ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមចែកលិខិតអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ចំនួនជាង ៩ លាននាក់រយៈពេល ១ ខែឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដើម្បីមានឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅឆ្នាំ ២០២៣។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី ២០ ខែកញ្ញាថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ និងដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ពួកគាត់អំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បានបោះពុម្ពលិខិតអញ្ជើញដែលមានទិន្នន័យរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយទិន្នន័យនោះ គឺទាញចេញពីទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ ២០២១។
លោកបន្តថា គោលដៅនៃការចែកលិខិតអញ្ជើញគឺដើម្បីជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ហើយដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទចាស់ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុបុ្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាពក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២។
បើតាមលោក ប្រាជ្ញ ចន្ទ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ ហើយដែលបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។ ប្រសិនបើពិនិត្យឃើញថា មានការកត់ត្រាមិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពអាចស្នើសុំកែតម្រូវក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២។
លោកថ្លែងថា៖ «គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត (លធ.ខប) នឹងត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ពិសេសអាជ្ញាធរឃុំសង្កាត់ និងមេភូមិក្នុងការចុះចែកលិខិតអញ្ជើញនេះដល់អ្នកបោះឆ្នោតដោយផ្ទាល់នៅតាមភូមិក្នុងឃុំសង្កាត់។ កាលបរិច្ឆេទនៃការចែកលិខិតអញ្ជើញគឺចាប់ពីថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងដែរថា នៅថ្ងៃទី ១ នៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋនេះ គ.ជ.ប បានទទួលរបាយការណ៍ពីបណ្តារាជធានីខេត្តចំនួន ២៤ លើកលែងតែខេត្តក្រចេះ ចាប់ផ្តើមចែកជូនដល់ប្រជាពលរដ្ឋស្ទើរតែគ្រប់ឃុំ លើកលែងតែឃុំខ្លះ មានភ្លៀងធ្លាក់ខ្លាំង។
លោកបានបញ្ជាក់ថា៖ «ក្រុមចែកលិខិតអញ្ជើញប្រជាពលរដ្ឋបានចាប់ផ្តើមចែកជូនបងប្អូនប្រជាពលរដ្ឋជាបណ្តើរៗហើយ ពីព្រោះការចែកនេះមានកម្មវិធីទៅតាមឃុំសង្កាត់ដែលខេត្តរៀបចំ»។
បើតាមលោក ទេព នីថា ដំណើរការនៃការចែកលិខិតអញ្ជើញប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលមានជាង ៩ លាននាក់ គឺមានរយៈពេល ១ ខែ ប៉ុន្តែបើចែកមិនដល់ដៃប្រជាពលរដ្ឋទេ លិខិតអញ្ជើញនេះនឹងរក្សាទុកនៅក្នុងឃុំសង្កាត់ ដែលប្រជាពលរដ្ឋរស់នៅ ហើយអាចទៅទទួលយកបាន។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ១៩ ខែកញ្ញា បានចេញលិខិតឱ្យប្រធានក្រុមការងារចុះមូលដា្ឋនរាជធានីត្រូវណែនាំ និងចាត់ចែងធ្វើយ៉ាងណាឱ្យសមាជិក និងអ្នកគាំទ្រគណបក្សត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ហើយបើពុំទាន់មាន ឬផុត សុពលភាព ឬបាត់ ឬខូច ត្រូវជួយគាត់ក្នុងការផ្លាស់ប្ដូរថ្មីឱ្យទាន់ពេលវេលា។
លោកបានបន្តថា ក្នុងករណីពុំទទួលបានទាន់ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតត្រូវជួយសម្រួលការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការចុះឈ្មោះបោះឆ្នោតជូនពួកគាត់។ ទន្ទឹមនេះ ត្រូវខិតខំជំរុញសមាជិក និងអ្នកគាំទ្រគណបក្សដែលធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយឱ្យទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានត្រឹមត្រូវក្នុងករណីមានទិន្នន័យណាមួយខុសត្រូវស្នើសុំកែតម្រូវទៅក្រុមចុះឈ្មោះបោះឆ្នោត។
លោកថ្លែងថា៖ «ចំពោះអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥) និងអ្នកផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីត្រូវទៅចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់គ្នាតាមពេលវេលាកំណត់»។
យោងតាមប្រតិទិនរបស់ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២២ នឹងចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ គឺមានរយៈពេល ៥០ ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ២០ ខែតុលា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ដើម្បីរៀបចំបញ្ជីឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣៕