ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ជួន ណារ៉ុន កាលពីថ្ងៃទី ១៧ កញ្ញា បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមប្រធានបទ ភាពជាដៃគូអប់រំបរិស្ថានបៃតងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអប់រំ (Greening Education Partnership: Climate Change Education)។ នេះបើតាមក្រសួងអប់រំ។
ក្រសួងអប់រំបានឱ្យដឹងថា កិច្ចប្រជុំកំពូលស្ដីពី បរិវត្តកម្មប្រព័ន្ធអប់រំនៅអង្គការសហប្រជាជាតិ (Transforming Education Summit)នេះ មានគោលបំណង ពិភាក្សាលើដំណោះស្រាយ និងផ្តល់អនុសាសន៍ដោយផ្នែកលើភ័ស្តុតាង នវានុវត្តន៍ និងការកំណត់សកម្មភាពអាទិភាព សម្រាប់ធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។ ក្រសួងថា៖ «អនុសាសន៍សំខាន់ៗនេះរួមមាន ការផ្តល់ឱកាសសម្រាប់ការសិក្សារៀនសូត្ររបស់សិស្សប្រកបដោយសមធម៌ និងបរិយាប័ន្ន បច្ចេកវិទ្យាក្នុងវិស័យអប់រំ ការចូលរួមរបស់យុវជនហិរញ្ញប្បទានសម្រាប់វិស័យអប់រំ និងឆន្ទៈនយោបាយ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ ២០៣០»។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះ លោក ហង់ជួន ណារ៉ុន បានធ្វើបទអន្តរាគមន៍ដោយផ្តោតលើការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ លោកបានថ្លែងថា៖ «ក្នុងនាមជាប្រធានអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការបង្កើនការប្រកួតប្រជែងសេដ្ឋកិច្ចដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ»។ លើសពីនេះកម្ពុជាបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសបានបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងការបង្កើនភាពធន់នៅក្នុងវិស័យអប់រំ។
លោក ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំក៏បានសហការជាមួយសម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីផលិតសៀវភៅសិក្សាគោល និងសៀវភៅអប់រំសុខភាព ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីបង្កើនការយល់ដឹងស្តីពីការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំដល់នាយកសាលារៀន គ្រូបង្រៀន និងលើកទឹកចិត្តឱ្យយុវជនក្នុងការចូលរួម និងយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ។
លោកបានថ្លែងថា៖ «ក្រសួងអប់រំ យុវជន និងកីឡាបានគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្សព្វផ្សាយស្តីពីភាពជាដៃគូអប់រំបរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុក្នុងវិស័យអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់វិស័យអប់រំនៅកម្ពុជា»។
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅថ្ងៃទី ១៧ ខែកញ្ញានេះដែរលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងអប់រំ ចូលរួមកម្មវិធី Youth Mobilization Day ដែលជាព្រឹត្តិការណ៍អម កិច្ចប្រជុំកំពូលដោយមានការចូលរួមពីគណៈប្រតិភូនៃបណ្តាប្រទេសជាច្រើន។
លោក ស សុខា បានថ្លែងថា៖ «កិច្ចប្រជុំនេះ ផ្តល់ឱកាសដល់យុវជនប្រមូលនូវក្តីកង្វល់ និងសំណូមពរដល់ថ្នាក់ដឹកនាំក្នុងការដាក់ចេញនូវអនុសាសន៍ឆ្លើយតប ក្នុងការធានាបាននូវការអប់រំប្រកបដោយសមធម៌ និងគុណភាព»៕