ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចមិនជួបជាមួយអ្នកគាំទ្រនៅទឹកដីសហរដ្ឋអាមេរិកពេលនេះគឺដោយសារ ទី១ កាលវិភាគរបស់ប្រមុខរដ្ឋាភិបាលមានភាពមមាញឹក ហើយទី២ គឺដោយសារលោកទើបតែជួបជាមួយអ្នកគាំទ្រនៅលើទឹកដីសហរដ្ឋអាមេរិកម្តងរួចទៅហើយ កាលពីអំឡុងខែឧសភា ក្នុងពេលលោកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ការបញ្ជាក់របស់លោក សុខ ឥសាន យ៉ាងដូច្នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វ៊េសប៊ុកបានបញ្ជាក់ថា លោកមិនអាចរៀបចំជំនួបជាមួយនឹងប្រជាពលរដ្ឋខ្មែរបាន ដោយសារពេលវេលានៅទីក្រុងញូវយ៉កមានរយៈពេលខ្លី។
តាមរយៈសំណេរកាលពីថ្ងៃទី ២០ កញ្ញា លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖ «ខ្ញុំសូមផ្ញើការនឹករឭកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូវយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២ កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតុនហើយដែរ។
បើតាមលោកនាយករដ្ឋមន្ត្រី គឺលោកសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីអាមេរិកនិងកាណាដានឹងមានការយោគយល់ ចំពោះការខាកខានជំនួបលើកនេះ។
យ៉ាងណាក្ដី អ្នកតាមដាននយោបាយបានបង្ហាញការយល់ឃើញថា មូលហេតុទាំង ២ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងពេលនេះហាក់ដូចជាមិនពិតទាំងស្រុងនោះទេ។ មិនពិតទាំងស្រុងដ្បិតអ្នកតាមដាននយោបាយនៅចាប់អារម្មណ៍ពីព្រឹត្តិការណ៍នៃជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រនៅទីក្រុងវ៉ាស៊ីនតោនកាលពីខែឧសភា។ កាលនោះមានប្រជាពលរដ្ឋខ្មែរ-អាមេរិក ១ រូប គឺ លោក អ៊ុក ទូច បានគប់ស្បែកជើងសំដៅលោកនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលដែលលោកកំពុងថតរូបជាមួយអ្នកគាំទ្រនៅទីសាធារណៈ។
លោក គឹម សុខ អ្នកតាមដាននយោបាយខ្មែរថា៖ «លោក ហ៊ុន សែន ប្រហែលជាខ្លាចមានលោក អ៊ុក ទូច ច្រើនជាងម្នាក់ទៅទៀតដែលទៅចង្អុលមុខគាត់ ហ៊ានដល់ចោលស្បែកជើង ប្រសិនបើគាត់ហ៊ានជួបជុំនៅលើទឹកដីសហរដ្ឋអាមេរិកលើកនេះ»។
តាមលោក គឹម សុខ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមនុស្សចូលចិត្តឆក់ឱកាសក្នុងការឃោសនានយោបាយ បើទោះបីជារូបលោកមានពេលតែ ៣០ នាទីក្តី។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ពិតជាត្រូវជាប់ជាមួយអ្នកគាំទ្រនៅលើទឹកដីអាមេរិក ដើម្បីអន្ទងចិត្តពលរដ្ឋឱ្យគាំទ្រដល់កូនច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលការវិភាគបែបនេះ ដោយលោកចាត់ទុកថាជារឿងអស់សំណើចដែលអ្នកវិភាគស្មានជំនួសលោកនាយករដ្ឋមន្ត្រីទៅវិញ។
លោកថា៖ «យើងដឹងហើយថា សម្តេចធ្លាប់មានវីរភាពដ៏អង់អាចក្លាហានណាស់នៅក្នុងសមរភូមិក៏ដូចជានៅក្នុងការប្រយុទ្ធដើម្បីសង្គ្រោះប្រជាពលរដ្ឋកម្ពុជាឱ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ អ៊ីចឹងទេរឿងអីទៅខ្លាចស្បែកជើង អាហ្នឹងខ្ញុំយល់ថា អ្នកវិភាគហ្នឹងវាគ្រាន់តែមានសតិអារម្មណ៍លម្អៀងខាងនយោបាយ ថាឱ្យសម្តេចខ្លាចញញើតស្បែកជើងគ្មានអីខ្លាចទេ»។
បើតាមលោក សុខ ឥសាន កិច្ចប្រជុំដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមលើកនេះ ក៏នឹងមានការធានាសុវត្ថិភាពនិងសន្តិសុខពីសហរដ្ឋអាមេរិក។
គួរជម្រាបថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២១ កញ្ញា បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើកទី២ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូវយ៉កចាប់ពីថ្ងៃ ២១ ដល់ថ្ងៃ ២៣ កញ្ញា។ បន្ទាប់ពីនោះ លោកនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការទៅប្រទេសគុយបា រួចទៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព លោក ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវគេបាញ់សម្លាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា៕