សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាចាត់ទុកការលើកឡើងរបស់សង្គមស៊ីវិលជុំវិញរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (BMZ) ថាមានភាពលម្អៀង មិនគ្រប់ជ្រុងជ្រោយ ដែលច្បិចយកមកតែចំណុចអវិជ្ជមានមកវាយប្រហារបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក។
នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ លោកកាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា ខាងសមាគមមិនយល់ស្របនឹងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលលើកឡើងពីស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះទេ ដោយលោកអះអាងថា ក្រុមអង្គការសង្គមស៊ីវិលមិនបានបង្ហាញខ្លឹមសារពេញលេញនៃរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (BMZ) នោះឡើយ។
តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បន្តថា ខ្លឹមសារដែលភាគីសង្គមស៊ីវិលលើកឡើង គឺមិនអាចយកជាការបានឡើយ។
លោកថា ភាគីសង្គមស៊ីវិលយកតែភាពអវិជ្ជមាននៅក្នុងរបាយការណ៍ដើមរបស់ BMZ មកបំប៉ោងខ្លឹមសារចោទប្រកាន់ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា ដោយលោកសង្កត់ធ្ងន់ថាជាសេចក្តីថ្លែងការណ៍រួម ដែលអយុត្តិធម៌។
ការលើកឡើងនេះ ធ្វើឡើងជាការឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍រួមរបស់អង្គការលីកាដូ អង្គការសមធម៌កម្ពុជា និងអង្គការ FIAN ទាក់ទិនស្ថានភាពបញ្ហាបំណុលរបស់ពលរដ្ឋកម្ពុជា ជាមួយនឹងបណ្តាគ្រឹះស្ថានភាពមីក្រូហិរញ្ញវត្ថុទាំងឡាយនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១៤ ខែកញ្ញា។
សេចក្តីថ្លែងការណ៍រួម ដែលមានចំណងជើងថា “ការសិក្សាដែលផ្តល់ជំនួយដោយរដ្ឋាភិបាលអាល្លឺម៉ង់ បង្ហាញពីបញ្ហាធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” បង្ហាញអំពីការព្រួយបារម្ភនៃស្ថានភាពអាក្រក់នៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ព្រមទាំងមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងលិខិតថ្លែងការណ៍រួមនោះ អង្គការសង្គមស៊ីវិលបានគូសបញ្ជាក់ពីលទ្ធផលស្រាវជ្រាវពី BMZ ថា មានភ័ស្តុតាងបន្ថែមទៀតនៃការរីករាលដាលបញ្ហាជំពាក់បំណុលច្រើនលើសលប់នៅកម្ពុជា ដែលនាំឱ្យបានការលក់ដីដោយបង្ខំជាច្រើនករណី។ ពោលក្នុងកម្រិតមួយខ្ពស់ខ្លាំង និងមិនអាចទទួលយកបាន ដែលប្រជាពលរដ្ឋខ្មែរជាង ១៦៧ ០០០ នាក់ បាននិងកំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។
ប៉ុន្តែបើតាម លោកកាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ «បើយើងពិនិត្យមើលរបាយការណ៍ដើមរបស់ BMZ ហ្នឹង និងមើលសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ៣ នោះ គឺមានភាពផ្ទុយគ្នា ដែលយើងមិនអាចទទួលយកបានទេចំពោះសេចក្តីថ្លែងការណ៍ហ្នឹង ហើយយើងកំពុងពិនិត្យស៊ីជម្រៅលើរបាយការណ៍របស់ BMZ»។
ក្រុមសង្គមស៊ីវិលបញ្ជាក់ការគាំទ្រអនុសាសន៍របស់វិទ្យាស្ថានសម្រាប់ការអភិវឌ្ឍន៍និងសន្តិភាព (INEF) ដែលវិទ្យាស្ថាននេះ ក៏ធ្លាប់បានធ្វើការស្រាវជ្រាវស្រដៀង BMZ ដែរ។ អនុសាសន៍ទាំងនោះមានដូចជា ការលុបចោលបំណុលទូទៅសម្រាប់គ្រួសារដែលមានជីវភាពក្រខ្សត់ខ្លាំង បញ្ចប់កិច្ចសន្យានិងផ្តល់សំណងដល់គ្រួសារដែលត្រួវបានបង្ខំឱ្យលក់ដីដោយកើតចេញពីកំហុស ឬធ្វេសប្រហែសរបស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ព្រមទាំងកម្រិតការប្រើប្រាស់ប្លង់កម្មសិទ្ធិដីធ្លីដាក់ជាទ្រព្យធានាជាដើមនោះផង។
ពីខាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាវិញ បញ្ជាក់បន្ថែមថា ស្តង់ដាផ្តល់កម្ចីឥណទានរបស់អឺរ៉ុប និងកម្ពុជា គឺមានស្តង់ដាខុសគ្នា ដោយគេមិនចេះតែអាចយកការលើកឡើងរបស់បរទេស មកប្រើការនៅបរិបទសង្គមកម្ពុជាកើតនោះទេ។ នោះក៏ព្រោះតែនៅប៉ែកអឺរ៉ុប គេច្រើនផ្តល់កម្ចីសម្រាប់តែពលរដ្ឋក្រីក្រ ចំណែកនៅកម្ពុជាផ្តល់កម្ចីមិនគិតកម្រិតជីវភាពឡើយ ឱ្យតែសមស្របតាមលក្ខខណ្ឌ។
ទោះជាយ៉ាងណា លោកកាំង តុងងី ថាខាងសមាគមព្រមទទួលយកគំនិតផ្តួចផ្តើមជាច្រើន ដើម្បីធានាបាននូវការការពារដល់អ្នកខ្ចីឥណទាន ក៏ដូចជាធានានិរន្តរភាពនៃវិស័យនេះ ដោយពង្រឹងការណែនាំអំពីការផ្តល់ប្រាក់កម្ចីដល់ប្រតិបត្តិករនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បណ្តុះបណ្តាលអ្នកគ្រប់គ្រងសាខាប្រចាំតំបន់នានា និងបង្កើតកិច្ចសន្យាកម្ចីស្តង់ដាជាដើម។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២ វិស័យមីក្រូហិរញ្ញវត្ថុដោយមិនរាប់បញ្ចូលធនាគារ បានផ្តល់ឥណទានសរុបវង្វង់ ៨,៧ ពាន់លានដុល្លារ ដល់អតិថិជនសរុបជិត ២ លាននាក់ ខណៈប្រាក់បញ្ញើបានកើនឡើងដល់ប្រមាណ ៤,៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ដែលផ្តល់ដោយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា៕