មណ្ឌលគិរីៈ មន្ត្រីបរិស្ថានបានចុះទៅពិនិត្យ និងធ្វើការវាស់វែងដី ក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយពីសហគមន៍នេះបានរាយការណ៍ថា មានអ្នកចូលលួចកាប់ឆ្ការព្រៃឈើអស់ប្រមាណជិត១០០ហិកតា។ ការចុះទៅវាស់វែងនេះធ្វើឡើងនៅថ្ងៃទី១៦ និង ១៧ ខែកញ្ញា ដោយមានការចូលរួមពីប្រធានសហគមន៍ផងដែរ។
លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹង នៅថ្ងៃទី១៨ ខែកញ្ញាថា លោកបានប្រាប់ទៅមន្ត្រីឧទ្យានុរក្សប្រចាំការនៅស្រុកកោះញែកចុះទៅធ្វើការពិនិត្យដល់ទីតាំងភ្លាមៗ ក្រោយពីទទួលដំណឹងថា មានអ្នកចូលលួចកាប់ឈើដោយខុសច្បាប់ក្នុងសហគមន៍។
ទោះយ៉ាងណា លោកប្រធានមន្ទីរបរិស្ថាន អះអាងនៅព្រឹកថ្ងៃទី១៨ ខែកញ្ញាថា លទ្ធផលនៃការវាស់វែង នៅមិនទាន់ដឹងថា ផ្ទៃដីដែលបានឈូសឆាយនោះមានចំនួនប៉ុន្មានហិកតានៅឡើយទេ ប៉ុន្តែ លោកបញ្ជាក់ថា សុំណុំរឿងនេះនឹងបញ្ជូនទៅតុលាការ[ដាក់អញ្ញត្តិជន] ដើម្បីចាត់ការតាមច្បាប់។
លោកថ្លែងថា៖«យើងបានចុះទៅហើយជាមួយសហគមន៍ គឺចុះទៅវាស់វែងមើល តែអត់មានឃើញមនុស្សឃើញអីទេ។ ប៉ុន្តែទន្ទឹមនោះក៏ក្រុមការងារយើងកសាងសំណុំរឿងអញ្ញត្តិជនដាក់ទៅតុលាការដែរ។ យើងចុះទៅរួចហើយកាលពីម្សិលមិញម្សិលម៉្ងៃហ្នឹង [ថ្ងៃទី១៦ និង១៧ ខែកញ្ញា]។»
លោកលីន ម៉ៃ ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៨ ខែកញ្ញាថា រូបលោក និងប្រជាសហគមន៍ចំនួនជាង ៣០នាក់បានចុះទៅល្បាតក្នុងព្រៃសហគមន៍ កាលពីថ្ងៃចន្ទសប្តាហ៍មុន បានប្រទះឃើញការកាប់រានទន្ទ្រានព្រៃឈើចំនួន២កន្លែង ដោយ១កន្លែងមានទំហំមិនក្រោមពី៣០-៤០ហិកតាទេ។ ដើមឈើដែលត្រូវបានកាប់នោះជាក់ស្តែងនៅថ្មីៗតែម្តង។ លោកប្រធានសហគមន៍ប្រាប់ថា ការចុះទៅល្បាតលើកនេះដោយសារតែមានការអាក់ខានចុះល្បាតមួយរយៈដោយសាររវល់កិច្ចការងារផ្សេងៗ។
លោកថ្លែងថា៖«តាមឃើញជាក់ស្តែង ព្រៃដែលជនខិលខូចលួចកាប់នេះ គឺទើបកើតឡើងថ្មីៗ ប៉ុន្តែអត់មានឃើញជនសង្ស័យទេ ហើយការបោះតង់ ឬធ្វើកន្លែងស្នាក់នៅអី ក៏អត់ឃើញមានដែរ។ នៅក្នុងព្រៃជ្រៅ យើងក៏មិនដឹងថា គេនៅកន្លែងណាដែរ បើគេដេកនៅឆ្ងាយពីកន្លែងកាប់ហ្នឹងក៏យើងរកមិនឃើញដែរ កន្លែងហ្នឹង»។
លោក លីន ម៉ៃ ឱ្យដឹងទៀតថា ដីសហគមន៍ជនជាតិដើមភាគតិចព្នងនេះ មានទំហំ៥ ០០០ហិកតា មានប្រជាសហគមន៍ចំនួន៨០គ្រួសារ។ ប្រជាសហគមន៍ចង់ថែរក្សាដីនេះទុកឱ្យនៅគង់វង្សដល់អ្នកជំនាន់ក្រោយបានដឹងពីវប្បធម៌ ទំនៀមទម្លាប់ ការរស់នៅរបស់ជនជាតិដើមភាគតិចព្នង។ ជាមួយគ្នានោះក៏ថែរក្សា ដើម្បីអ្នកជំនាន់ក្រោយមួយចំនួន ដែលមិនបានសិក្សារៀងសូត្រ អាចពឹងអាស្រ័យដើមឈើក្នុងព្រៃយកមកធ្វើលំនៅ និងអាស្រ័យផល។
លោកថ្លែងថា៖«សហគមន៍ខ្ញុំមានព្រៃតំណម មានព្រៃអារក្ស មានព្រៃកប់សព និងដីបម្រុងទុក ហើយដីព្រៃហ្នឹង មានតែរុករានធ្វើចម្ការ និងធ្វើស្រែអាចបាន»។
លោកគ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លើកឡើងថា តាមការកត់សម្គាល់ ការអនុវត្តច្បាប់របស់មន្ត្រីបរិស្ថាននៅខេត្តមណ្ឌលគិរី ហាក់ធ្វើឡើងដោយស្តង់ដា២។ ទី១ ចំពោះប្រជាពលរដ្ឋគ្រាន់តែកាប់បន្តិចបន្តួច ក៏អនុវត្តច្បាប់តឹងតែង ធ្វើទុក្ខបុកម្នេញ ឬចាប់ផ្តន្ទាទោសដាក់ពន្ធនាគារតែម្តង។ ចំណែកទី២ ការរត់ច្បាប់ គឺអ្នកមានអំណាច អ្នកមានលុយ ឬឈ្មួញ ជាដើមនោះ ពួកគាត់មើលមិនឃើញឡើយ។
លោកថ្លែងថា៖«ជាការកត់សម្គាល់របស់ខ្ញុំ ចំពោះរឿងហ្នឹង ខ្ញុំគិតថា មិនគួរមន្ត្រីមានសមត្ថកិច្ចបណ្តែតបណ្តោយបែបហ្នឹងទេ ហើយវាមិនដែលថា ទៅរកមនុស្សកាប់អត់ឃើញទេ។ តាមខ្ញុំ ហ្នឹងប្រហែលគាត់មិនបានចុះទៅដល់កន្លែងផង គាត់ចេះតែនិយាយ ចេះតែថាហ្នឹង»។
ពាកព័ន្ធការលើកឡើងនេះ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលើកឡើងថា មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី មិនដែលទុកការងារចោលទេ គ្រាន់តែពេលខ្លះមានការឆកល្វែងដោយសារផ្ទៃដីធំ ហើយកម្លាំងមន្ត្រីឧទ្យានុរក្សមានចំនួនកំណត់។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា មន្ត្រីបរិស្ថាន នឹងចុះអនុវត្តការងារភ្លាមៗ នៅពេលមានការរាយការណ៍ពីប្រជាពលរដ្ឋ ឬប្រភពណាមួយ ដើម្បីអន្តរាគមន៍ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ករណីលួចកាប់ឈើនេះ លោកបានបញ្ជាទៅមន្ត្រីឧទ្យានុរក្ស ចុះទៅពិនិត្យមើលវាស់វែងភ្លាមៗ ក្រោយទទួលបានព័ត៌មាន៕