ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជាអនុសាសន៍ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករ និងប្រជាពលរដ្ឋ ដោយសុំឱ្យប្រតិបត្តិករទាំងអស់ ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ក្នុងការប្រមូល និងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម តាមសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍។ នេះបើតាមអនុប្រធានទី១ អាជ្ញាធរមីន។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកម្មវិធីយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅថ្ងៃទី ២១ ខែកញ្ញា នៅឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថ្លែងថា ការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ជាចលនាមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន។
លោក លី ធុជ ថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារអប់រំ ផ្សព្វផ្សាយការយល់ដឹង អំពីគ្រោះថ្នាក់ដោយសារមីន ជាចលនាមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន»។
លោកបញ្ជាក់ថា៖ «ប្រតិបត្តិករទាំងអស់ត្រូវខិតខំឆ្លើយតបដោះស្រាយប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលានូវសំណូមពររបស់ប្រជាពលរដ្ឋ ដោយប្រមូល និងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរាយការណ៍»។
ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពូជា ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ មិនត្រូវប្រថុយប្រថានចូលទៅតំបន់ដែលមិនស្គាល់ទីតាំងភូមិសាស្ត្រ ច្បាស់លាស់ក្នុងបំណងណាមួយ ដូចជាប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត។
លោក លី ធុជ បន្តថា៖ «លោក [ហ៊ុន សែន] បានស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យបានទូលំទូលាយជាសាធារណៈប្រកបដោយប្រសិទ្ធភាព នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ»។
លោកទេសរដ្ឋមន្ត្រីបន្តថា លោកនាយករដ្ឋមន្ត្រី ក៏បានស្នើនគរបាលប៉ុស្តិ៍ ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ តាមរយៈវេទិកានានា ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ក្នុងយុទ្ធនាការនេះដែរ ក៏មានការចូលរួម ពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក លី ធុជ បញ្ជាក់ថា៖ «សម្តេចតេជោ តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនចង់ឃើញប្រជាពលរដ្ឋណាមួយបន្តគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះបន្ថែមទៀតទេ ដែលមូលហេតុនៃការគ្រោះថ្នាក់នេះ គឹបណ្តាលមកពីការបែកបាក់សាមគ្គីភាពផ្ទៃក្នុង រវាងខ្មែរ និងខ្មែរ បង្កឱ្យមានជម្លោះប្រដាប់អាវុធ និងទុក្ខវេទនាគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ»។
ឆ្នាំ ១៩៩៨ គឺជាឆ្នាំនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាស្ថាពរនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងមានតម្លៃជាប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ នេះជាមេរៀន ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសាមគ្គីភាព ឯកភាព ស្រឡាញ់សន្តិភាព និងគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី។ លោក លី ធុជ បានបន្ថែម។
លោកក៏បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ ធ្វើការផ្សព្វផ្សាយ និងអប់រំ ដល់សិស្សានុសិស្សទាំងអស់ឱ្យយល់ពីគុណតម្លៃ នៃគោលនយោបាយឈ្នះឈ្នះ និងបណ្តុះមនសិការស្នេហាជាតិ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា វិស័យសកម្មភាពមីនត្រូវបានចាត់ទុកជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ការងារអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីនត្រូវបានចាត់ទុកជាធាតុយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន ផងដែរ។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩២ ដល់ខែសីហា ឆ្នាំ ២០២២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ផ្ទៃដីបោសសម្អាតមីនរួច មានប្រមាណ ៩៦ គីឡូម៉ែត្រក្រឡា និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ១៤ ៨០៧ គ្រាប់ មីនតោន ៦៩៩ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៥០ ២៣០ គ្រាប់។ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ ស្រុករតនមណ្ឌល មានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ២ នាក់ ដោយសារការកាប់ឈើ។
យោងតាមរបាយការណ៍នៃអាជ្ញាធរមីន ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២ ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មានចំនួន ៤០ នាក់ ដែលអត្រានេះមានការកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានជនរងគ្រោះចំនួន៣៣នាក់។
អាជ្ញាធរមីនបានឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះចំនួន ៤០ នាក់នេះ មានជនរងគ្រោះដោយសារមីនចំនួន ១៨ នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.) ចំនួន ២២ នាក់៕