ភ្នំពេញៈក្រសួងសុខាភិបាលកម្ពុជា និងមូលនិធិ GX របស់ប្រទេសចិន នៅពីថ្ងៃទី ១៩ ខែកញ្ញា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដើម្បីផ្ដល់ការព្យាបាលជំងឺភ្នែកនេះដល់ពលរដ្ឋនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីគម្រោងទី១ អនុវត្តនៅខេត្តកំពង់ចាមពីឆ្នាំ ២០១៩ បានជោគជ័យដោយវះកាត់ព្យាបាលជូនពលរដ្ឋឥតគិតថ្លៃបានជាង ៦ ពាន់នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងលោក លឿង ជុង យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនសាធារណរដ្ឋប្រជាមានិតចិននិងជាប្រធានមូលនិធិ GX និងមានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធា
រណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ។
«ការចុះអនុស្សរណៈនេះដោយយោងតាមគំនិតផ្គួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ម៉ម ប៊ុនហេង ថ្លែងក្នុងពិធីនោះថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្ដព្រៃវែងគឺត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានពន្យារ
ពេលអនុវត្តដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។
លោកបញ្ជាក់ថា៖ «គម្រោងនេះ រួមមានការផ្ដល់គ្លីនិកចល័តសម្រាប់វះកាត់ភ្នែកឡើងបាយដោយមានបំពាក់សម្ភារបរិក្ខារវះកាត់ភ្នែកចំនួន ២ គ្រឿង និងរថយន្តសម្រាប់ដឹកអ្នកជំងឺទំហំ ៣៥ កៅអី ចំនួន ១ គ្រឿង។ បញ្ជូនគ្រូពេទ្យឯកទេសចក្ខុរោគទៅបណ្ដុះបណ្ដាលបន្ថែមនៅប្រទេសចិន និងក្រុមគ្រូពេទ្យចិននឹងសហការជាមួយគ្រូពេទ្យកម្ពុជាដែលបានទទួលការបណ្តុះបណ្តាលផ្ដល់សេវាវះកាត់ភ្នែកឡើងបាយ ឬបញ្ហាភ្នែកផ្សេងៗនៅខេត្ដព្រៃវែង ដោយឥតគិតថ្លៃផងដែរ»។
លោក ប៊ុនហេង បានឱ្យដឹងថា ការចុះអនុស្សរណៈនេះ គឺជាគម្រោងទី២ ហើយ។ កាលពីគម្រោងទី១ ត្រូវបានអនុវត្ដដោយជោគជ័យនៅខេត្ដកំពង់ចាមក្នុងឆ្នាំ ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងសុខាភិបាល និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក ឧបត្ថម្ភដោយមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង។
លោកបន្តថា ក្នុងគម្រោងទី១ ក្រុមគ្រូពេទ្យឯកទេស បានវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនដោយឥតគិតថ្លៃបានជាង ៦ ០០០ នាក់ ដែលអាចឱ្យពលរដ្ឋបន្តជីវិតរស់នៅដោយភាពសប្បាយរីករាយ។
លោក ប៊ុនហេង បញ្ជាក់់ថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលប្រយុទ្ធនឹងជំងឺកូវីដ ១៩ មូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិនក៏បានផ្តល់ជំនួយជាឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត ជូនរាជរដ្ឋាភិបាលនៃកម្ពុជា រួមមាន ម៉ាស៊ីនអុកស៊ីហ៊្សែន ចំនួន ៣០០ គ្រឿង,ម៉ាស់វះកាត់ចំនួន ១ លានម៉ាស់, អាវបំពង់ចំនួន៣ម៉ឺនអាវ, ស្រោមដៃចំនួន ១៦ ម៉ឺនគូ, វ៉ែនតាសុវត្ថិភាពចំនួន១ម៉ឺន និងរបាំងមុខចំនួន ១ ម៉ឺនផងដែរ។
លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាច្រើននាពេលកន្លងមកនេះ រួមមាន ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្តនិងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ព្រមទាំងក្រុមវេជ្ជសាស្រ្ត ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងសេវាសុខាភិបាល ជាពិសេសក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។
លោក លឿង ជុន យីង បានថ្លែងក្នុងពិធីនេះថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយនៅខេត្ដព្រៃវែងនៅពេលនេះ។បន្ទាប់ពីមូលនិធិរបស់យើងបានសម្រេចជោគជ័យក្នុងការវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជាដែលរស់នៅខេត្ដកំពង់ចាម ចំនួន ៦ ២០០ នាក់ កាលពីកន្លងទៅ»។
លោកបន្ដថា សម្រាប់គម្រោងនៅខេត្ដព្រៃវែងនេះគ្លីនិកចល័តសម្រាប់វះកាត់ភ្នែកឡើងបាយដោយមានបំពាក់សម្ភារបរិក្ខារវះកាត់ភ្នែកចំនួន ២ គ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺទំហំ ៣៥ កៅអី ចំនួន ១ គ្រឿង នឹងដឹកមកដល់កម្ពុជានៅខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។
លោកបញ្ជាក់ថា ក្រុមគ្រូពេទ្យេឯកទេសរបស់លោកនឹងនៅជាប់ជាមួយពលរដ្ឋកម្ពុជា មិនមែនតែពេទ្យវះកាត់ភ្នែកជាង ២០ នាទីនោះទេ ប៉ុន្ដែនឹងនៅបន្តរយៈពេល ៣ ឆ្នាំ ដើម្បីចាំជួយព្យាបាលឬវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋឱ្យអស់នៅទូទាំងខេត្តព្រៃវែង ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពដូចប្រជាពលរដ្ឋនៅខេត្តកំពង់ចាម ដែលបានវះកាត់ជោគជ័យជាង ៦ ០០០ នាក់ នោះដែរ៕