ភ្នំពេញៈ ក្នុងក្របខ័ណ្ឌគម្រោងភាពជាដៃគូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសហការជាមួយដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បើកវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានរយៈពេល ៣ ថ្ងៃ ស្តីពី GIS និង RS សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយដល់មន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។
តាមការផ្សព្វផ្សាយរបស់ NCDM នៅថ្ងៃទី ២០ កញ្ញា បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សាន់វ៉េ ដោយមានមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ៨ ចូលរួមក្នុងនោះមានខេត្តព្រះសីហនុ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ ព្រះវិហារ កំពង់ធំ កែប និងមណ្ឌលគិរី ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃ (២០ ដល់ ២២ កញ្ញា) ដែលមានគោលបំណង ដើម្បីផ្តល់ដល់សិក្ខាកាមនូវមូលដ្ឋានគ្រឹះផែនទីវិទ្យាផ្នែកការអាន និងបកស្រាយព័ត៌មាននៅលើផែនទី ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងតាមដានសភាពការណ៍ (PRISM) ក៏ដូចជាការផលិតផែនទីសាមញ្ញផងដែរ។ មួយវិញទៀត គឺដើម្បីណែនាំសិក្ខាកាមនូវមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែក GIS និង RS រួមទាំងគោលគំនិតជាមូលដ្ឋាន និងប្រភេទ និងប្រភពទិន្នន័យភូមិសាស្ត្រដែលបានអនុវត្តសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ។ លើសពីនេះគឺដើម្បីឱ្យសិក្ខាកាមបានស្គាល់ពីកម្មវិធី QGIS និងផ្តល់ការអនុវត្តផ្ទាល់ពីការប្រើប្រាស់សំណុំទិន្នន័យភូមិសាស្ត្រ និងផលិតផែនទី។
អ្នកនាំពាក្យ NCDM លោក សុទ្ធ គឹមកុលមុន្នី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ កញ្ញា ថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាប្រព័ន្ធព័ត៌មានវិទ្យា ព័ត៌មានភូមិសាស្ត្រ ដែលកាលពីកន្លងមក NCDM ប្រើប្រាស់ GIS ដើម្បីផលិតនូវផែនទី ១ ដែលកំណត់តំបន់ដែលមានហានិភ័យ និងមុខសញ្ញាដែលងាយរងគ្រោះដូចជាភាពរាំងស្ងួត ទឹកជំនន់ និងបញ្ហាផ្សេងទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ មួយវិញទៀត ពាក់ព័ន្ធប្រព័ន្ធ RS ជាប្រព័ន្ធទទួលព័ត៌មានពីចម្ងាយពាក់ព័ន្ធនឹងគ្រោះមហន្តរាយដែលកើតឡើងពីតំបន់រងគ្រោះផ្សេងទៀតចូលទៅក្នុងប្រព័ន្ធនេះ។
ការងារនេះ NCDM បានបណ្តុះបណ្តាលដល់ក្រសួងស្ថាប័ននានានៅថ្នាក់ជាតិ ២ លើកមកហើយ។ នៅពេលនេះ គឺបណ្តុះបណ្តាលនូវមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែក GIS និង RS ទៅកាន់មន្ត្រីគណៈកម្មការខេត្តគ្រប់គ្រងគ្រោះមហន្តរាយគោលដៅផ្សេងទៀត។
លោកបន្តថា៖ «ជាបន្តទៀត អាចនឹងមានខេត្តគោលដៅផ្សេងទៀត។ អ៊ីចឹងវគ្គបណ្តុះបណ្តាលដំបូងនេះមាន ៨ ខេត្តចូលរួម»។ វគ្គបណ្តុះបណ្តាលនេះ គឺពិតជាមានសារៈសំខាន់ ព្រោះវាជាយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាប្រឈម និងពង្រឹងស្ថាប័ន និងបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត៕