្ពស់ទឹកទាប បញ្ហាប្រឈមដោយគ្រោះទឹកជំនន់ និងចុងក្រោយ គឺក្ដីបារម្ភ នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែលកម្ពុជាបានផ្អាកពិធីនេះជាប់ៗ គ្នាដែរ គឺឆ្នាំ ២០២០ ឆ្នាំ២០២១ និងនៅឆ្នាំ ២០២២ នេះ។
ទោះបីជានៅរាជធានីភ្នំពេញ មិនមានពិធីអុំទូក ប៉ុន្តែនៅតាមបណ្តាខេត្តក្រុងនានា នៅតែអាចរៀបចំពិធីប្រណាំងទូកបាន ដែលមកដល់ពេលនេះក៏មានខេត្តខ្លះបាននិងកំពុងរៀបចំទូក និងការណែនាំពីការរៀបចំពិធីនេះជាបណ្តើរៗផងដែរ។
លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឱ្យដឹងថា ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំង ទូកខ្នាតអន្តរជាតិ និងទូកក្តារ ៣ សន្លឹក នៅទន្លេវ៉ៃគោ ដែលនឹងធ្វើពីថ្ងៃទី ២៩-៣០ ខែតុលា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរតាំងពីយូរលង់មកហើយ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។
ចំណែក រដ្ឋបាលខេត្តកណ្តាល ក៏នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅផងដែរ គឺនៅថ្ងៃទី ២២-២៣ ខែតុលា។ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា៖ «ឆ្នាំនេះ ដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ២២-២៣ ខែតុលា»។
ក្នុងរយៈពេលនៃពិធីនេះ រដ្ឋបាលខេត្តកណ្តាល ក៏នឹងមានរៀបចំការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរ និងការដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួច នៅល្ងាចថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ ផងដែ