ភ្នំពេញៈការអនុវត្តនូវសមភាពយេនឌ័រក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានភាពរីកចម្រើនច្រើនដោយសាររាជរដ្ឋាភិបាល បានផ្តល់នូវឱកាសដល់ស្ត្រី ដែលជាធនធានមួយដ៏សំខាន់ក្នុងសង្គមដែលជំរុញឱ្យស្ត្រី អាចចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចផងដែរ។
នេះជាការថ្លែងឡើងរបស់លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីក្នុងសន្និសីទសារព័ត៌មានពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំ កន្លងមករបស់ក្រសួងកិច្ចការនារី» នៅព្រឹកថ្ងៃទី២១ ខែកញ្ញា។
លោកស្រីបានថ្លែងថា យុទ្ធសាស្ត្រសមភាពយេនឌ័រ មិនមែនពឹងផ្អែកតែទៅលើប្រពៃណី និងទម្លាប់ដែលសង្គមួយធ្លាប់ធ្វើ ធ្លាប់ឃើញនោះទេ។ គ្រប់គ្នាដឹងហើយថា យុទ្ធសាស្ត្រនេះវិវត្តទៅតាមសង្គម ពេលណាសង្គមវិវត្តទៅមុខ យុទ្ធសាស្ត្រក៏វិវត្តដូចសង្គមនោះដែរ ដើម្បីឱ្យស៊ីចង្វាក់ជាមួយនឹងសង្គម ។
លោកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រសមភាពយេនឌ័រនេះ គឺចង់ប្រែក្លាយអ្វីដែលគេប្រៀបធៀបស្ត្រីជាក្រណាត់ស ដែលវាមានភាពងាយរងគ្រោះណាស់គឺនៅពេលណាដែលក្រណាត់សធ្លាក់ក្នុងភក់ នោះវាត្រូវប្រឡាក់រហូត ១ ជីវិត។ អ៊ីចឹង! យើងមិនចង់ឱ្យស្ត្រីយើងនៅតែគេយកទៅធ្វើការប្រៀបធៀប ជាក្រណាត់សទៀតទេ គឺត្រូវតែប្រៀបធៀបទៅជាធនធានមានតម្លៃវិញ គឺជានារីរតនៈ» ។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ក្រសួងបានដាក់បញ្ចូលបញ្ជ្រាបយេនឌ័រចូលទៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយតាមវិស័យ និងគោលនយោបាយថ្នាក់ក្រោមជាតិ។
យោងតាមរបាយការណ៍សមិទ្ធផលការងាររបស់ក្រសួងកិច្ចការងារនារីឆ្នាំ ២០១៩-២០២២ និងទិសដៅបន្ត បានឱ្យដឹងថាស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសមាមាត្រនៃការចូលរួមនិងតួនាទីស្ត្រីធ្វើសេចក្តីសម្រេចនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានការកើនឡើងជាបន្តបន្ទាប់។
ក្រសួងបានបន្តថា ជាក់ស្តែង មន្ត្រីរាជការជាស្ត្រីបានកើនឡើងដល់ ៤១ ភាគរយ នៅឆ្នាំ ២០១៨ ដល់ ៤២ ភាគរយ នៅឆ្នាំ ២០២១ និងនៅក្នុងមុខតំណែងគ្រប់គ្រងកើនឡើងពី ២៤,៣៣ ភាគរយ នៅឆ្នាំ ២០១៨ ដល់ ២៦ ភាគរយនៅឆ្នាំ ២០២១ ។
ប្រភពដដែលបានបន្តថាស្ត្រីជាមេឃុំ-ចៅសង្កាត់បានកើនឡើងពី ៧,៨៩ ភាគរយនៅឆ្នាំ ២០១៨ ដល់ ១០,៤៦ ភាគរយ នៅឆ្នាំ ២០២២ និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានកើនឡើងពី ១៣,៩៣ ភាគរយនៅឆ្នាំ ២០១៨ ដល់ ២២ ភាគរយ នៅឆ្នាំ ២០២២ ។
នាឱកាសនោះផងដែរ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី គឹម ស៊ីផាត់ បានលើកឡើងដែរថា ក្រសួងក៏បានរៀបចំនូវគោលនយោបាយសមភាពយេនឌ័រសម្រាប់អនុវត្តទាំងអស់គ្នានៅទូទាំងប្រទេសកម្ពុជាផងដែរ។
លោកស្រីបានថ្លែងថា ៖ «មកដល់ពេលនេះគោលនយោបាយសមភាពយេនឌ័រ បានឈានមកដល់សេចក្តីព្រាងចុងក្រោយហើយដោយមានការចូលផ្តល់យោបល់ធាតុចូលរួចអស់ហើយពីក្រសួងស្ថាប័នចំនួន ២៥ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិលពាក់ព័ន្ធផងដែរ» ។
លោកស្រី គឹម ស៊ីផាត់ បានបន្តថា៖ «យើងកំពុងត្រៀមដាក់នូវសេចក្តីព្រាងគោលនយោបាយសមភាពយេនឌ័រនេះ អនុម័តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅចុងឆ្នាំ ២០២២ នេះឬដើមឆ្នាំ ២០២៣ ខាងមុខនេះសម្រាប់អនុវត្តតែម្តង» ។
ដោយឡែក ទាក់ទងនឹងអំពើហិង្សាលើស្ត្រី លោកស្រី គឹម ស៊ីផាត់ បានថ្លែងឱ្យដឹងថា ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីឆ្នាំ ២០១៩-២០២៣ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល និងបានកំពុងបន្តអនុវត្តតាមរយៈផែនការប្រតិបត្តិប្រចាំឆ្នាំរបស់ក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍន៍ដែលមានចំនួន ២០ ស្ថាប័នផងដែរ។
លោកស្រីថា៖ «សម្រាប់ថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់អំពើហិង្សាក្នុងលើស្ត្រីនេះ យើងមានក្រុមការងារពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រនេះ ដែលត្រូវបានបង្កើតនិងកំពុងដំណើរការក្នុងខេត្តចំនួន ៩ និងស្រុកចំនួន ៣៧ និងត្រៀមពង្រឹកក្រុមការងារនេះបន្ថែមទៀតនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្តល់សេវាចម្រុះជូនជនរងគ្រោះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព»។
ជាមួយគ្នានេះដែរ លោកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីបានឱ្យដឹងថា ជនរងគ្រោះដែលពាក់ព័ន្ធនឹងអំពើហិង្សាយេនឌ័រ មានចំនួន ២៥៥៣ ករណី ដែលជនរងគ្រោះមករកសេវាផ្ទាល់ជាមួយនឹងក្រសួង។
លោកស្រីបានបញ្ជាក់ថា ៖ «សេវាដែលក្រសួងបានផ្តល់ជូននោះមានដូចជា ការប្រឹក្សាយោបល់ផ្នែកច្បាប់ ផ្លូវចិត្ត សម្របសម្រួលរកមេធាវីរៀបចំពាក្យបណ្តឹងអន្តរាគមន៍ និងតាមដានការប្រកាសសាលក្រមដោយផ្ទាល់ និងតាមអនឡាញ ព្រមទាំងការជួយបញ្ជូនជនរងគ្រោះទៅរកសេវាតាមតម្រូវការដែលជនរងគ្រោះចង់បាន»។
លោកស្រីបន្ថែមដែរថា ទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជានេះ គឺជាការងារទទួលខុសត្រូវរបស់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ហើយ ដែលក្រសួងកិច្ចការនារីដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំ និងបង្កើតផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី។
ទាក់ទងនឹងទិន្នន័យនិងស្ថានភាពនៃអំពើហិង្សាលើស្ត្រីនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានធ្វើការអង្កេតនៅឆ្នាំ ២០២១ ហើយទិន្នន័យចុងក្រោយនេះមិនទាន់ចេញជាផ្លូវការនោះទេដោយក្រសួងគ្រោងនឹងធ្វើការផ្សព្វផ្សាយនូវទិន្នន័យនេះនៅក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ខាងមុខនេះ។
យ៉ាងណាក្ដី នាយិកាអង្គការក្លាហានគឺកញ្ញា បុណ្យ រចនា បានប្រាប់ថា ស្ថានភាពអំពើហិង្សាទាក់ទងយេនឌ័រ ជាទូទៅមិនទាន់មានភាពល្អប្រសើរឡើយ ពីព្រោះបើក្រឡេកទៅមើលព័ត៌មានដែលផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្លូវការ ឬមិនផ្លូវការ គឺនៅបន្ដមានករណីអំពើហិង្សាដែលបៀតបៀនផ្លូវភេទនៅតាមសាធារណៈនិងកន្លែងការងារ។
កញ្ញាបន្តថា អំពើហិង្សាដែលបង្កឡើងដោយដៃគូស្និទ្ធសា្នល និងអំពើហិង្សាក្នុងគ្រួសារ ដែលជាក់ស្ដែងវាត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃ។
កញ្ញា បុណ្យ រចនា បានបញ្ជាក់ថា៖ «បច្ចុប្បន្ននេះយើងមើលឃើញនូវករណីកង្វះខាត ទាំងផ្នែកគោលនយោបាយ និងផ្នែកធនធាន ហើយនិងចំណាត់ការជាក់ស្ដែង អ៊ីចឹងអ្វីដែលរាជរដ្ឋាភិបាលត្រូវការធ្វើជាលក្ខណៈអាទិភាព គឺត្រូវដាក់នូវកញ្ចប់ថវិកាជាតិជំរុញក្នុងការអភិវឌ្ឍគោលនយោបាយ ដែលមានស្រាប់ ដូចជា ផែនការជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ និងគោលនយោបាយនារីរតនៈដែលក្រសួងកិច្ចការនារីបានបង្កើតឡើងហ្នឹង» ។
កញ្ញាបន្ថែមថា ផែនការនិងគោលនយោបាយទាំងនេះកន្លងមក គឺបានអនុវត្តហើយ ប៉ុន្តែជាក់ស្ដែងការអនុវត្តនេះវានៅមានកម្រិត ដោយសាររាជរដ្ឋាភិបាលមិនបានដាក់ចេញនៅកញ្ចប់ថវិកាជាតិ។ មួយវិញទៀតគឺការអនុវត្តច្បាប់ព្រោះលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលរងអំពើហិង្សាគ្រប់ទម្រង់នៅមានកម្រិត៕