និយ័តករ​ទូរគមនាគមន៍​កម្ពុជា (​ន.ទ.ក​.) បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចុះ​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២២ ដោយ​សម្រេច​ជា​គោលការណ៍​តម្រូវ​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បញ្ឈប់​រាល់​ការផ្តល់​សេវាកម្ម​បន្ថែម​ជូន​អ្នកប្រើប្រាស់​ក្នុង​ទម្រង់​ជា «​គម្រោង​ខ្ចីលុយ​»​។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ចំពោះ​គម្រោង​ខ្ចីលុយ​ដែល​អ្នក​ប្រើប្រាស់​បាន​ភ្ជាប់​រួចហើយ ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់​ត្រូវ​បន្ត​ផ្តល់​សុពលភាព​រហូត​ដល់​អ្នក​ប្រើប្រាស់​អស់​ចំនួន​ទឹក​លុយ​ ដែល​បាន​ខ្ចី ដោយ​កំណត់​យក​ថ្ងៃទី ​១៩ ខែ​តុលា ឆ្នាំ​ ២០២២ ជា​ថ្ងៃ​ចុងក្រោយ​។

ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ​នេះ និយ័តករ​ទូរគមនាគមន៍​កម្ពុជា​ព្រមាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ស្រប​តាម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ចំពោះ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ណា​ ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។

និយ័តករ​ទូរគមនាគមន៍​កម្ពុជា​នឹង​បន្ត​សកម្មភាព តាមដាន​នឹង​ធ្វើការ​ណែនាំ​ទៅ​ដល់​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវ​តែ​អនុវត្ត​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​៕