ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រកឃើញ​រថយន្ត​ធុន​ធ្ងន់​ចំនួន​ ៣៣ ​គ្រឿង​ដឹកជញ្ជូន​លើស​ទម្ងន់ តែ​ស្ថិត​ក្នុង​កម្រិត​អនុគ្រោះ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពី​ក្រុម​ការងារ​ចល័ត​ចម្រុះ​របស់​ក្រសួង​បាន​បើក​ប្រតិបត្តិការ​ឆ្មក់​ត្រួតពិនិត្យ​រយៈពេល​ ២​ ថ្ងៃ ខណៈ​ម្ចាស់​រថយន្ត​ត្រូវបាន​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​ការដឹកជញ្ជូន​លើស​ទម្ងន់​។

កាលពី​ថ្ងៃទី​ ១៣-១៤ ខែ​កញ្ញា លោក គឹម សាន់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​បាន​ដឹកនាំ​ក្រុម​ការងារ​ចល័ត​ចម្រុះ​ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​ចុះ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ការអនុវត្ត​ច្បាប់​ដឹកជញ្ជូន​លើ​ទម្ងន់​កម្រិត​កំណត់ នៅ​ក្រុង​តាខ្មៅ ដោយ​សហការ​ជាមួយ​មន្ត្រី​រដ្ឋបាលខេត្ត​។

ក្រសួង​សាធារណការ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១៦ ខែ​កញ្ញា ថា​៖ «​ប្រតិបត្តិការ​នេះ​បាន​ត្រួតពិនិត្យ​រកឃើញ​រថយន្ត​ធុន​ធ្ងន់​ចំនួន​ ៣៣ ​គ្រឿង​លើស​ទម្ងន់​ក្នុង​កម្រិត​អនុគ្រោះ តាមរយៈ​ការដាក់​ជញ្ជីង​ថ្លឹង​»​។

ជញ្ជីង​ថ្លឹង​ត្រូវបាន​ដាក់​នៅ​ចំណុច​គល់ស្ពាន​ព្រែក​សំរោង ផ្លូវ​លេខ​ ២១ ​បេ ភូមិ​ព្រែក​សំរោង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​តាំងពី​ថ្ងៃរសៀល​រហូត​ដល់​ពាក់​កណ្ដាលយប់​។

លោក គឹម សាន់ បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ឱ្យ​យល់​ពី​ច្បាប់​នៃ​ការដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ គឺ​ច្បាប់​ផ្លូវថ្នល់ និង​បាន​ណែនាំ​កុំឱ្យ​ដឹកជញ្ជូន​លើស​ទម្ងន់​បន្ត​ទៀត ព្រោះ​ការដឹក​លើស​ទម្ងន់​បាន​បង្ក​មហន្តរាយ​ដល់​ផ្លូវជាតិ និង​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​។

គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែកញ្ញា ឆ្នាំ​ ២០២២ គណៈកម្មាធិការ​សម្រប​សម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឃាត់ទុក​យានយន្ត​សរុប​ទូទាំង​ប្រទេស​ចំនួន ២៦៣ ​គ្រឿង​៕