ភ្នំពេញៈ តំណាងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ថ្មីប្រចាំកម្ពុជា លោកស្រី Sandra Bernklau ប្រាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា អង្គការរបស់លោកស្រី នឹងបន្តសហការជាមួយក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារនៅកម្ពុជា ឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការថ្លែងដូចនេះធ្វើឡើងក្នុងជំនួបរវាងលោកស្រី Sandra Bernklau ជាមួយលោក ម៉ម ប៊ុនហេង នាទីស្តីការក្រសួងសុខាភិបាល នាថ្ងៃទី ២០ កញ្ញា បន្ទាប់ពីលោកស្រីទើបត្រូវបានចាត់តាំងជា តំណាង UNFPA ថ្មីប្រចាំកម្ពុជា។
ក្រសួងសុខាភិបាល ឱ្យដឹងថា លោក ម៉ម ប៊ុនហេង ក៏បានសម្ដែងការស្វាគមន៍ចំពោះវត្ដមានរបស់លោកស្រី និងថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិ សម្រាប់ប្រជាជន ដែលបានសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា។ ជាពិសេស កម្មវិធីគាំពារមាតា ទារក និងកុមារ ដែលធ្វើឱ្យជោគជ័យមុនកាលកំណត់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៥ ស្ដីពី បញ្ហាសុខភាពមាតា ទារក និងកុមារ។
លោកស្រី Sandra Bernklau លើកឡើងថា៖ «UNFPA បានឯកភាពជាមួយក្រសួងសុខាភិបាលក្នុងកិច្ចសហការធ្វើឱ្យប្រសើរឡើង នូវកម្មវិធីគាំពារមាតា កុមារ និងទារក ជាពិសេសបានកាត់បន្ថយអត្រាមរណភាពមាតា ៧៥% ពោល គឺបានកាត់បន្ថយអត្រាស្លាប់របស់ មាតា ៤៧២ នាក់ ក្នុងចំណោម ១០០ ០០០ កំណើតរស់ក្នុងឆ្នាំ ២០០៥ មកនៅត្រឹម ១៥៤ នាក់ ក្នុងឆ្នាំ ២០២១ » ។
បើតាមក្រសួងសុខាភិបាល លោកស្រី Sandra Bernklau ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ រវាងក្រសួងសុខាភិបាលជាមួយមូលនិធិអង្គការសហប្រជាជាតិសម្រាប់ ប្រជាជន ដែលជាដៃគូដ៏ល្អក្នុងការចូលរួមឱ្យប្រសើរនូវសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។
ប្រភពដដែលបន្តថា ក្រៅពីនោះ UNFPA គ្រោងរៀបចំផែនការយុទ្ធសាស្ដ្រកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ខ្លួន ដែលនឹងចាប់ផ្ដើមរៀបចំធ្វើថ្មី ហើយបានស្នើសុំការគាំទ្រពីក្រសួងសុខាភិបាលរៀបចំផែនការយុទ្ធសាស្ត្រថ្មីនេះ។
ជាការឆ្លើយតប លោក ម៉ម ប៊ុនហេង ក៏បង្ហាញពីការគាំទ្រ និងសហការជាមួយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមលទ្ធផលបឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ ប្រៀបធៀបនឹងលទ្ធផលអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០១៤ អត្រាមរណភាពមាតា ទារក និងកុមារនៅប្រទេសកម្ពុជា មានការថយចុះច្រើនគួរឱ្យកត់សម្គាល់។
របាយការណ៍សូចនាករស្នូលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ ចេញផ្សាយពីខែមិថុនា ឱ្យដឹងថា សម្រាប់អត្រាមរណភាពមាតា បានថយចុះពី ១៧០ នាក់ មកនៅ ១៥៤ នាក់នៅឆ្នាំ ២០១៤ ក្នុងចំណោមទារកកើតរស់ ១០០ ០០០ នាក់ នៅឆ្នាំ ២០២១-២០២២ ។
របាយការណ៍ថា ការប៉ាន់ស្មានអនុបាទមរណភាពមាតា (MMR) រវាងឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០២១-២០២២ មាន ១៥៤ នាក់ ក្នុងចំណោម ១០០ ០០០ កំណើតរស់ មានន័យថា ០,០០៤ នៃមាតាប្រឈមនឹងការស្លាប់ពេញ ១ ជីវិត ឬអាចនិយាយបានថា ស្ត្រីមាន ៤ នាក់ ក្នុងចំណោមស្ត្រី ១ ០០០ នាក់ ជាមរណភាពមាតា» ។
បើតាមលទ្ធផលបឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ភាគរយស្ត្រីបានទទួលការថែទាំផ្ទៃពោះសម្រាប់កំណើតរស់ ឬកូនស្លាប់កើតថ្មីៗបំផុត ២ ឆ្នាំ មុន អង្កេតបានកើនឡើងពី ៣៩% នៅឆ្នាំ ២០០០ ដល់ ៩៩% ក្នុងឆ្នាំ ២០២១-២០២២ ។ ភាគរយស្ត្រី បានទទួលការថែទាំផ្ទៃពោះ មុនសម្រាលចំនួន ៤ ដង ឬច្រើនដង កើនពី ៩% នៅឆ្នាំ ២០០០ ដល់ ៨៦% ឆ្នាំ ២០២១-២០២២ ៕