ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា នៅ​ថ្ងៃទី​ ១៦​ កញ្ញា បាន​អញ្ជើញ​ធ្វើជា​សហ​ដឹកនាំ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ តប​តាម​ការអញ្ជើញ​របស់​នា​យ​ឧត្ដមសេនីយ៍ អនុ​ភុង ផៅ​ចិន្តា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ភាគី​ទាំង​ ២ ​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួម ឱ្យដឹងថា កិច្ច​ប្រជុំបាន​ដំណើរការ​ក្នុង​បរិយាកាស​មិត្តភាព សាមគ្គីភាព ភាតរភាព និង​យោគយល់​គ្នា​ទៅវិញទៅមក​។

​ភាគី​ទាំង ​២​ ទទួលស្គាល់​នូវ​សារៈសំខាន់​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​មាន​ឆន្ទៈ​ក្នុង​ការរក្សា​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រវាង​ប្រទេស​ទាំង ​២​។

​កិច្ចប្រជុំ​បានផ្តល់​តម្លៃ​ខ្ពស់​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ លើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ទូលំទូលាយ​ចំនួន​ ១៩​ ចំណុច​។​

​កិច្ចសហប្រតិបត្តិការ​ទាំងនោះ រួមមាន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ស្ដីពី​ការឆ្លងកាត់​ព្រំដែន ដោយ​ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​បន្ត​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅតាម​តំបន់​ព្រំដែន​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​២​។​

​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ការឆ្លងកាត់​ព្រំដែន​អំឡុងពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ​១៩ ដោយ​ភាគី​ទាំង ​២ ​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ ២ បង្កើន​ការសម្របសម្រួល​ឱ្យ​ស៊ីសង្វាក់​គ្នា​នូវ​បែបបទ​នីតិវិធី និង​វិធានការ​ឆ្លងកាត់​ព្រំដែន រួមមាន​វិធានការ​សុខភាព​សាធារណៈ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​ជំងឺឆ្លង​ដទៃទៀត សំដៅ​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​បើក​ដំណើរការ​ឡើងវិញ​នូវ​ច្រកទ្វារព្រំដែន​ផ្សេងទៀត​ដែល​មិនទាន់បាន​បើក​ដំណើរការ​នៅឡើយ​។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅតាម​ព្រំដែន ដោយ ភាគី​ទាំង​ ២​ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការជំរុញ និង​សម្របសម្រួល​ដល់​សកម្ម​ភាព​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ឆ្លងកាត់​ព្រំដែន​រវាង​ខេត្តបន្ទាយមានជ័យ​-​ខេត្ត​ស្រះកែវ និង​ខេត្តកោះកុង​-​ខេត្ត​ត្រាត​។

​បន្ថែម​លើ​នេះ ភាគី​ទាំង ​២ ឯកភាព​សហការ និង​សម្របសម្រួល​សកម្មភាព​ជំនួញ និង​ពាណិជ្ជកម្ម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ជំរុញ​ចីរភាព និង​វិបុលភាព​របស់​ប្រជាជន​រស់នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។​

​ក្រៅពីនេះ​មាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន ដោយ​ភាគី​ទាំង ​២ ​គាំទ្រ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង ​២ ​ពិចារណា​ឡើងវិញ លើ​កិច្ចចរចា​លើ​កិច្ចព្រមព្រៀងទ្វេភាគី ស្តីពី​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន តាមផ្លូវ​គោក​រវាង​ក​ម្ពុ​ជា និង​ថៃ ដើម្បី​ជំរុញ​ការតភ្ជាប់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំង ​២​។​

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុង​តំបន់​ព្រំដែន គឺ​ភាគី​ទាំង ​២​ លើកទឹកចិត្ត​ឱ្យ​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង ២​ សម្របសម្រួល​ដល់​ការធ្វើ​ជំនួញ​ផលិតផល​កសិកម្ម​ឆ្លងកាត់​ព្រំដែន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​។

​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ដោយ ភាគី​ទាំង​ ២​ បាន​ឯកភាពគ្នា​គាំទ្រ​ដល់​ក្រសួង ស្ថាប័ន និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ ២ សហការ​សម្របសម្រួល​ឱ្យ​ពលករ​នៃ​ប្រទេស​ទាំង ​២​ ប្រើប្រាស់​បណ្ណ ព្រំដែន​សម្រាប់ធ្វើ​ការងា​រ​ប្រចាំថ្ងៃ និង​ប្រចាំ​រដូវ​នៅតាម​តំបន់​ព្រំដែន​។​

​បន្ថែម​ពីនេះ ក៏មាន​កិច្ចសហប្រតិបត្តិការ​ក្នុងការ​គ្រប់គ្រង​ច្រកទ្វារព្រំដែន កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​សហគមន៍ កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​គ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការ​លុបបំបាត់​ការកាប់​ឈើ​ខុសច្បាប់ កិច្ចសហប្រតិបត្តិការ​ថែរក្សា​បរិស្ថាន​ព្រំដែន កិច្ចសហប្រតិបត្តិការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន និង​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​។​

​ក្រៅពីនេះ ភាគី​ទាំង ​២ ក៏បាន​សម្រេច​បន្ត​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ សហប្រតិបត្តិការ​ខេត្ត​/​ក្រុង​សម្ព័ន្ធមេត្រី បន្ត​យន្តការ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​ខេត្ត និង​ថ្នាក់មូលដ្ឋាន និង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀត​។​

​កិច្ច​ប្រជុំបាន​លើកទឹកចិត្ត​ឱ្យមាន​សកម្មភាព ឬ​ព្រឹត្តិការណ៍​បន្ថែមទៀត ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង ​២​។

​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីប្រកាស​ព័ត៌មាន​រួម​ស្ដីពី​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​លើក​ទី​៧ ភាគី​កម្ពុជា​បានបញ្ជាក់​ពី​ការយល់ព្រម​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​លើក​ទី​៨ ដោយ​កាលបរិច្ឆេទ ពេលវេលា និង​ទីកន្លែង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ នឹងត្រូវ​ពិភាក្សាគ្នា​តាមផ្លូវ​ទូត​៕