ភ្នំពេញៈ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នៅថ្ងៃទី ១៩ ខែកញ្ញា បានអនុម័តលើគម្រោងចំណាយថវិការបស់រដ្ឋសភា ឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការចំណាយរបស់រដ្ឋសភាសម្រាប់ឆ្នាំ ២០២៣ មានទឹកប្រាក់ចំនួន ១៧១ ពាន់លានរៀល ប្រមាណ ៤៣ លានដុល្លារ។ ចំនួនទឹកប្រាក់នេះ មានការថយចុះបើប្រៀបធៀបជាមួយនឹងស្ថានភាពប្រទេសដែលមិនទាន់ផ្ទុះជំងឺកូវីដ ១៩។
លោកថា៖« កាលអំឡុងកូវីដ ១៩ គឺកាត់បន្ថយការចំណាយ ប៉ុន្តែដោយសារបច្ចុប្បន្នយើងបើកប្រទេសឡើងវិញ អ៊ីចឹងសកម្មភាពយើងវិលមកធម្មតា យើងលែងប្រជុំតាមវីដេអូហើយ គឺប្រជុំដោយផ្ទាល់ ថវិកានេះមិនខ្ពស់ដូចឆ្នាំ ២០១៩ ទេ គឺនៅទាបជាង»។
លោកបន្ថែមថា ថវិកានេះសម្រាប់ការចំណាយទៅលើការរៀបចំកម្មវិធីផ្សេងៗ ខណៈរដ្ឋសភាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ ២០២៣ និងបញ្ចូនគណៈប្រតិភូទៅចូលរួមក្នុងវេទិកាអន្តរជាតិផ្សេងៗ ដូចនេះវាត្រូវចំណាយ។
លោក ឡេង ប៉េងឡុង ឱ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ កម្ពុជានឹងទៅចូលរួមវេទិកាសភាអន្តរជាតិ រួមមាន សហភាពអន្តរសភា (IPU) អន្តរសភាអាស៊ី អន្តរសភាអាស៊ីប៉ាស៊ីហ្វិក អន្តរសភាបារាំង និងការប្រជុំអមធំៗ រួមនឹងចូលរួមកិច្ចប្រជុំមហាសន្និបាតអន្តរជាតិផងដែរ៕