ព្រះសីហនុៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងថា ការដែលរដ្ឋាភិបាលចំណាយថវិកាជាង ២០០ លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្រុងព្រះសីហនុ ក្នុងគោលបំណងទាក់ទាញវិនិយោគ បង្កើនចំណូលជាតិ មិនមែនសម្រាប់ឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ ខណៈលោកណែនាំអាជ្ញាធររឹតបន្តឹងច្បាប់នៅទីនោះ។
ការលើកឡើងនេះ ស្របពេលដែលខេត្តព្រះសីហនុនៅតែទទួលបានពាក្យបណ្តឹង ទាក់ទងការជួញដូរមនុស្សខុសច្បាប់ និងមានការរីករាលដាលនៃទីតាំងល្បែងស៊ីសងខុសច្បាប់ ទោះបីអាជ្ញាធរបានដាក់ចេញវិធានការបង្ក្រាបក៏ដោយ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី ១៩ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងថា ៖«រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង ២០០ លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ ២ ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ ៤ នោះ មិនមែនដើម្បីបម្រើឱ្យឋានសួរគ៌នៃល្បែងខុសច្បាប់នោះទេ»។
លោកគូសបញ្ជាក់ថា ការកសាងទាំងនោះ ក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរត្រឹមត្រូវ ដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ។
លោកថា៖ «ការបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងខុសច្បាប់មិនអាចជំនួសឱ្យការវិនិយោគត្រឹមត្រូវតាមច្បាប់នោះបានទេ ខុសច្បាប់ហ្នឹងមានពន្ធ មានចំណូលស្អីចូលរដ្ឋដូចគេវិនិយោគត្រឹមត្រូវ? វាថែមទាំងរារាំងការវិនិយោគត្រឹមត្រូវដែលគេមានទុនវិនិយោគច្រើនថែមទៀតផង»។
លោកបន្តថា៖ «ព្រោះធម្មតាមុននឹងគេយកប្រាក់មកវិនិយោគ គេមើលទាំងអស់។ ការមកច្រើននៃអ្នកមិនត្រឹមត្រូវនេះ វាក៏មិនអាចមកជំនួសអ្នកជំនាញល្អៗ និងទេសចរនោះបានដែរ ប៉ុន្តែវាថែមទាំងរារាំងអ្នកជំនាញ និងទេសចរណ៍ថែមទៀតផង»។
ជាមួយគ្នានេះដែរលោក បានណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចយកចិត្តទុកដាក់សម្រេចគោលដៅ អាទិភាពមួយចំនួន រួមមានសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា ខិតខំស្រាវជ្រាវរកមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង។
ត្រួតពិនិត្យ ប្រមូលភ័ស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់។
បន្ថែមពីនេះ ត្រូវពន្លាតការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកបទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងៗទៀត។
លោក ស ខេង បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងនោះ គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាមីជន សាច់ញាតិ ស្ថានទូត និងអង្គការអន្តរជាតិមួយចំនួន។
លោកឱ្យដឹងថា ក្នុងនោះខេត្តព្រះសីហនុមានបណ្តឹង ២១២ ករណី ពោធិ៍សាត់មាន ៤ ករណី ស្វាយរៀងមាន ១៨ ករណី ខេត្តកោះកុងមាន៥ករណី ប៉ៃលិនមាន ១ ករណី ឧត្តរមានជ័យមាន ១៤ ករណី កណ្ដាលមាន ១៨ ករណី សៀមរាបមាន ១ ករណី រាជធានីភ្នំពេញ ១៤ ករណី និងខេត្តបន្ទាយមានជ័យមាន ២ ករណី។
លោកថា៖ «ពាក្យបណ្ដឹងទាំងឡាយនេះ ដំបូងឡើយយើងក៏មិនជឿទុកចិត្តទាំងស្រុងនោះដែរ ប៉ុន្តែឆ្លងកាត់ការអនុវត្តជាក់ស្ដែងបន្តបន្ទាប់គឺប្រមាណ ៩៥ ភាគរយជាការពិត»។
លោកបន្ថែមថា ក្រុមប្រតិបត្តិការ ក៏បានស្រាវជ្រាវ និងស៊ើបអង្កេតបានករណីមួយចំនួនដែរ ដោយគិតចាប់ពីថ្ងៃទី ១០ ខែសីហា ដល់ថ្ងៃទី ១០ ខែកញ្ញា ស្រាវជ្រាវ និងស៊ើបអង្កេតបានចំនួន ៨៥ ករណី រកឃើញមនុស្ស ១៧៦ នាក់ មាន ៨ សញ្ជាតិ ក្នុងនោះខេត្តព្រះសហនុច្រើនជាងគេ។ ភាគច្រើននៃជនរងគ្រោះគឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់។
ដើម្បីធានាឱ្យកិច្ចប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួយដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ លោក ស ខេង បានណែនាំឱ្យប្រកាន់ជំហរឯកភាពគ្នា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ គឺដោយត្រូវប្រកាន់គោលការណ៍នីតិរដ្ឋ មិនមែនដោយផ្អែកលើល្បែងស៊ីសងខុសច្បាប់នោះទេ។
លោក ស ខេង សង្កត់ធ្ងន់ថា ទោះបីមានការប្រឈមខ្លះក៏ដោយ ប៉ុន្តែគ្រប់គ្នាត្រូវយល់ឱ្យបានត្រឹមត្រូវថា អំពើជួញដូរមនុស្ស និងល្បែងអនឡាញខុសច្បាប់នេះជាអំពើល្មើសច្បាប់ បម្រើផលប្រយោជន៍តែបុគ្គល ឬក្រុមមនុស្សមួយចំនួនតូចប៉ុណ្ណោះ ពុំមែនបម្រើផលប្រយោជន៍សាធារណៈ ឬផលប្រយោជន៍ប្រជាជនទូទៅឡើយ។
ពាក់ព័ន្ធការបង្ក្រាបការជួញដូរមនុស្ស និងទីតាំងល្បែងខុសច្បាប់នេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្ថាប័ន ជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន ៣ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ៣ ទីតាំងនោះរួមមាន ឈ្មោះ ហ្កាឡាក់ស៊ីវើល ស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ ៤ ឈ្មោះ ជឹង ឆាយ ៥ ស្ថិតនៅក្នុងភូមិ ៣ សង្កាត់លេខ ១ និងទីតាំងឈ្មោះ ប៉ាវយ៉ុងតិចណូឡូជី ស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។
ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា ចំពោះព័ត៌មានលម្អិត រដ្ឋបាលខេត្តនឹងជម្រាបជូននៅពេលបិទបញ្ចប់កិច្ចប្រតិបត្តិការនេះជាស្ថាពរ៕