
អ្នកដំណើរឈរចាំទិញសំបុត្ររថភ្លើងសម្រាប់ធ្វើដំណើរ កាលពីថ្ងៃទី ១៩ ខែកញ្ញា។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសបើកឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយមិនគិតថ្លៃរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ បន្ថែមពីលើរថយន្តសាធារណៈដែលមានកន្លែងអង្គុយជាង ១ ម៉ឺនកៅអីក្នុង ១ ថ្ងៃ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សេចក្ដីជូនដំណឹងនេះបានឱ្យដឹងថា៖ «ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរដោយមិនបង់ប្រាក់រយៈពេល ៤ ថ្ងៃ។ ចំពោះសំបុត្រសម្រាប់ធ្វើដំណើរតាមរថភ្លើងទាំង ២ ខ្សែនេះ នឹងមានការចែកជូនរយៈពេល ២ ថ្ងៃ មុនថ្ងៃធ្វើដំណើរនៅស្ថានីយរថភ្លើងនៅរាជធានីភ្នំពេញ និងនៅតាមស្ថានីយបណ្តាខេត្តនានាចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច»។
យោងតាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ខ្សែរថភ្លើងទី ១ មានគោលដៅនៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ខ្សែរថភ្លើងទី ២ មាននៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ។
កាលពីថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីបង្ការការឡើងថ្លៃសេវារថយន្តឈ្នួល និងជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ដោយក្នុងនោះរថយន្ត ១២០ គ្រឿង ត្រៀមដឹកប្រជាពលរដ្ឋពីភ្នំពេញទៅតាមបណ្តាខេត្តនានា និងចំនួន ៥៥ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ទីតាំងចេញដំណើរតាមផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ២ នៅផ្លូវ ៦០ ម៉ែត្រទល់មុខក្រុមហ៊ុនមែរសឺដេស។ ផ្លូវជាតិលេខ ៣ និងលេខ ៤ នៅផ្សារសិនជូរីផ្លាហ្សា។ ផ្លូវជាតិលេខ ៥ ភ្នំពេញ-បាត់ដំបង នៅសួនឫស្សីកែវ និងភ្នំពេញ-បន្ទាយមានជ័យនៅរង្វង់មូលទេពមច្ឆាជ្រោយចង្វារ។ ផ្លូវជាតិលេខ ៦ និងលេខ ៧ ភ្នំពេញ-កំពង់ចាម-ត្បូងឃ្មុំ-ក្រចេះ-ស្ទឹងត្រែង នៅមុខរាជាយស្ម័យយាន។
លោក ឃ្លី នរៈ ប្រធានការិយាល័យរដ្ឋបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៩ ខែកញ្ញាថា សាលារាជធានីភ្នំពេញបានត្រៀមទាំងលក្ខណៈបច្ចេកទេស និងអ្នកបើកបររួចរាល់អស់ហើយ ដើម្បីបម្រើសេវាជូនពលរដ្ឋ។
លោកបន្តថា៖ «រថយន្តអស់នេះ យើងបានត្រៀម និងទុកដាក់នៅកន្លែងនីមួយៗអស់ហើយ រង់ចាំតែថ្ងៃចេញដំណើរទេ។ សូមជម្រាប ថាតាមបទពិសោធកន្លងមក យើងមិនបានប្រើប្រាស់សំបុត្រអីនោះទេ គឺពលរដ្ឋដែលចង់ជិះរថយន្ត គឺគាត់អាចមកតាមទីតាំងនីមួយៗ ហើយយើងមានក្រុមសម្របសម្រួលរបស់យើង ដើម្បីរៀបចំពួកគាត់ចូលរថយន្តតែម្តង»។
លោកថា រថយន្តដែលបានរៀបចំ គឺអាចមានលទ្ធភាពដឹកអ្នកដំណើរបានប្រមាណជាង ១ ម៉ឺននាក់ក្នុង ១ ថ្ងៃៗ ដោយសង្ឃឹមថា ការផ្តល់ជូននេះ នឹងចូលរួមកាត់បន្ថយហានិភ័យ និងការចំណាយនានារបស់ពលរដ្ឋ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងដោយចង់ឱ្យរដ្ឋាភិបាលសិក្សាបន្ថែមទៀតក្នុងការផ្តល់សេវាឱ្យចំគោលដៅកៀកនឹងមូលដ្ឋានរបស់ពលរដ្ឋ៕
វីដេអូ៖