ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប បានទទួលជយលាភីពានរង្វាន់ជើងឯកសេវាសង្គមចំណាត់ថ្នាក់លេខ ១ និងរដ្ឋបាលខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ ២ ខណៈរដ្ឋបាលក្រុង ស្រុក ខណ្ឌមួយចំនួនទៀតក៏ទទួលបានពានរង្វាន់ក្នុងការផ្តល់សេវាល្អជូនប្រជាពលរដ្ឋសម្រាប់ ឆ្នាំ ២០២០-២០២១ ផងដែរ។
ពិធីប្រកាសផ្តល់ជយលាភីពានរង្វាន់ សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី កាលពីថ្ងៃទី ២២ កញ្ញា នៅសណ្ឋាគាររ៉ែស៊ីដង់សុខាភ្នំពេញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីប្រកាសពានរង្វាន់ជើង ឯកសេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកមានប្រសាសន៍លើកឡើងថា កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់ រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ចែកចេញជា ២ ប្រភេទ គឺពានរង្វាន់ ផ្កាយសេវាសង្គម និងពានរង្វាន់ជើងឯកសេវាសង្គម ដែលត្រូវធ្វើការវាយតម្លៃដាក់ពិន្ទុតាមសូចនាករដែលបានកំណត់។
ជាលទ្ធផល រដ្ឋបាលខេត្តដែលទទួលបានចំណាត់ថ្នាក់ជយលាភីពានរង្វាន់ជើងឯកសេវាសង្គម មានដូចខាងក្រោម៖ ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ ១ និងរដ្ឋបាលខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ ២។
សម្រាប់ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ស្រុក ខណ្ឌបានទៅលើរដ្ឋបាលក្រុងតាខ្មៅ នៃខេត្តកណ្តាលចំណាត់ថ្នាក់លេខ ១ ខណ្ឌមានជ័យនៃរាជធានីភ្នំពេញ លេខ ២ និងរដ្ឋបាលខណ្ឌកំបូល នៃរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ៣។
ដោយឡែក ពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលឃុំ សង្កាត់បានទៅលើ រដ្ឋបាលសង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ ១, រដ្ឋបាលឃុំបាគង ខេត្តសៀមរាបណាត់ថ្នាក់លេខ ២ រដ្ឋបាល ឃុំបន្សាយត្រែងនៃស្រុកថ្មគោល ខេត្តបាត់ដំបងចំណាត់ថ្នាក់លេខ ៣ រដ្ឋបាលសង្កាត់ បឹងកេងកងទី២ នៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ ៤។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំព្រះរាជាណាចក្រ កម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ទៅលើលទ្ធផលជយលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១។
លោកស្រីបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ រហូតទទួលបានជយលាភីនៅថ្ងៃនេះ។
លោកស្រីសង្ឃឹម និងជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងបន្តពង្រឹងការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
នាឱកាសនោះ លោក ស ខេង បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្ត្រីថ្នាក់ក្រោមជាតិដែលបានបំពេញការងារផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក ស ខេង បញ្ជាក់បន្ថែមថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន។
លោកមានប្រសាសន៍បន្ថែមថា ការផ្តល់សេវាសាធារណៈ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ ពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋ ធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា ដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕