ភ្នំពេញៈ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសបញ្ចេញនូវសៀវភៅ ១ ក្បាល ក្រោមចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា ដែលសៀវភៅនេះនឹងបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ ទៅ ៨០ ភាគរយ ដែលមនុស្សភាគច្រើនមិនបានដឹងពីលោកនាពេលកន្លងមកឡើយ។ នេះបើតាមសំណេររបស់លោកនាយករដ្ឋមន្រ្ដីនៅលើហ្វេសប៊ុក។
លោកនាយករដ្ឋមន្រ្ដីបានសរសេរថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។
លោកបានថ្លែងថា៖«ឯកឧត្តម កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅ ១ ក្បាលដែលមានចំនួន ៦០១ ទំព័រ។សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ប្រមាណ ៧០ ទៅ ៨០ ភាគរយដែលមនុស្សភាគច្រើនមិនបានដឹង ដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញឱ្យដឹងនាពេលនេះ»។ លោកនាយករដ្ឋមន្រ្ដីបញ្ជាក់ថា៖«ខ្ញុំកំពុងឱ្យបោះពុម្ពចំនួន ៥ ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភក្តិបរទេសបានផងដែរ»។
លោក កែវ បាភ្នំ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍នាថ្ងៃទី១៥ ខែកញ្ញាថា ក្រុមការងារបោះពុម្ពសៀវភៅកំពុងតែរៀបចំបោះពុម្ពសៀវភៅនេះ ដើម្បីចែកជូនដល់សាធារណជន ដោយមិនមានគិតកម្រៃឡើយ។
លោកថ្លែងថា៖«គោលការណ៍សម្ដេចលោកអត់គិតថ្លៃទេ លោកចែកជូនទៅតាមបណ្ដាសាលា និងអ្នកដែលចង់អានចង់ដឹងហ្នឹងណា។ ទម្រាំបោះពុម្ពរួចរាល់ប្រហែលយូរដែរ ព្រោះចំនួនសៀវភៅមានច្រើន ឥឡូវក្រុមការងារកំពុងរៀបចំធ្វើការងារនេះហើយ»។ លោកពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរបានថ្លែងថា ការបង្ហាញសៀវភៅដែលជាស្នាដៃថ្មីមួយទៀត ដែលបានបង្ហាញពីជីវប្រវត្តិរបស់លោកនាយករដ្ឋមន្រ្ដីនេះ គឺជាការល្អណាស់ ដោយសារប្រវត្តិសាស្រ្ដបានកប់បាត់ចន្លោះពីឆ្នាំ ១៩៧០ ១៩៧៩ រហូតដល់ឆ្នាំ ១៩៩០ ជាង គឺកម្ពុជាមិនសូវមានឯកសារប្រវត្តិសាស្រ្ដទេ។
លោកថ្លែងថា៖«ឯកឧត្ដម កែវ បាភ្នំ លោករំលេចសៀវភៅនេះឡើង នេះគឺជាឯកសារដ៏សំខាន់មួយដែលកូនខ្មែរគួរតែអានដើម្បីដឹងថា របត់នយោបាយ ព្យុះនយោបាយកម្ពុជាចន្លោះពីឆ្នាំ ១៩៧០ រហូតដល់ឆ្នាំ ១៩៩៨ ដែលកម្ពុជាមានសន្ដិភាពនេះមានអ្វីខ្លះកើតឡើង ហើយនៅពេលដែលយើងអាន យើងនឹងមានទុនគំនិតរបស់យើង»៕