ភ្នំពេញៈ ក្នុងជំនួបជាមួយនឹងមន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ ១៩ រហូតឈានដល់បើកប្រទេសឡើងវិញនិងបានសន្យាផ្តល់ម៉ាស៊ីនអុកស៊ីហ្ស៊ែនចំនួន ៣៦ គ្រឿង ដល់ក្រសួងសុខាភិបាល ដែលនឹងដឹកមកដល់កម្ពុជានៅឆ្នាំ ២០២៣ ខាងមុខ។
លោកស្រី ហ្វូរូហ្គ៍ ហ្វូយ៉ូហ្សាត បានថ្លែងឡើងដូចនេះ នារសៀលថ្ងៃទី ២០ ខែកញ្ញា ក្នុងពេលលោកស្រីជួបពិភាក្សាការងារ និងជម្រាបលារដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលលោកស្រីនឹងត្រូវបញ្ចប់អាណត្តិជាតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា។
បើតាមក្រសួងសុខាភិបាលបានឱ្យដឹងថា៖ «លោកស្រីតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានកោតសរសើរចំពោះកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយលោកស្រីក៏បានអរគុណដល់ក្រសួងចំពោះកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តនូវគម្រោងនានាដែលគាំទ្រដោយអង្គការយូនីសេហ្វ»។
នាឱកាសនោះ លោកស្រីបានប្រាប់ឱ្យដឹងដែរថា អង្គការយូនីសេហ្វ នឹងផ្ដល់ម៉ាស៊ីនអុកស៊ីហ៊្សែនចំនួន ៣៦ គ្រឿងបន្ថែម ទៅឱ្យក្រសួងសុខាភិបាល ដែលនឹងដឹកមកដល់កម្ពុជានៅឆ្នាំ ២០២៣ ខាងមុខ បន្ទាប់ពីអង្គការនេះទើបតែបានផ្ដល់ម៉ាស៊ីនផលិតអុកស៊ីហ៊្សែនចំនួន ១ គ្រឿងរួចមកហើយ នៅខេត្តព្រះវិហារកាលពីសប្តាហ៍មុន។
តាមរយៈជំនួបដដែលនេះដែរ លោក ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វដែលឧបត្ថម្ភ គាំទ្រ និងសហការជាមួយនឹងក្រសួងសុខាភិបាលលើកម្មវិធីជាច្រើន ក្នុងនោះមាន កម្មវិធីសុខភាពមាតានិងទារក កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីសុខភាពសាធារណៈទូទៅជាដើម។
ទាក់ទងនឹងបេសកកម្មរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានឱ្យដឹងថា អង្គការយូនីសេហ្វ ជាអង្គការមួយដែលធ្វើការផ្នែកកុមារ ហើយជាបេសកកម្មមួយដែលមានការគិតគូរដល់សុខភាពកុមារ។ ជាពិសេសនោះ ការអនុវត្តការងាររបស់អង្គការនេះ គឺមានប្រសិទ្ធភាពជាមួយដៃគូរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវទិសដៅដែលបានកំណត់។
លោក សន ជ័យ បានថ្លែងថា៖ «ការផ្តល់ជំនួយរបស់អង្គការយូនីសេហ្វមកកម្ពុជា យើងចង់ឃើញរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលបង្កើននូវភាពជាម្ចាស់ការ ក្នុងការគ្រប់គ្រង ចាត់ចែង ដើម្បីឱ្យមានប្រយោជន៍ទៅដល់ក្រុមគោលដៅជាក់លាក់ផងដែរ»។
លោកបន្ដថា អ្វីដែលសំខាន់នោះ ក្រសួងសុខាភិបាលនឹងបង្ហាញអំពីការប្រើប្រាស់ឧបករណ៍នេះ ឱ្យមាននិរន្តភាព ប្រសិទ្ធភាព ហើយចំគោលដៅ ដើម្បីឆ្លើយតបជាមួយនឹងការផ្ដល់ជូនពីម្ចាស់ជំនួយ។
ម៉ាស៊ីនផលិតអុកស៊ីហ៊្សែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីហ៊្សែនចំនួន ៣០០ លីត្រ ក្នុង ១ នាទី (LPM) ជាមួយនឹងស្ថានីយផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីហ៊្សែនរបស់មន្ទីរពេទ្យ។
ដូច្នេះវានឹងជួយសន្សំសំចៃពេលវេលាថវិការបស់មន្ទីរពេទ្យ ដើម្បីកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីហ៊្សែនដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ។
សូមបញ្ជាក់ផងដែរថា នៅតាមបណ្តាខេត្តមួយចំនួន មានម៉ាស៊ីនផលិតអុកស៊ីហ៊្សែនផងដែរសម្រាប់ផលិតអុកស៊ីហ៊្សែនក្នុងការជួយសង្រ្គោះអ្នកជំងឺ ក្នុងនោះមានដូចជា ខេត្តព្រះសីហនុ ព្រះវិហារ សៀមរាប កំពង់ចាម និងខេត្តកោះកុងជាដើម។
គួររំឭកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្តល់នូវអំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ ១៩ ក្នុងនោះមានទាំងម៉ាស៊ីនផលិតអុកស៊ីហ៊្សែនផងដែរ ដែលជាក់ស្តែងម៉ាស៊ីនផលិតអុកស៊ីស៊្សែនចំនួន ១០០ គ្រឿង ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ធ្វើការប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម កាលពីខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ៕