ភ្នំពេញៈ ពិធីបុណ្យ​កាន់បិណ្ឌ​បាន​រំកិល​មកដល់​បិណ្ឌ​ទី​៩ ហើយ គិត​នៅ​ត្រឹម​ថ្ងៃទី​ ១៩ ខែកញ្ញា ខណៈ​គេ​កត់សម្គាល់​ឃើញ​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ ក្នុង​នោះ​ក៏មាន​យុវវ័យ​កាន់តែ​ច្រើន​ផងដែរ នាំគ្នា​ទៅ​វត្ត​ធ្វើបុណ្យ​កាន់បិណ្ឌ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ថែរក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​។

កញ្ញា​ អៀ សុនីតា ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៤ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែងថា គោលបំណង​ធំ​បំផុត​របស់​កញ្ញា​គឺ​ទៅ​វត្ត​ដើម្បី​រក្សា​ប្រពៃណី​។ កញ្ញា​ចង់​មាន​ន័យថា យ៉ាង​ហោចណាស់​ក៏បាន​ទៅ​ ១​ វត្ត​ក្នុង​អំឡុងពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ១៥ ​ថ្ងៃ​។ «​ទៅ​វត្ត​ក៏ដោយ​សារ​គិត​រឿង​ធ្វើបុណ្យ​ ព្រោះ​ខ្ញុំ​ក៏​ជឿ​លើ​ការសាង​បុណ្យ​សន្សំ​កុសល​ដែរ​»​។

ប៉ុន្តែ​កញ្ញា​ថា ការធ្វើ​បុណ្យ​របស់​កញ្ញា គឺ​ប្រព្រឹត្ត​ទៅ​ដោយ​គិត​លើ​ភាពត្រឹមត្រូវ​មិនមែន​គិតតែ​ពី​ជំនឿ​នោះទេ ពោល​គឺ​កញ្ញា មាន​បំណង​ធ្វើយ៉ាងណា​ឱ្យ​ជំនឿ និង​ភាពជឿនលឿន​ដើរ​ទន្ទឹមគ្នា​។

ចំណែកឯ​កញ្ញា ឡេង ម៉ារឺឌី និស្សិត​ទើប​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់ថា ការ​ទៅ​វត្ត​ក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជា​កាតព្វកិច្ច​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវបំពេញ​។​ «​ខ្ញុំ​ខ្លួនឯង​មាន​អារម្មណ៍​ស្រឡះ​ខ្លួន ក្រោយ​ពេល​បាន​ទៅ​វត្ត ថ្វាយ​ចង្ហាន់ ព្រះសង្ឃ​ហើយ​...​ខ្ញុំ​យល់ថា ដូនតា​នឹង​តាម​ថែរក្សា​យើង​វិញ​»​។

ចំណែក​បុគ្គលិក​អប់រំ​វិញ លោក សន ប៊ុនស៊ីម យល់ថា លោក​ធ្វើបុណ្យ​ក៏​គិត​ទៅលើ​ភាពខ្វះខាត​ជាក់ស្ដែង​ផងដែរ​ដោយ​លោក​​ចូលចិត្ត​ទៅ​វត្ត​ដាច់ស្រយាល ជាជាង​ទៅ​វត្ត​នៅ​ភ្នំពេញ​។ «​ការធ្វើបុណ្យ​ និង​ធ្វើ​ទាន​គឺ​ដើម្បី​សន្សំ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ចេះ​ចែករំលែក​ជាមួយ​សហគមន៍ ដូចជា​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ និង​ហូប​អាហារ​ជុំគ្នា​ជាមួយ​ពុទ្ធបរិស័ទ​ឯទៀត​»៕