ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ UNDP បន្តជួយគាំទ្រកម្ពុជាក្នុងសកម្មភាពមីន ដើម្បីកម្ពុជាសម្រេចបានគោលដៅគ្មានមីននៅត្រឹមឆ្នាំ ២០២៥។
លោកស្នើដូច្នេះក្នុងជំនួបជាមួយលោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) នាថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងឱកាសលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ក្រោយជំនួបនេះថា៖ «កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP»។
លោក ហ៊ុន សែន ថ្លែងអំណរគុណដល់ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់លោកក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។
បើតាមហ្វេសប៊ុកដដែល លោក Achim Steiner ថ្លែងថា នៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍ ហើយលោកពិតជាមានមោទនភាពចំពោះអ្វីដែលមានតាមរយៈភាពដៃគូវាង UNDP ជាមួយនឹងប្រទេសកម្ពុជា។
ហ្វេសប៊ុកលោក ហ៊ុន សែន លើកឡើងថា លោក Achim Steiner បានសម្ដែងការរីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដីលោក Achim Steiner ថា៖ «យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ។ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូជាមួយនឹងកម្ពុជាក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ យើងនឹងធ្វើឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
លោក ហ៊ុន សែន ថ្លែងអំណរគុណដល់លោក Achim Steiner ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។
លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។
ពាក់ព័ន្ធកិច្ចព្រមព្រៀងបៃតងអាស៊ាននេះ បើតាមប្រភពដដែល លោក Achim Steiner បានលើកឡើងថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។
ប្រភពដដែលដកស្រង់សម្ដីលោក Achim Steiner ថា៖ «គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េចឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខ័ណ្ឌរួម។ អង្គការ UNDP មានបទពិសោធ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះគោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា»។
បើតាមហ្វេសប៊ុកដដែល លោក Achim Steiner ថ្លែងថា UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លោកពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយ UNDP នឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត៕