ភ្នំពេញៈ ក្រសួងផែនការនឹងប្រកាសលទ្ធផលអង្កេតកសិកម្មឆ្នាំ ២០២១ នៅដើមឆ្នាំក្រោយស្របពេលក្រុមការងារនឹងចាប់ផ្តើមធ្វើអង្កេតកសិកម្មឆ្នាំ ២០២២ នៅដើមខែតុលាឆ្នាំនេះ ខណៈរបាយការណ៍អង្កេតកសិកម្មឆ្នាំ ២០២០ បានបង្ហាញថា មានជាង ២ លានគ្រួសារ ឬប្រហែល ៥៧ ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជា កំពុងកាន់កាប់កសិកម្មលក្ខណៈគ្រួសារ។
នៅថ្ងៃទី ២២ ខែកញ្ញា រាជរដ្ឋាភិបាលបានចេញផ្សាយរបាយការណ៍អង្កេតកសិកម្មឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយលទ្ធផលអង្កេតកសិកម្មស្ថិតក្រោមគំនិតផ្តួចផ្តើម ៥០x២០៣០ ដើម្បីលុបបំបាត់គម្លាតទិន្នន័យកសិកម្មនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាប។អង្កេតកសិកម្មឆ្នាំ ២០២០ ត្រូវបានធ្វើឡើងរួមគ្នាដោយវិទ្យាស្ថានជាតិស្ថិតិ (NIS) នៃក្រសួងផែនការ (MoP) សហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងក្នុងឱកាសនោះថា តាមការអង្កេតការកាន់កាប់កសិកម្មលក្ខណៈគ្រួសារមានជាង ២ លានគ្រួសារនៅទូទាំងប្រទេស ហើយប្រហែល ៥៧ ភាគរយនៃគ្រួសារបានចូលរួមក្នុងផលិតកម្មកសិកម្ម។
លោកបានបន្តថា គ្រួសារកាន់កាប់ទាំងនោះត្រូវបានបែងចែកជា៤ តំបន់ភូមិសាស្ត្រ ដូចជា តំបន់វាលទំនាបមាន ៤៣ ភាគរយ តំបន់បឹងទន្លេសាបមាន ៣៥ ភាគរយ តំបន់ខ្ពង់រាបមាន ១៥ ភាគរយ និងតំបន់សមុទ្រមាន ៧ ភាគរយ។ លោកបន្ថែមថា គ្រួសារកាន់កាប់កសិកម្មទាំងនោះ គឺមានគ្រួសារដែលធ្វើកសិកម្មសម្រាប់ហូបក្នុងគ្រួសារមានប្រមាណ ៦១ ភាគរយ និងគ្រួសារធ្វើកសិកម្មសម្រាប់លក់លើទីផ្សារមានប្រមាណ ៣៩ ភាគរយ។
លោក ឆាយ ថន បានឱ្យដឹងទៀតថា ក្នុងចំណោមគ្រួសារកសិកម្មទាំងអស់នៅកម្ពុជា មានប្រមាណ ៩៤ ភាគរយ បានរាយកាណ៍ពីសកម្មភាពដាំដំណាំ ខណៈ ៨២ ភាគរយនៃគ្រួសារកសិកម្មទាំងអស់បានរាយការណ៍ពីការចិញ្ចឹម បសុសត្វ បសុបក្សី ឬសត្វល្អិតនិងមានប្រហែល ២៧ ភាគរយ នៃគ្រួសារកសិកម្មបានចូលរួមក្នុងសកម្មភាពនេសាទនិង ៦ ភាគរយមានសកម្មភាពពាក់ព័ន្ធនឹងវារីវប្បកម្ម។
លោកបានបញ្ជាក់ថា៖«លទ្ធផលនៃការអង្កេតកសិកម្មឆ្នាំ ២០២០ នេះ គឺជារបាយការណ៍លើកទី២ដែលត្រូវបានផ្សព្វផ្សាយបន្ទាប់ពីរបាយការណ៍លទ្ធផលអង្កេតជំរឿនកសិកម្មឆ្នាំ ២០១៩ ត្រូវបានផ្សព្វផ្សាយក្នុងឆ្នាំ ២០២១ បន្ទាប់ពីមានជំរឿនកសិកម្មលើកទី១ កាលឆ្នាំ ២០១៣ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំនូវទិន្នន័យជំរឿនគោល ដើម្បីចង់ក្រងស្ថិតិកសិកម្ម»។
លោក ឆាយ ថន បានអះអាងថា លទ្ធផលអង្កេតកសិកម្មនេះនឹងឆ្លើយតបទៅនឹងតម្រូវការរបស់ស្ថាប័នពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ជាពិសេសជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។
លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចាប់តាំងពីឆ្នាំ ២០១៩ មក ក្រសួងផែនការបានធ្វើការអង្កេតកសិកម្មជារៀងរាល់ឆ្នាំ ហើយលទ្ធផលនៃការធ្វើអង្កេតនេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់។
លោកស្រីបានបញ្ជាក់ថា៖ «នៅពេលនេះ យើងផ្សព្វផ្សាយលទ្ធផលអង្កេតកសិកម្ម ឆ្នាំ ២០២០ ហើយលទ្ធផលអង្កេតឆ្នាំ ២០២១ យើងបានធ្វើរួចហើយ គ្រាន់តែមិនទាន់ចេញផ្សាយ។ ឥឡូវនេះ យើងចាប់ផ្តើមអង្កេតកសិកម្មឆ្នាំ២០២២ ដែលខែក្រោយ (តុលា) យើងនឹងចាប់ផ្តើមធ្វើហើយ»។
បើតាមលោកស្រី ហង់ លីណា នៅដើមឆ្នាំ ២០២៣ ក្រសួងផែនការនឹងប្រកាសលទ្ធផលអង្កេតកសិកម្មឆ្នាំ ២០២១ ខណៈវិធីសាស្ត្រនៃការអង្កេតគឺមិនមានភាពខុសគ្នានោះទេ ដើម្បីប្រៀបធៀបស្ថានភាពកសិកម្មនៅកម្ពុជាពី ១ឆ្នាំ ទៅ ១ ឆ្នាំ។
លោកស្រី Rebekah Bell តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានថ្លែងថា អង្គការ FAO នឹងបន្តជួយពង្រឹងសមត្ថភាពមន្ត្រីកម្ពុជាក្នុងការធ្វើអង្កេតកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ខ្លួនក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ អ្នកស្រីបានបន្តថា លទ្ធផលនៃការអង្កេតនេះក៏មិនមែនសម្រាប់តែកម្ពុជាដែរគឺពិភពលោកពិតជាត្រូវការ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់មួយ ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មឱ្យចំគោលដៅ ។
លោកស្រីបញ្ជាក់ថា៖ «ទិន្នន័យដែលយើងផលិតបានមកកន្លងមក គឺមានសារៈសំខាន់មែនទែនដើម្បីឆ្លើយតបទៅនឹងសុវត្ថិភាព និងផលប៉ះពាល់ដែលមានដូចជាកូវីដ ១៩ មកលើវិស័យកសិកម្ម។ ទិន្នន័យនេះក៏បានបង្ហាញពីការដាំដំណាំ ការចិញ្ចឹមបសុបក្សី និងវារីវប្បកម្មនិងនេសាទផងដែរ ដែលទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងនៅប្រទេសកម្ពុជា ចាប់តាំងពីរចនាសម្ព័ន្ធគ្រួសាររហូតដល់សហគ្រាសកសិកម្មខ្នាតធំ»។
លោក ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ការរៀបចំផែនការអភិវឌ្ឍន៍វិស័យកសិកម្ម គឺមិនអាចផ្តាច់បានពីទំនាក់ទំនងនៃការប្រើប្រាស់ព័ត៌មាន និងទិន្នន័យនៃការអង្កេតកសិកម្មប្រចាំឆ្នាំបានទេ។ លោកបានបន្តថា ការមានព័ត៌មានច្បាស់លាស់ពីវិស័យកសិកម្ម គឺជាជំហានដែលសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មដែលលោករំពឹងថា លទ្ធផលអង្កេតកសិកម្មចុងក្រោយនេះ នឹងចូលរួមចំណែកក្នុងការកសាងគោលនយោបាយរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា៖ «យើងបានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយអន្តរក្រសួងជាពិសេសក្រសួងផែនការក្នុងការផ្តល់មន្ត្រីសហការក៏ដូចជាការរួមចំណែកផ្តល់ធាតុចូលផ្សេងៗ។ យើងក៏ត្រៀមខ្លួនជាស្រេចក្នុងការទទួលយកអនុសាសន៍ល្អបន្ថែមទៀតពីក្រសួងផែនការ ឬស្ថាប័ននានានិងដៃគូអភិវឌ្ឍន៍»។
តាមរបាយការណ៍អង្កេតកសិកម្មឆ្នាំ ២០២០ បានប៉ាន់ប្រមាណថា មានគ្រួសារកសិកម្មប្រមាណ ៤០ ភាគរយ ក្នុងចំណោមជាង ២ លានគ្រួសារបានរងគ្រោះមហន្តរាយធ្ងន់ធ្ងរក្នុងអំឡុងរយៈពេល ១២ ខែកន្លងមកដោយសារខ្យល់ព្យុះ ទឹកជំនន់ បាក់ដីគ្រោះរាំងស្ងួត និងមហន្តរាយផ្សេងៗទៀតរាប់បញ្ចូលទាំងមហន្តរាយដោយសត្វល្អិតបំផ្លាញដំណាំ ជំងឺដំណាំនិងជំងឺសត្វ។
ការរកឃើញនេះក៏បានប៉ាន់ប្រមាណកម្រិតថ្នាក់ជាតិមានគ្រួសារកសិកម្មប្រមាណ ២៤៩ ០០០ គ្រួសារ (១២%) បានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទាំងនោះហើយ ក្នុងចំណោមនោះក៏មានគ្រួសារមួយចំនួនរងផលប៉ះពាល់ដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរ។
របាយការណ៍បានបញ្ជាក់ថា៖ «ដោយសារតែពេលវេលាដែលកំណត់យកក្នុងឆ្នាំយោងប្រមូលទិន្នន័យពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ វាជាពេលវេលាដែលជំងឺកូវីដ ១៩ បាននិងកំពុងរីករាលដាលក្នុងប្រទេសកម្ពុជា ហើយវាត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់កាន់តែច្រើនជាងនេះទៀតក្នុងលទ្ធផលអង្កេតកសិកម្មកម្ពុជាឆ្នាំ ២០២១ ខាងមុខ»៕