ភ្នំពេញៈ ទន្ទឹមនឹងអ្នកវិទ្យាសាស្ត្ររកឃើញវិធីសាស្ត្រ ឬឧបករណ៍ការពារពីការវាយលុយធ្ងន់ធ្ងរនៃមេរោគកូវីដ ១៩ តាមរយៈវ៉ាក់សាំង ឱសថ និងបរិក្ខារផ្សេងៗ ក៏ដូចជាវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ មេរោគនេះក៏ចេះធ្វើការបំប្លែងខ្លួនចន្លោះពី ៤០ ទៅ ៥០ ប្រភេទផ្សេងទៀត។ នេះបើតាមមន្ត្រីជាន់ខ្ពស់សុខាភិបាល។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមករបស់ក្រសួងសុខាភិបាល» កាលពីចុងសប្តាហ៍មុន ថ្លែងថា មេរោគកូវីដ ១៩ នេះឆ្លាតណាស់ ដោយបានបំប្លែងខ្លួនរបស់វារហូតប្រមាណជា ៤០ ទៅ ៥០ ប្រភេទ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសុំប្រើពាក្យថា មេរោគនេះបានបង្កើតកូនបង្កើតចៅបានច្រើនហើយ ដូចនេះយើងក៏ត្រូវតែបន្តការប្រុងប្រយ័ត្នរបស់យើងផងដែរ»។
លោកស្រីបន្ថែមថា កម្ពុជាបានរៀនសូត្រច្រើនពីកូវីដ ១៩ ក្រោមការដឹកនាំ និងណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាដើម។ ប៉ុន្តែទោះជាយ៉ាងណា ទាំងអស់គ្នាត្រូវតែបន្តវិនិយោគថែមទៀត ដើម្បីត្រៀមលក្ខណៈបង្ការជំងឺ ឬមេរោគថ្មីផ្សេងៗទៀតដែលអាចនឹងកើតមាននៅពេលខាងមុខ។
លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖« យើងមិនដឹងថា តើនឹងមានហេតុការណ៍អ្វីខ្លះដែលអាចនឹងកើតមានឡើង មានជំងឺអីទៀត ដែលវានឹងផ្ទុះចេញឡើង ហើយបើយើងមើលកូវីដ ១៩ គឺមិនទាន់ ចប់ទេ ដែលនៅតាមបណ្តាប្រទេសទាំងអស់នៅតែរាយការណ៍រកឃើញករណីឈឺ និងស្លាប់នៅឡើយ ដោយគ្រាន់តែចំនួនមានការថយចុះជាងមុន»។
ទាក់ទងនឹងចំណុចនេះហើយ ដែលមន្ត្រីសុខាភិបាលជាន់ខ្ពស់រូបនេះ នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋបន្តការការពារខ្លួនជាប់ជាប្រចាំ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ផ្នែកសុខភាពសង្គម ការរស់នៅ និងសេដ្ឋកិច្ចជាតិផងដែរ។
ចំណែកលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលក៏បានថ្លែងដែរថា ក្រសួងតែងតែរំឭកឱ្យប្រជាពលរដ្ឋការពារហើយ ការពារទៀតពីមេរោគកូវីដ ១៩ ដោយសារគ្រប់គ្នាមិនដឹងថា មេរោគកូវីដនៅទីណាខ្លះទេ។ ម្យ៉ាងវិញទៀត ការការពារជាប្រចាំ គឺជាចំណុចជោគជ័យមួយរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងកូវីដ ១៩ នេះ។
លោកស្រីថ្លែងថា៖ «យើងត្រូវតែក្រើនរំឭកប្រជាពលរដ្ឋ ដើម្បីកុំឱ្យពួកគាត់ភ្លេចខ្លួន បើភ្លេចខ្លួនតែបន្តិច មេរោគនឹងចូលក្នុងខ្លួនយើងភ្លាម។ ការបំប្លែងមេរោគនេះ គឺលឿនណាស់ដែលយើងមិនអាចនឹកស្មានដល់។ ដូចនេះហើយការក្រើនរំឭកជាដដែលៗ ដែលអាចធ្វើឱ្យមានការធុញទ្រាន់ពិតមែន ប៉ុន្តែដើម្បីតែប្រជាពលរដ្ឋយើងមានសុខភាពល្អប៉ុណ្ណោះ»។
លោកស្រី យក់ សម្បត្តិ បន្ថែមថា ការអប់រំ ការក្រើនរំឭក ទាក់ទងនឹងបញ្ហាសុខភាពនេះ គឺជារឿងសំខាន់ ដែលក្រសួងសុខាភិបាលតែងតែធ្វើជានិច្ចកាលមិនដែលខ្វះចន្លោះនោះទេ។
ទាក់ទងនឹងវ៉ាក់សាំងកូវីដ ១៩ លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ ក៏មានការបង្ហាញជាបន្តបន្ទាប់នូវប្រសិទ្ធភាពនៃការចាក់ដូសជំរុញ ហើយការចាក់ដូសជំរុញនេះដែរ អ្វីដែលកាន់តែមានប្រសិទ្ធភាពទៀតនោះ គឺការប្រើប្រាស់វ៉ាក់សាំងឆ្លាស់គ្នា ដែលវាជួយបង្កើននូវអង់ទីគ័របានខ្ពស់ល្អ។
លោកស្រីបន្តថា ហេតុនេះហើយ បានជាកម្ពុជាបានជ្រើសរើសយកវ៉ាក់សាំងកូវីដ ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋច្រើនមុខ ច្រើនប្រភេទ ដែលធ្វើឱ្យកម្ពុជាអាចងាកមករស់នៅជាធម្មតា តាមបែបប្រក្រតីភាពថ្មី។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា៖ «វ៉ាក់សាំង ដែលយើងប្រើសព្វថ្ងៃនេះ នៅតែមានសុពលភាពត្រឹមត្រូវ ហើយយើងបានហាមដាច់ខាត មិនឱ្យមានការប្រើប្រាស់វ៉ាក់សាំងហួសសុពលភាពនោះទេ ហើយកម្ពុជាក៏មិនទាន់មានវ៉ាក់សាំងណាដែលហួសសុពលភាពដែរ»។
កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សរុបទាំងទិញ និងជំនួយមានប្រហែល ៧៤ លានដូស ហើយមកដល់ពេលនេះ វ៉ាក់សាំងដែលនៅក្នុងស្តុក មានប្រមាណជា ៥ ទៅ ៦ លានដូសទៀត។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៨ ខែកញ្ញា អត្រាចាក់វ៉ាក់សាំងសម្រាប់ដូសទី១ បានជាង ១៥ លាននាក់ ដូសទី២ បានជាង ១៤ លាននាក់ ដូសទី៣ បានជាង ១០ លាននាក់ ដូសទី៤ បានជាង ៤ លាននាក់ និងដូសទី៥ បានជាង ៨០ ម៉ឺននាក់៕
វីដេអូ៖