សៀមរាបៈ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯកកាលពី ៥ ឆ្នាំកន្លងមក នៅពេលនេះពួកគាត់បានបញ្ជាក់ថា ពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថា នឹងកែប្រែតំបន់រុនតាឯកពីជនបទឱ្យទៅជាក្រុង «រុនតាឯក»។
លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ដែលបានផ្លាស់ទីលំនៅទៅរស់នៅភូមិធម្មជាតិរុនតាឯកជាច្រើនឆ្នាំមកហើយនោះ បានិយាយថា កាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ទើបគ្រួសារលោកស្ម័គ្រចិត្តដោះដូរ ជាមួយអាជ្ញាធរជាតិអប្សរាពីតំបន់ការពាររមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។
លោកបន្តថា បច្ចុប្បន្នលោកបានរៀបចំផ្ទះធ្វើជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ ដោយគិតជាថ្ងៃ និងដាក់ខែ ហើយលោកទទួលបានផលកម្រៃគួរសមក្នុងមួយខែៗពីផ្ទះស្នាក់ និងទិន្នផលចម្ការ។
លោក ស្រួច សប្បាយចិត្ត ព្រោះការរស់នៅក្នុងភូមិធម្មជាតិរុនតាឯក អាចឱ្យគាត់ចង់ធ្វើអ្វីក៏បានតាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះបើយោងតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចុះផ្សាយនៅថ្ងៃទី ១៥ កញ្ញា។
ពលរដ្ឋម្នាក់ទៀតអ្នកស្រី កី កិន្នរី ក៏បាននិយាយដែរថា អ្នកស្រីបានស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅភូមិធម្មជាតិរុនតាឯក រយៈពេល ៥ ឆ្នាំមកហើយ។
ចាប់តាំងពីអ្នកស្រីទៅរស់នៅ អ្នកស្រីបានកែប្រែដីនោះ មានដាំដំណាំដូចជា ដូង ល្ហុង ម្នាស់ ក្រូចឆ្មារ និងចិញ្ចឹមសត្វ គោ មាន់ ទា ក្ងានជាដើម។ សព្វថ្ងៃនេះ អ្នកស្រី កិន្នរី មានគោចំនួន ១៣ ក្បាល និងមាន់ ទា ក្ងានចំនួនជាង ១០០ ក្បាល។
ជារៀងរាល់ថ្ងៃ អ្នកស្រី អាចរកកម្រៃបានពីការលក់ក្រូចឆ្មា លក់ពងទា ពងមាន់យ៉ាងហោចណាស់ ក៏ទទួលបាន ៣ ម៉ឺនរៀលដែរក្នុង ១ ថ្ងៃ។ ដោយឡែក នៅរដូវក្ងានពងវិញ គឺអ្នកស្រីអាចរកកម្រៃប្រចាំថ្ងៃបានច្រើនគួរសមដែរ តាមរយៈការលក់ពងក្ងានដែលធ្វើឱ្យជីវភាពធូរធារ។
ចំពោះមុខរបរបច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើនគ្រួសារ មួយចំនួនបានចូលបំពេញការងារជាមួយអាជ្ញាធរ ជាតិអប្សរា ខ្លះប្រកបមុខរបរធ្វើផ្ទះស្នាក់សម្រាប់ទទួលភ្ញៀវទេសចរ និងខ្លះទៀតធ្វើកសិកម្មនៅលើដីកម្មសិទ្ធិរបស់ខ្លួន ដែលជាហេតុអាចបានចំណូលច្រើនផ្នែកក្នុងមួយខែៗ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសកាលពីថ្ងៃទី ១៣ កញ្ញាថា នឹងកែប្រែតំបន់រុនតាឯកពីជនបទឱ្យទៅជាទីក្រុងថ្មីមួយ ដែលមានឈ្មោះថា «ក្រុងរុនតាឯក» ព្រមទាំងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រដោយផ្តល់បណ្ណក្រីក្រ និងជួយឧបត្ថម្ភស្ត្រីមានផ្ទៃពោះនៅតំបន់នោះដោយចាប់អនុវត្តពីខែតុលាតទៅ។
លោក ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្នុងពេលថ្មីៗនេះ។
លោកបានលើកឡើងពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នេះត្រូវមានទឹកស្អាត ផ្លូវ អគ្គិសនី ផ្សារ មណ្ឌលសុខភាព និងសាលារៀន ដែលសាលារៀននោះទៀតសោតលោកបានចាត់ចែងឱ្យមានទាំងថ្នាក់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
លោកមានប្រសាសន៍ថា៖ «តំបន់នេះមានប្រជាជននៅចូលដល់ពាន់គ្រួសារហើយហ្នឹង ជាកូនក្រុងមួយហើយ ឥឡូវបន្តិចទៀតឡើងដល់ ៦ ពាន់គ្រួសារ ហើយនៅតំបន់ជិតខាងហ្នឹងថែមទៀតនោះ ដូច្នេះវាក្លាយទៅជាតំបន់មួយថ្មី ដែលទីក្រុងនេះនឹងរីក»៕